បច្ចុប្បន្ន សត្វដំរីនៅប្រទេសកម្ពុជា កំពុងបាត់បង់ស្ទើរតែផុតពូជ នៅស្របពេលដែលព្រៃធម្មជាតិជាច្រើនក៏កំពុងតែវិនាសហិនហោច ព្រមទាំងមានអ្នកប្រមាញ់ខ្លះទៀត នៅតែតាមសម្លាប់ដើម្បីយកភ្លុក និងផ្នែកខ្លះទៀតរបស់ដំរី យកទៅជួញដូរខុសច្បាប់។
ក៏ប៉ុន្តែរយៈពេលបីបួនឆ្នាំចុងក្រោយនេះ អង្គការក្រៅរដ្ឋាភិបាលដែលមានប្រភពមកពីខេត្តឈៀងម៉ៃ នៃប្រទេសថៃ កំពុងប្រឹងប្រែងដាំដុះកូនឈើនៅផ្នែកខ្លះនៃតំបន់ព្រៃស្អាក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាប់ជាជម្រកនៃសត្វដំរីឡើងវិញ។
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ខាំបូឌា វ៉ាលឡាយហ្វ សាំងជូរី (Cambodia Wildlife Sanctuary) កំពុងប្រឹងប្រែងអភិរក្សសត្វដំរីនៅប្រទេសកម្ពុជា ឡើងវិញ ព្រមទាំងមានគម្រោងបង្កាត់ពូជដំរីឲ្យកាន់តែច្រើនឡើង ហើយលែងទៅក្នុងព្រៃធម្មជាតិសម្រាប់អនាគត។
បច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិបាលមួយនេះបានទិញសត្វដំរីញីពីភាគឦសានរបស់ប្រទេសកម្ពុជា មកថែរក្សា ព្រមទាំងអភិរក្សនៅតំបន់ព្រៃស្អាក ឃុំអន្លង់វែង ស្រុកអន្លង់វែង ដើម្បីផ្សាំងវាឲ្យចេះរស់នៅតាមបែបធម្មជាតិ។
ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ គឺលោក ភួង លីណា។ លោកមានប្រសាសន៍កាលពីថ្ងៃទី១១ ខែមីនា ថា សត្វដំរីញីចំនួន ៤ក្បាលដែលគេទើបតែយកមកថែរក្សានៅតំបន់ព្រៃស្អាកនេះ គឺមានបំណងលែងវាឲ្យចេះរស់នៅក្នុងព្រៃធម្មជាតិនៅទីនេះ ព្រមទាំងការពារវាឲ្យមានសុវត្ថិភាពតាមបែបធម្មជាតិផង៖ «ឆ្លងតាមការសិក្សាព្រៃនៅទីនេះ ជាព្រៃដែលដំរីធ្លាប់រស់នៅតាំងពីយូរលង់ណាស់មកហើយ។ យើងមានបំណងអភិរក្សវានៅក្នុងព្រៃតាមបែបធម្មជាតិ។ ទី២ ការអភិរក្សវានៅកន្លែងនេះ ក៏ដើម្បីវិស័យទេសចរណ៍»។
ប្រធានមន្ទីរបរិស្ថានដដែលឲ្យដឹងថា តាមគម្រោង អង្គការក្រៅរដ្ឋាភិបាលនឹងទិញសត្វដំរីពីតំបន់ផ្សេងៗ ដើម្បីយកមកអភិរក្សនៅតំបន់ព្រៃស្អាកឲ្យបានចំនួន ២០ក្បាល។ អង្គការអភិរក្សសត្វដំរី ក៏មានគម្រោងបង្កាត់ពូជសត្វដំរីទាំងនោះឲ្យមានចំនួនកាន់តែច្រើននៅតំបន់ព្រៃស្អាកដែរ ក៏ប៉ុន្តែពេលនេះ គឺមិនទាន់មានសត្វដំរីឈ្មោលយកមកបង្កាត់ពូជនៅឡើយ។
អ្នកគ្រប់គ្រងទូទៅរបស់អង្គការ ខាំបូឌា វ៉ាលឡាយហ្វ សាំងជូរី (Cambodia Wildlife Sanctuary) លោក ឆាន់ឆៃ រ៉ូចាណាផន (ChanChai Rojanaphorn) មានប្រសាសន៍ថា អង្គការរបស់លោកបានទទួលមូលនិធិមកអភិរក្សសត្វដំរីនៅព្រៃស្អាកនេះពីប្រទេសថៃ (Thailand) និងប្រទេសកាណាដា (Canada)។ លោកបញ្ជាក់ថា គម្រោងរបស់លោកកំពុងដើរទិញសត្វដំរីឲ្យបានចំនួន ២០ក្បាល ដើម្បីយកមកអភិរក្ស ព្រមទាំងលែងវាឲ្យរស់នៅតាមព្រៃធម្មជាតិ៖ «យើងបានចំណាយប្រាក់ទិញដំរី ១ក្បាលថ្លៃជាង ១លានបាតប្រាក់ថៃ គឺស្មើនឹងជាង ៣ម៉ឺនដុល្លារអាមេរិក។ អង្គការរបស់ខ្ញុំកំពុងប្រឹងប្រែងថែរក្សា និងការពារសត្វដំរីទាំងនេះឲ្យបានល្អបំផុត ព្រមទាំងបានចំណាយប្រាក់ជាច្រើនទៀតទៅលើចំណីអាហាររបស់វា»។
បច្ចុប្បន្ន អង្គការ ខាំបូឌា វ៉ាលឡាយហ្វ សាំងជូរី (Cambodia Wildlife Sanctuary) មានបុគ្គលិកជនជាតិខ្មែរ និងថៃ ប្រមាណ ៦០នាក់ កំពុងបម្រើការងារអភិរក្សសត្វដំរីនេះ ព្រមទាំងមានទាហាន និងកងល្បាតប្រមាណ ១០នាក់ទៀតសម្រាប់ការពារសត្វព្រៃផង។
ជាមួយគ្នានេះដែរ គម្រោងអភិរក្សសត្វដំរីនៅតំបន់ព្រៃស្អាក ក៏កំពុងស្វែងរកគ្រាប់ពូជឈើដើម្បីបណ្ដុះ និងដាំកូនឈើឡើងវិញនៅលើផ្ទៃដីជាង ៤.៣០០ហិកតារ ព្រមទាំងដាំរុក្ខជាតិជាច្រើនប្រភេទទៀតសម្រាប់ទុកជាចំណីសត្វដំរី ឲ្យវាអាចរស់នៅបានសុខសាន្តក្នុងព្រៃធម្មជាតិដែរ៕