ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលទៅទស្សនាតាមបណ្ដាកោះមួយចំនួននាខេត្តព្រះសីហនុ បានកោតសរសើរសកម្មភាពរបស់ប្រតិបត្តិករទេសចរ ដែលបានបង្កើតតំបន់ឆ្នេរកម្សាន្តថ្មីមានការទាក់ទាញ សម្រាប់បម្រើដល់វិស័យទេសចរណ៍មានឈ្មោះ «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» មានបរិស្ថានអនាម័យល្អ និងមានសោភ័ណភាពមានលក្ខណៈធម្មជាតិ សម្រាប់ផ្តល់ជម្រើសភ្ញៀវទេសចរសម្រាកលំហែកម្សាន្ត។
អភិបាលខេត្តព្រះសីហនុ គាំទ្រការបង្កើតតំបន់ឆ្នេរកម្សាន្តទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះឲ្យបានកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ពិសេសភ្ញៀវជាតិដែលធ្វើដំណើរទៅកម្សាន្តតាមបណ្ដាកោះមួយចំនួននាខេត្តព្រះសីហនុ មានឆ្នេរឡុងសិត ឆ្នេរកោះរ៉ុងសន្លឹម ឆ្នេរកោះតូច និងឆ្នេរសុខសាន្ត ជាដើម បានបង្ហាញអារម្មណ៍ពេញចិត្តឆ្នេរកម្សាន្តទើបបង្កើតថ្មី គឺ «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» ដែលប្រតិបត្តិករទេសចរខេត្តនេះរួមគ្នាអភិវឌ្ឍ បម្រើដល់វិស័យទេសចរណ៍។ ភ្ញៀវទេសចរទាំងនេះសរសើរថា ឆ្នេរមានអនាម័យល្អ ឆ្នេរធំទូលាយមានខ្សាច់សក្បុស និងសមុទ្រថ្លាឆ្លុះគួរជាទីគយគន់មិនចេះជិនណាយ។
កញ្ញា រង្សី ជាបុគ្គលិកបម្រើការងារនៅធនាគារឯកជនមួយនារាជធានីភ្នំពេញ ដែលបានរួមដំណើរជាមួយក្រុមគ្រួសារទៅកម្សាន្តតាមកោះនានា ហើយបានចូលទៅសម្រាកកម្សាន្តនៅកោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង ដើម្បីអបអរទិវាសិទ្ធិនារី ៨ មីនា បានកោតសរសើរការថែរក្សាបរិស្ថាននៅតាមឆ្នេរកោះឋានសួគ៌ ថាមានអនាម័យល្អ និងមានសោភ័ណភាពស្រស់ត្រកាលសមជាមួយការដាក់ឈ្មោះឆ្នេរនេះ ថាជាកោះឋានសួគ៌។
កញ្ញា រង្សី ផ្តល់សម្ភាសដល់អ្នកយកព័ត៌មានអាស៊ីសេរី ដែលចុះទៅដល់ឆ្នេរកោះឋានសួគ៌ក្នុងសម្ដីមួយៗថា បរិស្ថាននៅជុំវិញឆ្នេរទើបអភិវឌ្ឍថ្មីនេះមានឆ្នេរធំទូលាយ មានខ្សាច់សក្បុស មានទឹកថ្លាឆ្លុះ និងហ៊ុមព័ទ្ធដោយចម្ការដូង ផ្កាភ្ញីចម្រុះពណ៌ ព្រៃកោងកាង និងព្រៃឈើធម្មជាតិមានពណ៌ខៀវស្រងាត់។
ភ្ញៀវទេសចរដែលមានសម្រស់ស្រស់ឆើតឆាយរូបនេះ ហាក់មានការយល់ដឹងខ្ពស់ជុំវិញការងារថែរក្សាបរិស្ថាន និងអនាម័យនៅតាមឆ្នេរ ដោយស្នើឲ្យភ្ញៀវទេសចរទាំងអស់ដែលចូលទៅទស្សនាកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ឲ្យជួយថែរក្សាបរិស្ថានឆ្នេរជាមួយប្រតិបត្តិករទេសចរបង្កើតតំបន់ឆ្នេរកម្សាន្តនេះ ឲ្យមានអនាម័យល្អជារៀងរហូត ដោយត្រូវវេចខ្ចប់កាកសំណល់សល់ពីការទទួលទានឲ្យបានត្រឹមត្រូវ និងទុកដាក់ឲ្យមានរបៀបរៀបរយ៖ «កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុងនេះ គឺមានឆ្នេរខ្សាច់សក្បុស និងមានខ្សាច់ម៉ត់ខៃ ហ៊ុមព័ទ្ធទៅដោយទឹកសមុទ្រពណ៌ខៀវ ឆ្នេរមានអនាម័យ និងមានសន្តិសុខល្អ។ ចំណែកតម្លៃសេវាស្នាក់នៅ និងម្ហូបអាហារក៏មានតម្លៃសមរម្យ អាចទទួលយកបានសម្រាប់ដំណើរកម្សាន្តមកកាន់តំបន់ឆ្នេរមួយនេះ»។
ចំណែកភ្ញៀវទេសចរមួយក្រុមទៀតបម្រើការងារនៅក្រុមហ៊ុនលក់ឱសថឯកជនមួយ មានទីតាំងនៅរាជធានីភ្នំពេញ ដែលបានធ្វើដំណើរកម្សាន្តនៅតាមបណ្ដាកោះមួយចំនួននាខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែមីនា ដើម្បីអបអរទិវាសិទ្ធិនារីនេះ ពួកគេក៏គាំទ្រស្ថាបនិករួមគ្នាបង្កើតឆ្នេរកម្សាន្តថ្មី ថាការពារបរិស្ថានឆ្នេរបានល្អ និងថែរក្សាសោភ័ណភាពឆ្នេរមានអនាម័យ គួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកដល់ឆ្នេរនេះ។
កញ្ញា ស៊ុន សុវណ្ណដា ស្ថិតក្នុងចំណោមមិត្តភ័ក្ដិជាច្រើនទៀត បង្ហាញទឹកមុខរីករាយពេលបានមកឃើញទិដ្ឋភាពបរិស្ថានឆ្នេរកោះឋានសួគ៌ ឆ្នេរមានអនាម័យ និងបរិស្ថានឆ្នេរមានសោភ័ណភាពគួរឲ្យចង់គយគន់ និងបន្តស្នាក់នៅរយៈពេលវែង។
ភ្ញៀវទេសចររូបឆោមស្រស់ឆើតឆាយ និងមានសម្ដីរួសរាយរាក់ទាក់រូបនេះ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យងាកមកចាប់អារម្មណ៍ និងចូលមកទស្សនាឆ្នេរភ្លោះកោះឋានសួគ៌ មានទីតាំងនៅចុងបំផុតកោះរ៉ុងឲ្យច្រើនកុះករ ព្រោះឆ្នេរទើបអភិវឌ្ឍថ្មីនេះ មានបរិស្ថានអនាម័យល្អ និងមានលក្ខណៈធម្មជាតិ។
កញ្ញា សុវណ្ណដា រួមជាមួយអ្នករួមដំណើរ រៀបរាប់ប្រភេទឧបករណ៍ជាជម្រើសកម្សាន្ត ដែលប្រតិបត្តិករ ឬម្ចាស់ឆ្នេរ បានផ្តល់ជូនភ្ញៀវទេសចរមានដូចជា ការចុះងូតទឹកកម្សាន្តតាមឆ្នេរខ្សាច់សក្បុស អុំទូកតូចៗប្រណាំងគ្នាតាមដៃព្រែក និងឆ្នេរសមុទ្រ មានដុះដើមកោងកាងអមដោយព្រៃឈើធម្មជាតិ និងមានផ្ទាំងថ្មធំៗ។ ពួកគេម្នាក់ៗស្នើដល់ភ្ញៀវទេសចរទាំងអស់ ដែលនឹងចូលមកទស្សនាកម្សាន្តកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានឆ្នេរនេះឲ្យបានល្អជាមួយស្ថាបនិកអភិវឌ្ឍន៍ឆ្នេរកម្សាន្តមួយនេះ ឲ្យមានអនាម័យឲ្យបានទាំងអស់គ្នា ដើម្បីរក្សាឆ្នេរសមុទ្រធម្មជាតិមួយនេះឲ្យមានបរិស្ថាន និងសោភ័ណភាពស្រស់បំព្រងរហូតនាថ្ងៃអនាគត៖ «ជាលើកទី១ ហើយដែលខ្ញុំបានធ្វើដំណើរកម្សាន្តមកដល់កោះឋានសួគ៌ ហើយដំណើរកម្សាន្តនេះ ខ្ញុំបានដើរលេងជាច្រើនកោះរួចមកហើយ នៅតាមបណ្ដាកោះនានានៅខេត្តព្រះសីហនុ ដោយឆ្នេរមានសោភ័ណភាពល្អនៅតាមរមណីយដ្ឋានផ្សេងៗ ជាពិសេសនៅតាមតំបន់កោះតែម្តង។ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើដំណើរកម្សាន្តមកដល់កោះឋានសួគ៌ជាលើកទី១ នេះ ខ្ញុំឃើញឆ្នេរខ្សាច់ និងទឹកសមុទ្រនៅកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុងនេះមានសោភ័ណភាព និងមានអនាម័យស្រស់ស្អាតមែនទែន គួរឲ្យចង់គយគន់ និងចូលមកទស្សនា មិនចង់ឃ្លាតឆ្ងាយ»។
ទោះយ៉ាងណា កញ្ញា ស៊ុន សុវណ្ណដា និងភ្ញៀវទេសចរច្រើនទៀតដែលបានសម្រាកមួយយប់នៅតំបន់កម្សាន្តកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង បានស្នើឲ្យប្រតិបត្តិករ ឬម្ចាស់ទីតាំងវិនិយោគតំបន់កម្សាន្តមួយនេះ ត្រូវកំណត់ស្តង់ដារនៃតម្លៃសេវាស្នាក់នៅ និងសេវាម្ហូបអាហារជូនភ្ញៀវទេសចរឲ្យបានសមរម្យ ដោយមិនត្រូវឆ្លៀតដំឡើងថ្លៃតាមទំនើងចិត្តនៅពេលថ្ងៃមានបុណ្យទានធំៗចូលមកដល់នោះទេ ដែលតំបន់កម្សាន្តដទៃទៀតធ្លាប់បានអនុវត្តនាពេលកន្លងទៅនោះទេ។
បញ្ហានេះដែរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ស្នើដល់ប្រតិបត្តិករទេសចរ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវរួមសហការគ្នាអភិវឌ្ឍមណ្ឌលកម្សាន្ត ឬបង្កើតទីតាំងទេសចរណ៍ថ្មីៗឲ្យបានច្រើនទីតាំងថែមទៀតនាមូលដ្ឋាននេះ សម្រាប់ផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវទេសចរនាថ្ងៃអនាគត។ លោក យន្ត មីន រំពឹងថា កំណើនភ្ញៀវទេសចរនឹងកើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ នៅគ្រាខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានទីកន្លែងកម្សាន្ត មានបរិស្ថានអនាម័យ និងឆ្នេរមានសោភ័ណភាពល្អ គួបផ្សំប្រតិបត្តិករបានកំណត់តម្លៃសេវាស្នាក់នៅ និងសេវាម្ហូបអាហារជាដើមមានតម្លៃសមរម្យ។
លោកស្នើដល់ភ្ញៀវទេសចរដែលចូលមកកម្សាន្តតាមឆ្នេរនានានៅខេត្តព្រះសីហនុ មានកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ជាដើម ត្រូវចូលរួមគ្នាថែរក្សាអនាម័យបរិស្ថាននៅតាមឆ្នេរនីមួយៗឲ្យបានទាំងអស់គ្នា ដោយមិនត្រូវបោះចោលកាកសំណល់ ឬសំរាមសល់ពីអាហារទទួលទានរបស់ខ្លួននៅតាមទីសាធារណៈ ឬនៅតាមតំបន់ឆ្នេរគ្មានសណ្ដាប់ធ្នាប់ដូចគ្នាភ្ញៀវទេសចរភាគច្រើនបានប្រព្រឹត្តនាពេលកន្លងមកទៀតទេ៖ «កន្លងមកឆ្នេរសមុទ្រប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់មានឆ្នេរសមុទ្រស្រស់ស្អាតរបស់ពិភពលោករួចហើយ នៅក្នុងចំណោមប្រទេសជាង២០ ដែលមានឆ្នេរសម្រស់ស្អាតដាច់គេនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ២០១៦ នេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ យើងត្រូវបានគេវាយតម្លៃថា ជាឆ្នេរស្រស់ស្អាតដាច់គេ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងចំណោមប្រទេសមានឆ្នេរសមុទ្រស្អាតជាង ២០ប្រទេសនៅលើពិភពលោក គឺជាមោទនភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សាសម្អាតអនាម័យឆ្នេរសមុទ្ររបស់យើងឲ្យបានទាំងអស់គ្នា»។
អ្នកមើលការខុសត្រូវនៅលើកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង លោក ជី ឈុនលាង ផ្តល់សម្ភាសថា សេវាបម្រើទាំងការស្នាក់នៅ និងម្ហូបអាហារ គឺពួកគេបានកំណត់តម្លៃប្រហាក់ប្រហែលគ្នានឹងតម្លៃអាហារទទួលទាននៅលើទីផ្សារលើដីគោកដែរ។ ជាងនេះ រាល់ការជិះទូកកម្សាន្តតាមព្រែក ឬតាមឆ្នេរសមុទ្រ ឧបករណ៍តន្ត្រីចាក់រាំកម្សាន្តនាពេលរាត្រីក្តី គឺពួកគេមិនគិតថ្លៃសេវាពីភ្ញៀវទេសចរទេ។
លោកបន្តថា តម្លៃម្ហូបអាហារដែលភ្ញៀវកុម្ម៉ង់ធ្វើភ្លាមៗនៅឆ្នេរភ្លោះ កោះឋានសួគ៌នេះ គឺមិនលក់កោរភ្ញៀវទេសចរដូចនៅទីតាំងឆ្នេរផ្សេងនោះទេ ទោះថ្ងៃធម្មតា ឬថ្ងៃមានពិធីបុណ្យជាតិធំៗក្តី គឺរក្សាតម្លៃថេរធម្មតា ពិសេសជាងនេះទៀត សម្រាប់ភ្ញៀវទេសចរដែលនាំយកអាហារហូបចុកមកតាមខ្លួន ខាងប្រតិបត្តិករពួកគាត់បានផ្តល់តុអង្គុយ និងផ្តល់ជូនសម្ភារផ្សេងៗទៀតដូចជា ចាន ស្លាបព្រាជាដើម សម្រាប់ការទទួលទាន និងសម្រាកកម្សាន្តនៅតាមឆ្នេរសមុទ្រ ដោយមិនគិតតម្លៃសេវានេះពីភ្ញៀវទេសចរទេ។
លោក ឈុនលាង ឲ្យដឹងថា ជម្រើសកម្សាន្តជាច្រើនប្រភេទសម្រាប់ផ្តល់ជូនភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅតំបន់ឆ្នេរកោះឋានសួគ៌ មានដូចជា ភ្ញៀវអាចចែវទូកកម្សាន្តមើលព្រៃកោងកាងតាមដងព្រែក តាមឆ្នេរ ជិះទូកស្ទូចត្រីកម្សាន្ត និងចាក់ភ្លេងរាំច្រៀងកម្សាន្តនៅពេលរាត្រី ដោយម្ចាស់ទីតាំងនេះមានឧបករណ៍ប្រគំតន្ត្រីសម័យរង់ចាំបម្រើតាមតម្រូវការ ហើយមិនគិតថ្លៃសេវាពីភ្ញៀវទេ៖ «ចំពោះសេវាកម្មនៅលើកោះឋានសួគ៌នេះ គឺខ្ញុំបានយកថ្លៃឈ្នួលជួលបឹងកាឡូ និងតង់សម្រាប់ជួលស្នាក់នៅពេលយប់ និងយកថ្លៃម្ហូបអាហារដែលភ្ញៀវទេសចរបានកុម្ម៉ង់ឲ្យពួកខ្ញុំធ្វើជូន ប៉ុន្តែចំពោះការវេចខ្ចប់ចំណីអាហារមកកម្សាន្តលេងកោះឋានសួគ៌ ឬកន្លែងខ្ញុំនេះ គឺខ្ញុំមិនបានគិតតម្លៃសេវាផ្សេងៗពីភ្ញៀវទេសចរទេ ហើយថែមទាំងខ្ញុំបានរៀបចំឲ្យមានតុអង្គុយ និងសេវាផ្សេងៗជូនភ្ញៀវដោយមិនយកប្រាក់ទេ។ ដូច្នេះសូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថាពួកខ្ញុំជាប្រតិបត្តិករបម្រើសេវាទេសចរណ៍នៅលើកោះឋានសួគ៌នេះ បានគិតតម្លៃពីភ្ញៀវ ដូចនៅតាមបណ្ដាឆ្នេរ ឬកោះផ្សេងៗឲ្យសោះ គឺមិនយកតម្លៃសេវាបម្រើលើសពីកោះផ្សេងៗនោះទេ»។
ប្រធានក្រុមហ៊ុនកប៉ាល់ ឬអូប័រដឹកភ្ញៀវទេសចរ ជី.ធី.វី.ស៊ី (G.T.V.C) និងជាស្ថាបនិកផ្ដួចផ្ដើមអភិវឌ្ឍបង្កើតឲ្យមានតំបន់ឆ្នេរកម្សាន្តថ្មីមានឈ្មោះថា «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» ដែលភ្ញៀវទេសចរកំពុងចាប់អារម្មណ៍នាខេត្តព្រះសីហនុ ផ្តល់សម្ភាសតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងថា នឹងបង្កើតទីកន្លែងលំហែកម្សាន្តឲ្យបានច្រើន ព្រមទាំងបង្កើតឲ្យមានឧបករណ៍ច្រើនប្រភេទទុកសម្រាប់ផ្តល់ជម្រើសកម្សាន្ត ឬជម្រើសសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលនឹងចូលមកទស្សនាឆ្នេរទើបអភិវឌ្ឍថ្មីនេះឲ្យសម្បូរបែបក្នុងរយៈពេលដ៏ខ្លីខាងមុខ។
លោក ទៀ វិចិត្រ ធានាអះអាងថា ក្នុងនាមជាអ្នករួមបង្កើតឆ្នេរកម្សាន្តកោះឋានសួគ៌នេះ នឹងខិតខំថែរក្សាបរិស្ថាននៅតាមឆ្នេរ និងព្រែកនានាឲ្យមានអនាម័យល្អ ព្រមទាំងថែរក្សាបរិស្ថានព្រៃឈើធម្មជាតិ និងដាំដើមកោងកាង លែងត្រីសមុទ្រប្លែកៗចូលទៅក្នុងព្រែក ឬសមុទ្រ ដើម្បីផ្តល់ជូនភ្ញៀវទេសចរដែលនឹងចូលមកទស្សនាតំបន់នេះនាថ្ងៃអនាគត៖ «ចំណុចទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង គឺតំបន់ទេសចរណ៍មួយនេះមានផ្កាថ្មក្នុងបាតសមុទ្រស្រស់ស្អាត មានឆ្នេរខ្សាច់សក្បុស មានអនាម័យ មានព្រែកអមដោយព្រៃកោងកាង ផ្ទាំងថ្មដា និងព្រៃធម្មជាតិជាដើម។ តំបន់រមណីយដ្ឋាននេះ យើងខិតខំរក្សាការពារឲ្យធម្មជាតិដែលមាននៅតំបន់នេះឲ្យបានគង់វង្ស និងបង្កើនសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរដោយយកចិត្តទុកដាក់។ បច្ចុប្បន្ននេះ អ្វីដែលខ្ញុំកំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង គឺកំពុងរៀបចំទីកន្លែងស្នាក់នៅ ឬបឹងកាឡូដែលមានស្តង់ដារ ដែលអាចឲ្យភ្ញៀវទេសចរដែលចូលទៅស្នាក់នៅមានជំនឿទុកចិត្ត ឬមានសុវត្ថិភាពសម្រាប់ភ្ញៀវទូទៅ។ ជាងនេះ នៅឆ្នេរកម្សាន្តធម្មជាតិនេះ គឺយើងព្យាយាមរក្សាការពារឲ្យបានគង់វង្សនូវធម្មជាតិពិតៗ ហើយឲ្យភ្ញៀវបានទៅដល់ និងទស្សនាឲ្យមានអារម្មណ៍សប្បាយរីករាយគ្រប់គ្នា។ រាល់ថ្ងៃនេះ យើងកំពុងរៀបចំឲ្យមានសួនពោងបណ្ដែតនៅលើទឹកសមុទ្រមានទំហំធំ ដែលអាចឲ្យមនុស្សចាស់ និងក្មេងៗអាចចុះងូតទឹកកម្សាន្តដាក់បម្រើឲ្យភ្ញៀវទេសចរនៅលើលំហសមុទ្រនៅចំពីមុខឆ្នេរខ្សាច់កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុងតែម្តង»។
ចំពោះការងារថែរក្សាបរិស្ថានឆ្នេរ លោក ទៀ វិចិត្រ ស្ថាបនិកអភិវឌ្ឍន៍កោះឋានសួគ៌ បានអះអាងថា ក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក បានបង្កើតឲ្យមានក្រុមការងារដើរសម្អាតរើសសំរាម ឬសម្អាតអនាម័យបរិស្ថាននៅតាមឆ្នេរជារៀងរាល់ថ្ងៃ និងពង្រាយកម្លាំងយាមរង់ចាំការពារសុវត្ថិភាពសន្តិសុខជូនភ្ញៀវទេសចរដោយយកចិត្តទុកដាក់។ លោក ទៀ វិចិត្រ បញ្ជាក់ថា ចាប់តាំងពីការបង្កើត ឬអភិវឌ្ឍឆ្នេរកម្សាន្តកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុងកាលពីឆ្នាំ២០១៦ មក គឺឆ្នេរកម្សាន្តមួយនេះមិនដែលកើតមានចោរកម្ម និងបញ្ហាផ្សេងៗនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរមានការភ័យខ្លាចម្តងណាទេ ជាពិសេសមិនអនុញ្ញាតឲ្យមានអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀននៅលើទីតាំងនេះជាដាច់ខាត ដោយពង្រាយកម្លាំងឃ្លាំមើលជាប្រចាំ។
ទោះជាបែបនេះក្តី ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានស្នើដល់វិស័យឯកជន ឬប្រតិបត្តិករទេសចរទាំងអស់នាមូលដ្ឋាននេះ ឲ្យបង្កើនគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យមានគុណភាព កំណត់តម្លៃសេវាឲ្យបានសមរម្យ មិនត្រូវលក់កោរភ្ញៀវ និងបើកធ្វើអាជីវកម្ម ត្រូវសុំការអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវពីស្ថាប័នជំនាញពាក់ព័ន្ធ។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញរបាយការណ៍ឆ្នាំ២០១៦ ឲ្យដឹងថា ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាង ២០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជិត ៤០ម៉ឺននាក់ និងភ្ញៀវជាតិមានចំនួនជាង ១លាន ២សែននាក់។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លាឆ្លុះ ឆ្នេររាក់ ទឹកធ្លាក់ មច្ឆាសមុទ្រ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍៕