យុវជនជិត ៣០នាក់ដែលដឹកនាំដោយសហគ្រិនយុវជនបៃតង ហៅកាត់ជាភាសាអង់គ្លេសថា ជី.វ៉ាយ.អ៊ី (GYE) បានចំណាយពេល ៣ថ្ងៃ ធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅទឹកដីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។ ក្រុមយុវជនទាំងនោះបានចំណាយពេលពេញ ១ថ្ងៃដើរល្បាត និងពិនិត្យមើលព្រៃសហគមន៍សង្ឃរុក្ខវ័ន្តទំហំជាង ១ម៉ឺន ៦ពាន់ហិកតារ ដើម្បីពិនិត្យមើលធម្មជាតិចម្រុះ ព្រមទាំងទីកន្លែងដែលសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ពួកគេចង់ឃើញស្ត្រីជាច្រើននៅខេត្តឧត្តរមានជ័យ បានចូលរួមក្នុងកិច្ចការពារព្រៃឈើទាំងនេះដែរ។
ស្ត្រីមួយចំនួននៃសហគ្រិនភាពយុវជនបៃតង មកពីទីក្រុងភ្នំពេញ មើលឃើញថា ក្នុងពេលដែលពួកគេរៀបចំធ្វើវេទិកាលើកកម្ពស់ស្ត្រីក្នុងការចូលរួមការពារព្រៃឈើនៅឯព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី៩ ខែមីនា គឺមានយុវជនប្រុសស្រីជាច្រើននៅខេត្តឧត្តរមានជ័យ បានចូលរួមយ៉ាងកុះករ ក៏ប៉ុន្តែក្នុងកិច្ចការពារព្រៃឈើវិញ បែរជាមិនសូវមានស្ត្រីចូលរួមការងារនេះទេ។
ក្រុមយុវជននៃសហគ្រិនភាពបៃតង មានគម្រោងនឹងធ្វើវេទិកា ព្រមទាំងការលើកកម្ពស់ការយល់ដឹងនានាទៅលើស្ត្រីនៅក្នុងខេត្តឧត្តរមានជ័យ ថែមទៀត ដើម្បីឲ្យពួកគេបានចូលរួមការពារព្រៃឈើកាន់តែច្រើនឡើងនៅពេលអនាគត។
ប្រធានសហគ្រិនភាពយុវជនបៃតង គឺព្រះភិក្ខុ ឆួយ ចាន់ធូ។ ព្រះអង្គមានថេរដីកាថា រយៈពេល ២ថ្ងៃដែលព្រះអង្គ និងក្រុមយុវជនជាច្រើនស្នាក់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត គឺមិនសូវឃើញស្ត្រីភាគច្រើនចូលរួមក្នុងកិច្ចការពារព្រៃឈើទេ។ សហគ្រិនភាពយុវជនបៃតង ខំពាំនាំយកស្ត្រីវ័យក្មេងមួយចំនួនដែលជាសកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែង ខេត្តកោះកុង និងពីខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបទបង្ហាញទៅដល់ស្ត្រីនៅខេត្តឧត្តរមានជ័យ ក្នុងគោលបំណងបំផុសស្ត្រីនៅខេត្តឧត្តរមានជ័យ ឲ្យចាប់អារម្មណ៍ចូលរួមកិច្ចការពារព្រៃឈើឲ្យបានច្រើនដូចជាបុរសដែរ៖ «ស្ត្រីមានលក្ខណៈពិសេសមួយ បើកាលណាគាត់ជួបនឹងបុគ្គលដែលជាជនល្មើសលើការបំផ្លាញព្រៃឈើក្តី គឺគាត់មានពាក្យសម្ដីផ្អែមល្ហែម ហើយទន់ភ្លន់ ហើយគាត់និយាយទៅជនល្មើសអាចស្ដាប់បាន»។
បន្ទាប់ពីដើរល្បាតព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ទៅមើលកន្លែងធនធានធម្មជាតិ និងជម្រកសត្វព្រៃជាច្រើនកន្លែងពេញមួយថ្ងៃ យុវជនជាច្រើនយល់ថា កិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ គឺពិតជាត្រូវការស្ត្រីដែលមិនអាចខ្វះបាន។
និស្សិតស្រីម្នាក់មកពីសាកលវិទ្យាល័យភ្នំពេញ កញ្ញា រឿន សុធារី មានប្រសាសន៍ថា មនុស្សជាច្រើនតែងតែយល់ថា ស្ត្រីគឺជាភេទទន់ខ្សោយមិនអាចធ្វើការធ្ងន់ធ្ងរ និងធំដុំបានទេ ប៉ុន្តែនៅពេលដែលរូបនាងស្នាក់នៅក្នុងតំបន់ព្រៃសហគមន៍ចំនួនពីរបីថ្ងៃមកនេះ គឺនាងយល់ថា ស្ត្រីពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកិច្ចការពារព្រៃឈើ។ រឿន សុធារី បញ្ជាក់ថា ថ្វីត្បិតតែស្ត្រីមានកម្លាំងទន់ខ្សោយ ហើយរស់នៅក្រោមគំនាបនៃប្រពៃណីខ្លះៗ ក៏ប៉ុន្តែស្ត្រីជាអ្នកផ្ដល់កម្លាំង និងលើកទឹកចិត្តឲ្យស្វាមីធ្វើការងារការពារព្រៃឈើបាន ប៉ុន្តែប្រសិនបើស្ត្រីមិនចាប់អារម្មណ៍លើកិច្ចការពារព្រៃឈើទេ គឺស្ត្រីក៏មិនអនុញ្ញាតឲ្យប្ដីរបស់គាត់ធ្វើការងារការពារព្រៃឈើបានដែរ៖ «បើយើងមើលទៅ គឺស្ត្រីរួមតួនាទីសំខាន់ ក្នុងការជួយដោះស្រាយ ឬក៏ជំរុញលើកទឹកចិត្តស្វាមីក្នុងការចូលរួមការពារព្រៃឈើហ្នឹងផងដែរ»។
យុវតីម្នាក់ទៀតដែលតំណាងឲ្យយុវជនការពារព្រៃឈើនៅខេត្តកំពង់ឆ្នាំង កញ្ញា ជុប សុភក្ដិ មានប្រសាសន៍ថា រយៈពេលពីរបីថ្ងៃដែលរូបនាងបានចូលរួមទស្សនកិច្ចព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះ គឺនាងបានឃើញយុវជននៅខេត្តឧត្តរមានជ័យ ជាច្រើន ចង់យល់ដឹងអំពីការលើកកម្ពស់ស្ត្រីក្នុងកិច្ចការពារធនធានធម្មជាតិ ហើយយុវជនទាំងនោះមានសេចក្តីក្លាហានផង។ ក៏ប៉ុន្តែគួរឲ្យស្ដាយ ដោយសារតែបច្ចុប្បន្ននៅខេត្តនេះមិនទាន់មានស្ត្រីចូលរួមការពារព្រៃឈើឲ្យបានច្រើននៅឡើយ។
កញ្ញា ជុប សុភក្តិ ចង់លើកទឹកចិត្តស្ត្រីនៅទូទាំងប្រទេស ព្រមទាំងស្ត្រីដែលរស់នៅជុំវិញសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត នៃខេត្តឧត្តរមានជ័យ ត្រូវចាប់អារម្មណ៍ និងចូលរួមការពារព្រៃឈើឲ្យបានកាន់តែច្រើនកាន់តែល្អ៖ «បើកាលណាមានការចូលរួមការពារព្រៃឈើតែបុរសម្ខាង ប្រាកដជាមិនមានជោគជ័យទេ ពីព្រោះស្ត្រីជាកត្តាមួយដែលជំរុញឲ្យបុរស បើទោះបីជាគាត់មិនបានចូលរួមផ្ទាល់ តែគាត់បានចូលរួមដោយប្រយោល ដូចជាបានធ្វើម្ហូប ព្រមទាំងផ្ដល់ឱកាសឲ្យបុរសអាចមានពេលដើរល្បាតការពារព្រៃឈើ ជាដើម»។
ការជំរុញ និងលើកទឹកចិត្តឲ្យស្ត្រីក្នុងខេត្តឧត្តរមានជ័យ ចូលរួមការងារការពារព្រៃឈើឲ្យបានច្រើននេះ បន្ទាប់ពីគេដឹងថា បច្ចុប្បន្ននៅក្នុងសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្តទំហំជាង ១ម៉ឺន ៦ពាន់ហិកតារ ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោង ដែលមានប្រជាពលរដ្ឋរស់នៅជុំវិញរហូតដល់ទៅ ៨ភូមិ គឺមិនសូវមានស្ត្រីចូលរួមក្នុងកិច្ចការពារព្រៃនោះទេ។
ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន្ត ព្រះភិក្ខុ ប៊ុន សាលួត មានថេរដីកាថា បច្ចុប្បន្នក្នុងចំណោមស្ត្រីជាង ២.០០០នាក់ដែលរស់នៅជុំវិញព្រៃសហគមន៍របស់ព្រះអង្គ គឺមានស្ត្រីចំនួនតែ ៩នាក់ទេដែលតែងចូលរួមក្នុងកិច្ចការពារព្រៃឈើ។ ព្រះភិក្ខុ ប៊ុន សាលួត ចង់ឲ្យសហគ្រិនភាពយុវជនបៃតងជួយរិះរកវិធីយ៉ាងណា ដើម្បីបញ្ចុះបញ្ចូលស្ត្រីឲ្យចូលរួមការងារការពារព្រៃឈើជាមួយព្រះអង្គបានកាន់តែច្រើនឡើងៗ៕