Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក សុន ឆ័យ ថា​ផ្លូវ​នៅ​កម្ពុជា​ធ្វើ​អស់​លុយ​ច្រើន​តែ​មិន​សូវ​មាន​គុណភាព

$
0
0

លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​កម្ពុជា ប្រាប់​ទៅ​សមាជិក​សភា និង​ព្រឹទ្ធសភា​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​ថា ផ្លូវ​នៅ​ប្រទេស​កម្ពុជា ធ្វើ​អស់​លុយ​ច្រើន ប៉ុន្តែ​មិន​សូវ​មាន​គុណភាព។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ និង​ទាមទារ​ឲ្យ​លោក សុន ឆ័យ បង្ហាញ​ករណី​ពិត ឬ​ឯកសារ​ជា​ភស្តុតាង។

ក្នុង​នាម​ជា​សមាជិក​សភា និង​ជា​អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​យក​វេទិកា​សិក្ខាសាលា​រួម​គ្នា​លើក​ទី​៧ ស្ដីពី​បទពិសោធន៍​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ថវិកា​ជាតិ និង​ការ​គ្រប់គ្រង​វិនិយោគ​សាធារណៈ ដែល​មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​មក​ពី​ប្រទេស​វៀតណាម ឡាវ មីយ៉ាន់ម៉ា អង្គទូត​នានា និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​នោះ លោក​ប្រាប់​អ្នក​ទាំងនោះ​ថា ផ្លូវ​នៅ​ប្រទេស​កម្ពុជា ចំណាយ​លុយ​ច្រើន​សាងសង់ ប៉ុន្តែ​មិន​សូវ​មាន​គុណភាព​នោះ​ទេ។

លោក សុន ឆ័យ ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ក្នុង​សិក្ខាសាលា​នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៣ មីនា ថា លោក​ទទួល​ព័ត៌មាន​បាន​ពី​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ចំនួន​ប្រាប់​លោក​ថា ពួក​គេ​ត្រូវ​ចំណាយ​លុយ​ក្រៅ​ប្រព័ន្ធ​ដើម្បី​សូកប៉ាន់​មន្ត្រី​ពាក់ព័ន្ធ​ពី ៤០% ទៅ ៥០% នៃ​ថ្លៃ​សាងសង់​ផ្លូវ ជា​ថ្នូរ​ដើម្បី​ទទួល​បាន​សិទ្ធិ​សាងសង់​លើ​គម្រោង​ស្ថាបនា​ផ្លូវ ឬ​ស្ពាន​អ្វី​មួយ។

លោក សុន ឆ័យ បន្ត​ថា អ្នក​ពាក់ព័ន្ធ​នឹង​ថវិកា​ក្រៅ​ប្រព័ន្ធ​នេះ ជា​បុគ្គល​មាន​អំណាច អភិបាល​ខេត្ត-រាជធានី និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម។ លោក​ថា គួរ​តែ​មាន​ការ​តាមដាន​ដើម្បី​ឲ្យ​ដឹង​ថា តើ​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពិត​កម្រិត​ណា?«»

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បន្ត​ថា កម្ពុជា បាន​ខ្ចី​លុយ​ពី​ក្រៅ​ប្រទេស​ច្រើន​ណាស់ ដើម្បី​សាងសង់​ផ្លូវ និង​ស្ពាន។ ដូច្នេះ រឿង​នេះ​ត្រូវ​លើក​ឡើង​ឲ្យ​អ្នក​ពាក់ព័ន្ធ​បាន​ដឹង ដើម្បី​ជា​ការ​ប្រមូល​មតិ ចង់​ដឹង​ថា ប្រទេស​ជិត​ខាង​កម្ពុជា មាន​គម្រោង​សាងសង់​ផ្លូវ​បែប​ណា? និង​ប្រទេស​កម្ពុជា មាន​គម្រោង​ធ្វើ​ផ្លូវ​បែប​ណា​ដែរ?«»

យ៉ាង​ណា​ក៏ដោយ​ចុះ ការ​ថ្លែង​ឲ្យ​ដឹង​បែប​នេះ​របស់​លោក សុន ឆ័យ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល ហើយ​ថា​គ្មាន​ភាព​ពិត​ជាក់ស្តែង។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា និយាយ​ថា ការ​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា គឺ​គោរព​តាម​គោលការណ៍ និង​មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ។ លោក​អភិបាល​រង​ក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​លោក សុន ឆ័យ បង្ហាញ​ករណី​ពិត និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «»

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក វ៉ា ស៊ឹម សុរិយា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក សុន ឆ័យ ដែល​ក្នុង​នាម​ជា​សមាជិក​សភា នឹង​ធ្វើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ជំនួយ​អន់​ចិត្ត និង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ដែល​ខិតខំ​សាងសង់​ផ្លូវ​ស្ពាន​ជា​យូរ​មក​ហើយ។ លោក​ឆ្លើយតប​វិញ​ថា ប្រសិន​បើ​គម្រោង​សាងសង់​ផ្លូវ​ស្ពាន​អ្វី​មួយ​ចំណាយ​លុយ​ក្រៅ​ប្រព័ន្ធ​អស់​ជាង ៤០​ភាគរយ​នៃ​ថ្លៃ​សាងសង់​ទៅ​ហើយ​នោះ គឺ​មិន​អាច​សង់​ផ្លូវ​ចាក់​កៅស៊ូ​ឲ្យ​ចេញ​ជា​រូបរាង​បាន​ទេ៖ «»

លោក វ៉ា ស៊ឹម សុរិយា ពន្យល់​ថា ការ​ដែល​ផ្លូវ​មួយ​ចំនួន​សាងសង់​រួច​ហើយ បែរ​មាន​បញ្ហា ព្រោះ​បញ្ហា​អាកាសធាតុ និង​ករណី​រថយន្ត​ដឹក​លើស​ចំណុះ។

យ៉ាង​ណា​ក៏ដោយ​ចុះ កាល​ពី​ពេល​ថ្មី​នេះ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ការដ្ឋាន​សាងសង់​ផ្លូវ ពេល​នោះ​លោក​បាន​ស្តី​បន្ទោស​ទៅ​ក្រុមហ៊ុន​សាងសង់​ថា ធ្វើ​ផ្លូវ​គ្មាន​ស្តង់ដារ និង​គ្មាន​គុណភាព ដោយ​ផ្លូវ​នោះ​ចាក់​កៅស៊ូ​ស្តើងៗ​ពី​លើ​បន្តិច​ប៉ុណ្ណោះ។ ពេល​នោះ លោក​រដ្ឋមន្ត្រី​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ចាក់​កៅស៊ូ​បន្ថែម។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​លើក​ឡើង​ថា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ស្ពាន គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​ថា រឿង​នេះ​ពិបាក​ក្នុង​ការ​ស្វែងរក​ឯកសារ​ជា​ភស្តុតាង​មក​ធ្វើ​អំណះអំណាង​ណាស់។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​ទៅ​កាន់​លោក សុន ឆ័យ ដែល​ហ៊ាន​ថ្លែង​ដូចនេះ​ក្នុង​បទ​បង្ហាញ​ដែល​ជា​លក្ខណៈ​អន្តរជាតិ៖ «»

ពលរដ្ឋ​តែងតែ​ថ្លែង​ផ្លែ​ផ្កា​ថា ផ្លូវ​នៅ​ប្រទេស​កម្ពុជា ធ្វើ​ជាប់​រហូត ដែល​ពួក​គេ​ចង់​សំដៅ​ថា បើ​មាន​ការ​សាងសង់​ផ្លូវ បើ​ធ្វើ​ហើយ​ខាង​មុខ ខូច​ខាង​ក្រោយ ឬ​ធ្វើ​ផ្លូវ​បាន​ល្អ​ហើយ ទើប​កាយ​ដាក់​លូ​វិញ។

លោក សុន ឆ័យ យល់​ថា ដើម្បី​ជៀសវាង​ពី​ការ​ធ្វើ​ផ្លូវ​រដូវ​ប្រាំង​ដល់​រដូវ​វស្សា​ផ្លូវ​នោះ​ខូច ទាមទារ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឲ្យ​មាន​តម្លាភាព បង្ហាញ​តម្លៃ​ធ្វើ​ផ្លូវ​ជា​សាធារណៈ តាមដាន​នៅ​ពេល​កសាង និង​ការ​ទម្លាក់​លុយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles