Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សារ​បែក​ធ្លាយ​បង្ហាញ​ថា​កូនៗ​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ជាមួយ​កាស៊ីណូ​ណាហ្គា

$
0
0

សារ​បែក​ធ្លាយ​ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ទទួល​ពី​បុគ្គល​អនាមិក​ឈ្មោះ អង្គរ​បុរី ហើយ​ដែល​ត្រូវ​លោក សម រង្ស៊ី ចែកចាយ​បន្ត​ទៅ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ដើម​ខែ​មីនា បង្ហាញ​ថា កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ទើរ​តែ​ទាំងអស់​មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​កាស៊ីណូ​ណាហ្គា​វើល (NAGA WORLD) ដែល​ជា​កន្លែង​លេង​ល្បែង​ធំ​ជាង​គេ​នៅ​កម្ពុជា។

អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន ប្រាកដ​ជា​ធ្លាប់​ឮ​ពី​កាស៊ីណូ​ណាហ្គា ដោយសារ​តែ​កាស៊ីណូ​នេះ​បាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា តាំង​ពី​ដើម​ទសវត្សរ៍​ទី​១៩៩០ មក​ម្ល៉េះ។ ប៉ុន្តែ​អាច​មាន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មិន​ច្រើន​ទេ ដែល​ដឹង​ពី​ទំនាក់ទំនង​រវាង​ថៅកែ​កាស៊ីណូ​ណាហ្គា ជាមួយ​កូន​ចៅ​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា ជាពិសេស​គឺ​ជាមួយ​កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែក​ធ្លាយ​ជាង ១០០​ទំព័រ ក្នុង​នោះ​មាន​ទាំង​សារ​ឆ្លើយឆ្លង​ដែល​មាន​ឈ្មោះ​ភរិយា និង​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ព្រម​ទាំង​លោក សម រង្ស៊ី ផង​នោះ បង្ហាញ​ថា កូន ៤​នាក់​ក្នុង​ចំណោម ៥​នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​កាស៊ីណូ​ណាហ្គា ដែល​នៅ​ក្នុង​សារ​ទាំងនោះ​បង្ហាញ​ថា​មាន​ឈ្មោះ Tan Sri និង​លេខ​ទូរស័ព្ទ ហើយ​ពេល​ខ្លះ​ម្ចាស់​សារ​មួយ​នេះ​ហៅ​ខ្លួន​ឯង​ថា Uncle Chen Uncle Chen Naga Uncle Chenlipkeong Naga Chenlk Naga Chenlipkeong Naga ជាដើម នៅ​ពេល​ដែល​គាត់​ផ្ញើ​សារ​ទៅ​កាន់​កូនៗ​របស់​លោក ហ៊ុន សែន។

កូនៗ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤​នាក់​ដែល​សារ​បែក​ធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ណាហ្គា រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

នៅ​ក្នុង​សារ​ដែល​កាស៊ីណូ​ណាហ្គា​វើល ផ្ញើ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត អ្នក​ផ្ញើ​ដែល​មាន​ឈ្មោះ​ថា Uncle Chenlipkeong Naga ឬ​ពូ Chenlipkeong Naga បាន​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សំឡេង​នៃ​ការ​ប្រគំ​តន្ត្រី​ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ទិវា ៧ មករា ដែល​នៅ​ក្បែរ​កាស៊ីណូ​នោះ មាន​សំឡេង​លាន់​ឮ​ខ្លាំង​រំខាន​ទៅ​ដល់​អតិថិជន​របស់​កាស៊ីណូ​ណាហ្គា​វើល។ អ្នក​ផ្ញើ​ឈ្មោះ ពូ Chenlipkeong Naga បញ្ជាក់​ប្រាប់​លោក ម៉ាណែត ថា ដោយសារ​តែ​ការ​រំខាន​នៃ​សំឡេង​ប្រគំ​តន្ត្រី​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ហើយ​បាន​ចេញ​ពី​កាស៊ីណូ​ណាហ្គា​វើល។

ចំណែក​សារ​ទៅ​កាន់​លោក ហ៊ុន ម៉ានិត ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga ដដែល​បាន​សរសេរ​ពី​ការ​ណាត់​ជួប​ជាមួយ​លោក ហ៊ុន ម៉ានិត ពី​ការ​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ពាក់ព័ន្ធ​ដី​នៅ​តំបន់​កោះ​ពេជ្រ ដី​នៅ​តាម​មាត់​ទន្លេ និង​ពី​ការ​រក​មធ្យោបាយ​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កាសែត​បរទេស​ឈ្មោះ Khmer Times ជាដើម។

រីឯ​សារ​ទៅ​កាន់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ស្ពឺ វិញ ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga បាន​អរគុណ​លោក ហ៊ុន ម៉ានី ដែល​បាន​ជួយ​ក្នុង​រឿង​បកប្រែ និង​ពី​ការ​ណាត់​ជួប​គ្នា។ ក្រៅ​ពី​នេះ ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga Tan Sri ក៏​បាន​ប្រាប់​ឲ្យ​លោក ហ៊ុន ម៉ានី ជម្រាប​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពី​បញ្ហា​មួយ​ដែល​ម្ចាស់​សារ​សរសេរ​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​ថា WEF

ដោយឡែក​ចំពោះ​សារ​ផ្ញើ​ទៅ​កាន់​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ហ៊ុន ម៉ាណា កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នក​ផ្ញើ​ឈ្មោះ Chenlipkeong Naga បាន​សរសេរ​ពី​ការ​ណាត់​ជួប និង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា។

ទោះ​ជា​យ៉ាង​ណា សារ​ដែល​លេច​ធ្លាយ​នេះ គឺ​ឃើញ​មាន​តែ​ម្ខាង ពោល​គឺ​ពី​អ្នក​ដែល​សរសេរ​ទៅ​កាន់​កូនៗ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​ឃើញ​ពួក​គេ​ឆ្លើយតប​វិញ​ទេ។

កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត គឺ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ។ ចំណែក​លោក ហ៊ុន ម៉ានី គឺ​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណៈ​ដែល​អ្នកស្រី ហ៊ុន ម៉ាណា គឺ​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា។

បើ​ទោះ​ជា​កូនៗ​លោក ហ៊ុន សែន មាន​តួនាទី​នៅ​ក្នុង​ជួរ​យោធា ឬ​រដ្ឋាភិបាល​ក្តី កន្លង​ទៅ​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) រក​ឃើញ​ថា កូនៗ​លោក ហ៊ុន សែន សុទ្ធតែ​មាន​មុខ​ជំនួញ​នៅ​ក្នុង​ដៃ និង​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន។ គ្លបល វីនេស ប៉ាន់​ប្រមាណ​ថា ទ្រព្យ​សម្បត្តិ​ដែល​គ្រួសារ​ត្រកូល ហ៊ុន មាន​គឺ​ចន្លោះ​ពី ៥០០​លាន​ដល់ ១​ពាន់​លាន​ដុល្លារ​ឯណោះ។

មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល ៨​ថ្ងៃ​ហើយ​ដែល​អាស៊ីសេរី​បាន​ដាក់​លិខិត​ទៅ​កាន់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ ក្នុង​នោះ​ក៏​រួម​មាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​នោះ​ទេ។

ចំណុច​គួរ​ឲ្យ​សម្គាល់​មួយ​នៅ​ក្នុង​សារ​ទៅ​កាន់​លោក ហ៊ុន ម៉ានិត កូន​ប្រុស​ទី​២ របស់​លោក ហ៊ុន សែន ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga បាន​ប្រាប់​លោក ហ៊ុន ម៉ានិត ថា យក​ល្អ​កុំ​និយាយ​ច្រើន​ពេក​តាម​ទូរស័ព្ទ ហើយ​ថា​មាន​រឿង​អី គឺ​គួរ​តែ​ជួប​ផ្ទាល់។ បើ​សិន​ជា​សារ​នេះ​ជា​ការពិត​មែន​នោះ វា​បង្ហាញ​ឲ្យ​ឃើញ​ថែម​ទៀត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មិន​ត្រឹម​តែ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អ្នក​ឃ្លាំ​មើល​សង្គម បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ទេ ដែល​បារម្ភ​ពី​ការ​លួច​ថត​សំឡេង ឬ​ថត​សារ​ឆ្លងឆ្លើយ សូម្បី​តែ​អ្នក​ជំនួញ​ក៏​កំពុង​បារម្ភ​ពី​បញ្ហា​នេះ​ដែរ។

ករណី​បែក​ធ្លាយ​សំឡេង​សន្ទនា ឬ​សារ​ឆ្លើយឆ្លង​ឯកជន​នេះ កន្លង​ទៅ អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា តែង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់ និង​ស្វែងរក​អ្នក​ដែល​បញ្ចេញ​សារ​ឯកជន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ពុំ​សូវ​ចាប់​អារម្មណ៍​នឹង​បញ្ហា​នេះ​ឡើយ។ អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​លួច​ថត​ការ​សន្ទនា​ឯកជន​របស់​គេ​យក​មក​ផ្សព្វផ្សាយ គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បំពាន​លើ​សិទ្ធិ​ឯកជន ដែល​រដ្ឋ​មាន​តួនាទី​ការពារ និង​ទទួល​ខុស​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles