Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​ព័ត៌មាន​ស្នើ​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ផ្ដល់​គំនិត​កែប្រែ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី

$
0
0

ក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូល​រួម​ផ្ដល់​គំនិត​ដើម្បី​រុះរើ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី ឲ្យ​ស្រប​ទៅ​តាម​ស្ថានការណ៍​វិស័យ​សារព័ត៌មាន​សព្វថ្ងៃ។ គ្រូ​កាសែត​ដែល​ធ្វើការ​ទាក់ទង​វិស័យ​សារព័ត៌មាន​ស្វាគមន៍​ការ​បើក​ទូលាយ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ។

​ការ​ប្រកាស​ចង់​បាន​ទស្សនៈ​ពី​អ្នក​ពាក់ព័ន្ធ​ផ្នែក​សារព័ត៌មាន​ចូលរួម​ផ្ដល់​គំនិត​ដើម្បី​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន បែប​នេះ ខណៈ​ក្រសួង​ថា ដល់​ពេល​ត្រូវ​កែ​ច្បាប់​របប​សារព័ត៌មាន​ជា​ថ្មី។ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ថ្លែង​អះអាង​ថា ការ​រុះរើ​ច្បាប់​របប​សារព័ត៌មាន​ឲ្យ​ក្លាយ​ជា​ច្បាប់​ថ្មី គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវិវឌ្ឍន៍​នៃ​វិស័យ​សារព័ត៌មាន។

ឲ្យ​ក្រុម​អ្នក​កាសែត​ដឹង​កាល​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​ទៅ​នេះ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង លើក​ឡើង​ថា ក្រសួង​ត្រូវការ​ដៃគូ​នៅ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​មតិយោបល់​នៃ​ដំណើរ​ការ​កែប្រែ​ច្បាប់​នេះ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ មិន​មែន​ជា​ការ​បង្កើត​ការ​គាបសង្កត់​លើ​ស្ថាប័ន​សារព័ត៌មាន​ទេ ប៉ុន្តែ​គឺ​ជា​ការ​ធ្វើ​ច្បាប់​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នៃ​សារព័ត៌មាន៖ «ជា​រួម​យើង​បាន​មូល​មតិ​គ្នា​ថា មាន​ការ​ចាំបាច់​ក្នុង​ការ​កែប្រែ​ច្បាប់​ហ្នឹង (ច្បាប់​របប​សារព័ត៌មាន) ក៏​ដូចជា​រៀបចំ​បែបបទ​នានា ដើម្បី​អនុវត្ត​ទាំង​អស់​គ្នា​ឲ្យ​ស្រប​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

​ទោះជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​រូប​នេះ មិន​ទាន់​ប្រាប់​ពី​តម្រុយ​ថា នឹង​កែប្រែ​មាត្រា​ណា​ខ្លះ ឬ​បន្ថែម​ចំណុច​ណា​ខ្លះ​នៅ​ឡើយ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ច្បាប់​ថ្មី​នៅ​តែ​ធានា​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​ដដែល ដោយ​អ្នក​សារព័ត៌មាន​នៅ​តែ​អាច​លាក់​ប្រភព និង​គ្មាន​ការ​ត្រួត​ពិនិត្យ​មុន​ការ​ផ្សាយ។

​នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ និយាយ​ថា លោក​គាំទ្រ​ចំពោះ​ការ​បើក​ទូលាយ​របស់​ក្រសួង​ព័ត៌មាន​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូលរួម​ផ្ដល់​មតិ​យោបល់​ក្នុង​ការ​កែ​ច្បាប់។ អ្នក​ធ្វើ​ការ​ផ្នែក​សារព័ត៌មាន​រូប​នេះ សង្កេត​ឃើញ​ថា ច្បាប់​របប​សារព័ត៌មាន​សព្វថ្ងៃ​មាន​មាត្រា​ខ្លះ​ផ្ដល់​សេរីភាព​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ ប៉ុន្តែ​មាត្រា​ផ្សេង​ទៀត​មាន​ការ​ចែង​ទូលាយ​ពេក ជា​ឧទាហរណ៍៖ ការ​ហាម​ប្រាម​ការ​សរសេរ​ប៉ះពាល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ការ​ហាម​ឃាត់​នេះ មិន​បាន​និយាយ​ថា ព័ត៌មាន​ប្រភេទ​ណា​ខ្លះ​ប៉ះពាល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ៖ «អ៊ីចឹង​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​ការ​ផ្ដល់​និយម​ន័យ​ជាក់លាក់​ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​តាម និង​ជៀសវាង​នូវ​កំហុស​ឆ្គង»

ច្បាប់​របប​សារព័ត៌មាន​ដែល​បាន​កើត​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥ មក​ដល់​ពេល​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង លើក​ឡើង​ថា មិន​បាន​ក្ដោប​ទូលំទូលាយ​លើ​សារព័ត៌មាន​សព្វថ្ងៃ​នេះ​ទេ ខណៈ​ច្បាប់​នេះ និយាយ​ត្រឹមតែ​ការ​បោះពុម្ព​ផ្សាយ​ព័ត៌មាន​លើ​ក្រដាស ប៉ុន្តែ​បច្ចុប្បន្ន វិស័យ​នេះ​រីកសាយ​ការ​ផ្សាយ​របស់​ខ្លួន​តាម ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាច​ផ្សាយ​ជា​អក្សរ សំឡេង រូបភាព និង​ជា​វីដេអូ ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles