អង្គការទស្សនៈពិភពលោក បានចុះផ្សាយថា មានសិស្សសាលាជាច្រើនបានគាំទ្រឲ្យមានចំនួនសៀវភៅបន្ថែម និងឲ្យបានច្រើនប្រភេទក្នុងបណ្ណាល័យ និងគាំទ្រឲ្យមានបរិយាកាសនៃការអានសៀវភៅកាន់តែប្រសើរជាងមុននៅតាមបណ្ណាល័យក្នុងសាលារៀនរបស់ពួកគេ។ អង្គការមួយនេះក៏បានអំពាវនាវដល់រដ្ឋាភិបាល គួរធ្វើសកម្មភាពបន្ថែមទៀតដើម្បីលើកស្ទួយឲ្យមានទម្លាប់អានកាន់តែពេញនិយម ដូចជាការបណ្ដុះបណ្ដាលជំនាញដល់បណ្ណារក្ស ជាដើម។
សេចក្ដីថ្លែងការណ៍សាធារណៈរបស់អង្គការទស្សនៈពិភពលោក (World Vision) ស្ដីពី «ការបង្កើនទម្លាប់អានតាមរយៈការពង្រឹងគុណភាពបណ្ណាល័យ» នៅថ្ងៃទី១២ មីនា បានបង្ហាញថា សិស្សានុសិស្សចំនួន ៤.០៥២នាក់មកពីសាលារៀនចំនួន៤៣ ស្ថិតក្នុងខេត្តចំនួន៩ នៅទូទាំងប្រទេស គឺគាំទ្រឲ្យបន្ថែមចំនួនសៀវភៅដ៏សម្បូរបែបនៅក្នុងបណ្ណាល័យតាមសាលារៀនពួកគេ ហើយត្រូវធានាឲ្យមានបរិយាកាសល្អប្រសើរនៃការអានសៀវភៅនៅក្នុងបណ្ណាល័យ។
ការរកឃើញនេះ បន្ទាប់ពីអង្គការទស្សនៈពិភពលោក កាលពីថ្ងៃទី១១ មីនា ចំថ្ងៃប្រារព្ធទិវាជាតិអំណានលើកទី២ បានរៀបចំឲ្យមានព្រឹត្តិការណ៍ជួបជុំគ្នារវាងសិស្សថ្នាក់ទី១ ដល់សិស្សថ្នាក់ទី៦ ពិភាក្សាជាមួយនាយកសាលា និងគ្រូបង្រៀនរបស់ពួកគេ ស្ដីពីស្ថានភាព និងការប្រើប្រាស់បណ្ណាល័យ។ កម្មវិធីនេះដើម្បីលើកកម្ពស់ការអាន និងផ្សព្វផ្សាយអំពីសារដ៏សំខាន់មួយនៃការអានសម្រាប់អ្នកទាំងអស់គ្នា ដូចជាមនុស្សពេញវ័យអានឲ្យឮទៅកាន់កុមារ ហើយកុមារអានឲ្យឮជាមួយមិត្តភ័ក្ដិរបស់ពួកគេ។
នៅក្នុងកម្មវិធីដដែលនេះ សិស្សានុសិស្សទាំង ៤ពាន់នាក់ដែលបានចូលរួម ក៏បានបោះឆ្នោតជ្រើសរើសស្តង់ដារបណ្ណាល័យចំនួនបីជាអាទិភាព ដើម្បីឲ្យមានការកែលំអឡើងវិញក្នុងចំណោមនិយាម ឬស្តង់ដារបណ្ណាល័យទាំង១០ ដែលក្រសួងអប់រំ បានចេញឲ្យអនុវត្តតាំងពីឆ្នាំ២០១១។ អាទិភាពទី១ គឺសំឡេងឆ្នោត ២៥% គាំទ្របង្កើនចំនួន និងភាពសម្បូរបែបនៃសៀវភៅ និងឯកសារអានសម្រាប់អាន និងការខ្ចី។ ទី២ សំឡេងឆ្នោត ១២% ចង់ឲ្យមានការធានាចំពោះបរិយាកាសបណ្ណាល័យអំណោយផលសម្រាប់ការអាន និងអាទិភាពទី៣ មានសំឡេងឆ្នោត ១០% គាំទ្រការកំណត់សកម្មភាពអានក្នុងបណ្ណាល័យ។
ស្របពេលគ្នានេះ អង្គការទស្សនៈពិភពលោក ក៏រកឃើញថា បណ្ណាល័យជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការបំពេញតាមស្តង់ដាររបស់រដ្ឋាភិបាល ជាពិសេសចំពោះការបំពេញនូវចំនួន និងប្រភេទសៀវភៅសម្រាប់កុមារអាន និងខ្ចី។ មានតែសាលារៀនមួយភាគបួន ដែលមានចំនួនសៀវភៅ និងឯកសារអានស្របតាមស្តង់ដារអប្បបរមា ហើយមានសិស្សតែមួយភាគបី ដែលបាននិយាយថា អាចរកសៀវភៅដែលពួកគេចង់បាននៅក្នុងបណ្ណាល័យ ជាពិសេសមូលហេតុភាគច្រើនបំផុតដែលធ្វើឲ្យសិស្សមិនសូវខ្ចីសៀវភៅទៅអាន គឺដោយសារបារម្ភពីការបាត់សៀវភៅ ឬខូចខាតសៀវភៅទាំងពីសំណាក់សិស្សផង បណ្ណារក្ស និងគ្រូបង្រៀន។
ទោះជាយ៉ាងនេះក្ដី មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ថ្លែងថា បច្ចុប្បន្ន បណ្ណាល័យស្ថិតនៅខាងក្រៅ និងខាងក្នុងសាលារៀននៅទូទាំងប្រទេសមានចំនួនសរុបទាំងអស់ ៤.៦៦០បណ្ណាល័យ ដែលផ្ដោតសំខាន់ទាំងមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ហើយក្នុងចំណោមបណ្ណាល័យទាំងនេះ កម្រិតសម្រាប់មត្តេយ្យសិក្សាមានចំនួនជិត ២ពាន់ និងបណ្ណាល័យសម្រាប់បឋមសិក្សាមានច្រើនជាងគេ រហូតដល់ជាង ២ពាន់បណ្ណាល័យ។ មន្ត្រីនាំពាក្យរូបនេះបន្តថា មូលហេតុដែលបណ្ណាល័យសម្រាប់បឋមសិក្សាមានចំនួនច្រើនជាងគេ ដោយសារចង់ឲ្យសិស្សចេះអានអក្សរចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ៖ «»។
លោក រស់ សាលីន បញ្ជាក់ថា ក្រៅពីធ្វើការកសាង កែលំអសាលារៀនឡើងវិញ ក្រសួងអប់រំ ក៏កំពុងបង្កើនចំនួនបណ្ណាល័យ សៀវភៅ និងបច្ចេកទេសក្នុងការផ្ដល់សេវាក្នុងបណ្ណាល័យ បង្កើនសមត្ថភាពរបស់បណ្ណារក្ស និងគ្រូបង្រៀនជាដើម ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុសិស្សបង្កើនការអាននៅពេលទំនេរ។ លោកបន្ថែមថា ក្នុងមួយថ្ងៃៗមានអ្នកចូលទៅអានសៀវភៅតាមបណ្ណាល័យនានានៅទូទាំងប្រទេសមានប្រហែល ៣លាននាក់ រួមទាំងសិស្សបឋម អនុវិទ្យាល័យ និងវិទ្យាល័យដែរ។
អង្គការទស្សនៈពិភពលោក ទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានធ្វើឲ្យប្រសើរឡើងនូវការទទួលបានការសិក្សា និងគុណភាពអប់រំនៅកម្ពុជា។ ប៉ុន្តែដើម្បីបង្កើនទម្លាប់អាន អង្គការទស្សនៈពិភពលោក អំពាវនាវដល់រដ្ឋាភិបាលគួរបង្កើនប្រភេទ ភាពសម្បូរបែប និងបរិមាណឯកសារអានក្នុងបណ្ណាល័យ ហើយឯកសារអានគួរតែមិនមែនជាសៀវភៅគោល និងសៀវភៅរឿងដែលសៀវភៅប្រភេទនេះកំពុងមានច្រើនក្នុងបណ្ណាល័យ។ គួរមានការសម្របសម្រួលកាន់តែល្អប្រសើរជាមួយរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ដើម្បីធានាថា ការតាមដានសេវាសាលា រួមទាំងសេវាបណ្ណាល័យ ត្រូវបានអនុវត្តយ៉ាងទៀងទាត់តាមរយៈផែនការសកម្មភាពជាក់លាក់ និងផ្ដល់ការគាំទ្រដើម្បីឲ្យសាលាបំពេញតាមស្តង់ដារបណ្ណាល័យបឋមសិក្សានៃក្រសួងអប់រំ និងចុងក្រោយ គួរវិនិយោគទៅលើការបណ្ដុះបណ្ដាលជំនាញរបស់បណ្ណារក្ស ដើម្បីឲ្យពួកគេមានសមត្ថភាពគ្រប់គ្រងធនធានបណ្ណាល័យកាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពសេវាបណ្ណាល័យតាមរយៈការកែលំអបរិយាកាសបណ្ណាល័យ បង្កើនការនិទានរឿងឲ្យបានច្រើនជាងមុន ការលើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅ និងការគាំទ្រកុមារក្នុងការប្រើប្រាស់ធនធានបណ្ណាល័យឲ្យបានកាន់តែប្រសើរសម្រាប់ការសិក្សារៀនសូត្រ៕