Clik here to view.

ស្ថានីយវិទ្យុអេហ្វ.អឹម (FM) មួយចំនួនក្នុងប្រទេសកម្ពុជា ដែលផ្សព្វផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក វីអូអេ (VOA) និងអាស៊ីសេរី (RFA) និងកម្មវិធីនយោបាយរបស់គណបក្សប្រឆាំង ត្រូវបានក្រសួងព័ត៌មាន បញ្ជាឲ្យផ្អាកការផ្សាយ។ អ្នកឯកទេសផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រឆាំង យល់ថា សកម្មភាពនេះធ្វើឲ្យលំហសេរីភាពសារព័ត៌មានរួមតូច និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨។
បន្ទាប់ពីក្រសួងព័ត៌មាន បានកោះហៅទៅពិភាក្សានៅពេលព្រឹក វិទ្យុស្ត្រី អេហ្វ.អឹម ១០២ (FM 102) សម្រេចឈប់ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំងពីរ ចាប់ពីយប់ថ្ងៃទី២៣ សីហា តទៅ។
នាយិកាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលគ្រប់គ្រងស្ថានីយវិទ្យុ ១០២ អ្នកស្រី ជា ស៊ុនដាណែត ឲ្យដឹងថា ក្រសួងព័ត៌មាន បានចោទស្ថានីយអ្នកស្រីថាបានបំពានកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យប៉ុស្តិ៍ ១០២ ផ្សាយបន្តកម្មវិធីព័ត៌មានពីវិទ្យុបរទេសទាំងពីរកន្លះៗម៉ោង។
វិទ្យុ ១០២ ផ្សាយគ្របដណ្តប់ ៧៥ភាគរយនៃប្រជាជនកម្ពុជា សរុបប្រមាណ ១៥លាននាក់។ ១០២ ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំងពីរចំនួនពីរដងក្នុងមួយថ្ងៃ គឺ វីអូអេ ចំនួន ១ម៉ោងកន្លះ និងអាស៊ីសេរី ចំនួន ២ម៉ោង។
អ្នកស្រី ដាណែត ទទួលស្គាល់ថា ស្ថានីយ អេហ្វេ.អឹម ១០២ ពិតជាបានបំពាននឹងកិច្ចព្រមព្រៀងឆ្នាំ២០០៦ ក៏ប៉ុន្តែអ្នកស្រីឆ្ងល់ថា ហេតុអ្វីក្រសួងទើបចាត់វិធានការនៅពេលនេះ៖ «ផ្សាយរាល់ដងមិនអី។ គេធ្មេចភ្នែកមួយចំហៀង»។
ដោយឡែកស្ថានីយវិទ្យុមហានគរ ៩៣,៥ ដែលផ្សាយបន្តកម្មវិធីវិទ្យុ វីអូអេ និងអាស៊ីសេរី និងកម្មវិធីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានក្រសួងព័ត៌មាន បញ្ឈប់ការផ្សាយទាំងស្រុងនៅថ្ងៃទី២៣ សីហា ដោយផ្សាយកម្មវិធីពីប្រភពខាងក្រៅ មិនសុំការអនុញ្ញាតពីក្រសួង។
អ្នកគ្រប់គ្រងការផ្សាយស្ថានីយនេះ អ្នកនាង យី ឆវ័ន្ត ដែលត្រូវក្រសួងកោះហៅទៅសាកសួរ យល់ថា ហេតុផលនេះមិនសូវសមហេតុផល ដោយលើកឡើងថា ចំណាត់ការនេះត្រូវអនុវត្តដោយមិនយុត្តិធម៌។ នាងបន្តថា ក្រសួងគួរផ្តល់ឱកាសសម្របសម្រួលជាមុន មុននឹងសម្រេចបញ្ឈប់៖ «យើងធ្វើអ្វីតាមក្រសួង។ គួរមានការព្រមាន ហើយទុកឲ្យកែលំអសិន។ ខ្ញុំស្មានតែទៅហៅទៅចរចា! ដល់ចឹងខ្ញុំភ្ញាក់»។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានឲ្យដឹងថា គណបក្សរបស់លោកជួលម៉ោងផ្សាយវិទ្យុមហានគរចំនួន ២ម៉ោងរៀងរាល់ថ្ងៃ។ លោកភ្ញាក់ផ្អើលបន្ទាប់ពីទទួលបានលិខិតពីម្ចាស់ស្ថានីយស្ដីពីការឈប់ផ្សាយ៖ «វាជារឿងនយោបាយ។ ខ្ញុំគ្មានវាចានឹងថ្លែង។ ការបោះឆ្នោត២០១៨ នឹងមិនសេរី និងយុត្តិធម៌ទេ។ វាប៉ះពាល់ដល់ដំណើរការឃោសនាបោះឆ្នោត»។
ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួននៅតាមបណ្តាខេត្តដែល វីអូអេ និងអាស៊ីសេរី ជួលម៉ោងផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួន ឲ្យដឹងថា ពួកគេបានទទួលបទបញ្ជាពីក្រសួងព័ត៌មាន ឲ្យឈប់លក់ម៉ោងផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ ប្រាប់ថា វិទ្យុសំបុកឃ្មុំរបស់លោកនឹងបន្តចាក់ផ្សាយកម្មវិធីព័ត៌មានរបស់សំឡេងវិទ្យុបរទេសទាំងពីរដដែល ដរាបណាមិនទាន់មានបញ្ជាពីក្រសួងព័ត៌មាន៖ «អត់ទាន់ទទួលបានលិខិតពីក្រសួងទេ។ ចង់ជួបសួរក្រសួងឲ្យបានច្បាស់លាស់។ នឹងធ្វើតាមការបញ្ជារបស់ក្រសួង»។
ចំណែកវិទ្យុសារិកា ដែលផ្សាយកម្មវិធីព័ត៌មានវិទ្យុ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏ត្រូវគេផ្អាកការផ្សាយទាំងមូលដែរ។
នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែងថា គេលែងឲ្យផ្សាយ ដោយសារបញ្ហាបច្ចេកទេស និងរដ្ឋបាល តែមិនបានបញ្ជាក់លម្អិត។ លោកយល់ថា យន្តការរបស់ក្រសួងព័ត៌មាន គឺជាចំណាត់ការរបស់រដ្ឋាភិបាលដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងមកដល់នៅឆ្នាំក្រោយ៖ «វាធ្វើឲ្យបាត់ព័ត៌មានឯករាជ្យសម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាអ្នកខាត»។
ចំណាត់ការលើស្ថានីយវិទ្យុក្នុងស្រុកទាំងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ច្រានចោលការរិះគន់នេះ ហើយពន្យល់ថា នេះជាការអនុវត្តច្បាប់។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវចូលស្ទឹងតាមបត់៖ «ស្ថាប័នដែលមិនគោរពច្បាប់ នឹងទទួលលទ្ធផលដូចគ្នា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗបានចោទវិទ្យុ វីអូអេ និងអាស៊ីសេរី ជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណបក្សប្រឆាំង និងប្រឆាំងរដ្ឋាភិបាល។
បើតាមគោលការណ៍បេសកកម្មរបស់ស្ថាប័នទាំងពីរ វីអូអេ និងអាស៊ីសេរី ត្រូវផ្តល់ព័ត៌មានប្រកបដោយស្តង់ដារសារព័ត៌មានវិជ្ជាជីវៈ ដោយត្រឹមត្រូវ យុត្តិធម៌ និងមិនលម្អៀង។
វិទ្យុទាំងពីរផ្សាយខ្លឹមសារវិភាគជ្រាលជ្រៅ បង្ហាញពីនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលមន្ត្រីរដ្ឋាភិបាលមិនសូវពេញចិត្ត។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឲ្យក្រសួងព័ត៌មាន ពិនិត្យមើលពីការចុះបញ្ជិកាដែលទំនងពាក់ព័ន្ធនឹងគេចវេះមិនបង់ពន្ធ។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលអះអាងថាផ្សាយដំណឹងដោយគ្មានការភ័យខ្លាច និងមិនលម្អៀង កំពុងប្រឈមនឹងការបង្ខំឲ្យបិទទ្វារ បើមិនបង់ពន្ធដែលរដ្ឋាភិបាលបញ្ជាក់ថា មានចំនួនជាង ៦លានដុល្លារ ខណៈកាសែតនេះឲ្យដឹងថា ខ្លួនតែងអនុវត្តតាមច្បាប់ពន្ធដារកម្ពុជា យ៉ាងខ្ជាប់ខ្ជួនបំផុត។
របាយការណ៍របស់អង្គការឃ្លាំមើល ហ្វ្រីឌឹម ហៅស៍ (Freedom House) ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៧ បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា ថា «មិនសេរី» ដោយបានជាប់លេខ ១៥២ លើ ១៩៩ប្រទេសទូទាំងពិភពលោក។ អង្គការនេះបានព្រមានថា កម្ពុជា នឹងអាចជួបការធ្វើទុក្ខបុកម្នេញដោយការបង្ក្រាបពីសំណាក់អាជ្ញាធរកាន់តែអាក្រក់ ខណៈការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់៕