Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​សង​បំណុល​សម័យ លន់ នល់ ជា​រឿង​អសីលធម៌"

$
0
0

អ្នក​កាសែត និង​អ្នក​ការទូត​ប្រទេស​លោក​ខាងលិច​ថា ការណ៍​ដែល​អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​ សង​បំណុល​ដែល​បាន​ជំពាក់​តាំង​ពី​សម័យ​របប​លោក លន់ នល់ គឺ​ជា​រឿង​អសីលធម៌។

អ្នក​កាសែត​ជើង​ចាស់​អាមេរិកាំង​សម័យ​សង្គ្រាម​ទសវត្សរ៍​ទី​៧០ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ  (Elizabeth Becker) បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្សេរ៉ា (Al Jazeera) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អន្តរាគមន៍​យោធា​របស់​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រឿងរ៉ាវ​ដ៏​ប្រទាញប្រទង់​បំផុត​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​យុគសម័យ​នោះ។ សហរដ្ឋអាមេរិក បាន​អូស​ទាញ​កម្ពុជា ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ក្រោយ​ពី​មាន​ការ​រំពឹង​ថា ខ្លួន​អាច​យក​ឈ្នះ​តាម​រយៈ​ការ​ពង្រីក​សង្គ្រាម​នេះ។ បញ្ហា​ចាក់​ស្រេះ​ទាំង​ឡាយ​បច្ចុប្បន្ន​នេះ គឺ​ជា​កេរដំណែល​របស់​របប​ខ្មែរ​ក្រហម ដែល​ជា​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​មួយ។

​ដូច​គ្នា​នេះ​ដែរ អតីត​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា លោក តូនី ខេវិន (Tony Kevin) បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​អូស្ត្រាលី អេ.ប៊ី.ស៊ី (ABC) ថា ការ​ដែល​សហរដ្ឋអាមេរិក ប៉ុនប៉ង​ស្នើ​ឲ្យ​កម្ពុជា សង​បំណុល​នេះ គឺ​ជា​ការ​ឆ្គាំឆ្គង​ផ្នែក​នយោបាយ​ការបរទេស។ លោក​ថ្លែង​ថា វា​គឺ​ជា​រឿង​មួយ​ដែល​មិន​សមស្រប​ទាល់​តែ​សោះ​សម្រាប់​ការ​ដែល​សហរដ្ឋអាមេរិក ស្នើ​ឲ្យ​កម្ពុជា សង​បំណុល​ណា​មួយ​ក្នុង​អំឡុង​ពេល​នេះ ហើយ​ថា វា​មិន​មែន​ជា​រឿង​ឆ្លាតវៃ​នោះ​ទេ​សម្រាប់​នយោបាយ​ការបរទេស​អាមេរិក ដោយសារ​តែ​កម្ពុជា កំពុង​តែ​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ខេវិន បញ្ជាក់​ថា សកម្មភាព​របស់​អាមេរិក ក្នុង​ទសវត្សរ៍​ទី​៧០ បាន​បង្ក​នូវ​វិនាសកម្ម​យ៉ាង​ខ្លាំងក្លា​ដល់​កម្ពុជា។ លោក​ថា ការណ៍​នេះ​ត្រូវ​បាន​ដឹង​ឮ​ក្នុង​ចំណោម​មជ្ឈដ្ឋាន​អ្នក​ធ្វើ​គោលនយោបាយ​ការបរទេស​ថា វា​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ឡើង​នូវ​របប​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles