Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង​ខេត្ត​កំពត​គ្រោង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​រឿង​កាប់​រាន​ដី​ព្រៃ

$
0
0

គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​សម្រេច​តម្កល់​សំណុំ​រឿង​ដែល​ពួក​គាត់​ប្ដឹង​បុគ្គល​មួយ​ចំនួន ដែល​ចូល​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ គណៈកម្មការ​សហគមន៍​បញ្ជាក់​ថា ពួក​គេ​នឹង​ប្ដឹង​ទាស់​រឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជុំវិញ​បទល្មើស​ឧក្រិដ្ឋ​នេះ។

អនុប្រធាន​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង លោក អ៊ូច យន់ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា គណៈកម្មការ​សហគមន៍​កំពុង​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ជុំវិញ​ករណី​កាប់​រាន​ដី​ព្រៃ​សហគមន៍។

គម្រោង​របស់​គណៈកម្មការ​សហគមន៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ខក​ចិត្ត ដែល​តុលាការ​ខេត្ត​កំពត សម្រេច​មិន​ចាត់ការ​លើ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ប្ដឹង​បុគ្គល​មួយ​ចំនួន​ពី​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍ និង​រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន៖ «ចំពោះ​គណៈកម្មការ​សហគមន៍ និង​ប្រជាពលរដ្ឋ និយាយ​រួម​ទៅ​គាត់​អស់​ជំនឿ​ចិត្ត។ ប្រជាពលរដ្ឋ​គាត់​ចូលរួម​ជួយ​ថែរក្សា​ការពារ តែ​ក្រោយ​មក​បែរ​ជា​មាន​អ្នក​កាប់​បំផ្លាញ ហើយ​ដល់​ពេល​អ៊ីចឹង គណៈកម្មការ​គាត់​អត់​អស់​ចិត្ត​ទេ»

លោក អ៊ូច យន់ បញ្ជាក់​ថា បទល្មើស​នេះ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​បុគ្គល​មួយ​ចំនួន​បាន​ចូល​ទៅ​រុក​រាន និង​រំលោភ​យក​ដី​ព្រៃ​សហគមន៍​អស់​ប្រមាណ​ជា ១០​ហិកតារ។ ហើយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ គណៈកម្មការ​សហគមន៍​បាន​ពឹងពាក់​សមាគម​អាដហុក (ADHOC) ឲ្យ​ជួយ​ផ្នែក​ច្បាប់ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​ទាំងនោះ។

ព្រៃ​សហគមន៍​ភ្នំ​ទទឹង កំពត ២០១៦ ១៤៤០
ព្រៃ​សហគមន៍​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។ រូបថត​កាល​ពី​ឆ្នាំ​២០១៦។ Photo ADHOC Photo ADHOC

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត បាន​សម្រេច​តម្កល់​សំណុំ​រឿង​នេះ​ទុក​ឥត​ចាត់ការ និង​បើក​សិទ្ធិ​ឲ្យ​តំណាង​គណៈកម្មការ​សហគមន៍​ប្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍។

សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត​កំពត។ សហគមន៍​នេះ មាន​ផ្ទៃដី ១១៥​ហិកតារ ស្ថិត​ក្នុង​ឃុំ​ស្ទឹងកែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​នេះ​រួម​មាន សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា ព្រៃ​ឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្ទឹងកែវ និង​តំបន់​នៅ​ជុំវិញ​នោះ។

ខណៈ​ដែល​មាន​បទល្មើស​កើត​ឡើង លោក អ៊ូច យន់ ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ផល​ប៉ះពាល់​ទាំងនោះ​រួម​មាន ការ​បាត់បង់​កន្លែង​ឃ្វាល​គោ​ក្របី បាត់បង់​ទី​ទួល​សុវត្ថិភាព និង​ការ​បាត់បង់​ផល និង​អនុផល​ព្រៃ​ឈើ។ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ជូន​សហគមន៍៖ «ចង់​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ហ្នឹង មេត្តា​ជួយ​ទប់ស្កាត់​ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ធ្លាក់​លើ​ដៃ​បុគ្គល​ណា​ម្នាក់ ឬ​ជន​ទុច្ចរិត​ផ្សេងៗ គឺ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទាំងអស់​គ្នា​ទៅ។ នេះ​វា​ជា​ការ​សំណូមពរ​របស់​គណៈកម្មការ និង​ប្រជាពលរដ្ឋ»

ទាក់ទង​រឿង​នេះ អភិបាល​រង​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន ឬ​របាយការណ៍​ណា​មួយ​អំពី​បទល្មើស​ដែល​កំពុង​កើត​មាន​ក្នុង​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ខេត្ត​កំពត ប្រឆាំង​ដាច់ខាត​ចំពោះ​បទល្មើស​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍​ព្រៃ​ឈើ ហើយ​បើ​សិន​ជា​មាន​បណ្ដឹង​ពី​ពលរដ្ឋ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេលវេលា៖ «សហគមន៍​អាច​ធ្វើ​របាយការណ៍​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឬ​មក​អាជ្ញាធរ​ក៏​បាន​ដែរ ហើយ​ក្នុង​ករណី​មាន​របាយការណ៍ យើង​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ការ​ការពារ ហើយ​និង​អនុវត្ត​ទៅ​តាម​សំណូមពរ​របស់​គាត់»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ដែល​បាន​តាមដាន​រឿង​នេះ បញ្ជាក់​ថា ដី​នៅ​ជិត​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង​ចាប់​ផ្ដើម​ឡើង​ថ្លៃ ធ្វើ​ឲ្យ​ឈ្មួញ​មួយ​ចំនួន​ចាប់​ផ្តើម​ចូល​រុក​រាន​ទន្ទ្រាន​យក​កាន់​កាប់​ដី​ទាំងនោះ​ដោយ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា កន្លង​ទៅ​មាន​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចុះ​ពិនិត្យ​ករណី​នេះ​ដែរ តែ​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ចាត់ការ​លើ​ជន​ល្មើស​ឡើយ ធ្វើ​ឲ្យ​ករណី​នេះ​អូស​បន្លាយ​មក​ទល់​នឹង​ពេល​នេះ។ លោក​យល់​ឃើញ​ថា បើ​សិន​ជា​ដី​ប្រមាណ ១០​ហិកតារ​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ នោះ​ដី​ព្រៃ​សហគមន៍​នេះ​នឹង​បាត់បង់​ជា​បន្តបន្ទាប់​ទៀត​ជាក់​ជា​មិន​ខាន៖ «ការណ៍​ដែល​អស់​ជិត ១០​ហិកតារ​នេះ វា​មិន​ជា​ធំ​ដុំ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​សិន​ជា​ខកខាន​នៃ​ការ​ការពារ​ព្រៃ​ចំនួន ១០​ហិកតារ​ហ្នឹង វា​ធ្វើ​ឲ្យ​សហគមន៍​បាក់​ទឹក​ចិត្ត។ អ៊ីចឹង​វា​បាត់បង់​នូវ​ឆន្ទៈ​ក្នុង​ការ​ការពារ។ អ៊ីចឹង​ព្រៃ​ដែល​នៅ​សល់​ទាំង​អម្បាលម៉ាន វា​អាច​រលាយ​ហិនហោច​ទៅ​ថ្ងៃ​ខាង​មុខ បើ​សិន​ជា​មិន​មាន​ចំណាត់ការ​ការពារ​ដី​ជិត ១០​ហិកតារ​នោះ​ទេ»

លោក​បញ្ជាក់​ថា សមាគម​អាដហុក​នឹង​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ដល់​គណៈកម្មការ​សហគមន៍​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌ និង​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់​រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្តិ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ។ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles