
ធនាគារពិភពលោក លើកឡើងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយ ស្ថានភាពកម្ពុជា ស្ទុះងើបគួរឲ្យកត់សម្គាល់ រាប់ចាប់ពីការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ចនៃធនាគារនេះរកឃើញពីបញ្ហាប្រឈម ដែលកំពុងគំរាមកំហែងដល់សុខភាពសេដ្ឋកិច្ចកម្ពុជា ដូចជាភាពលំបាកធ្វើអាជីវកម្ម គុណភាពអប់រំនៅទន់ខ្សោយ និងភាពរិចរិលនៃធនធានធម្មជាតិ ដែលបញ្ហាទាំងនេះតម្រូវឲ្យមានការចាត់វិធានការទប់ស្កាត់ ដើម្បីរក្សាបាននូវកំណើនរឹងមាំ និងមាននិរន្តរភាព។
ធនាគារពិភពលោក កត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍ បានចូលរួមចំណែកខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមានអត្រាកំណើនជាមធ្យម ៧,៦ភាគរយ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥។
តាមរយៈកំណើននេះ ការងារចំនួនប្រមាណ ៣លាន ៦សែនកន្លែងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ត្រូវបានបង្កើនឡើងក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ហើយវាបានកាត់បន្ថយអត្រាពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រពី ៤៧,៨ភាគរយ នៅឆ្នាំ២០០៧ មក ១៣,៥ភាគរយកាលពីឆ្នាំ២០១៤។
បន្ថែមលើនេះ កម្ពុជា បានសម្រេចគោលដៅមួយចំនួននៃផែនការសកល (គោលដៅអភិវឌ្ឍន៍សហស្សវត្ស) ដូចជាការកាត់បន្ថយភាពក្រីក្រ និងមរណភាពមាតាបានជាងពាក់កណ្តាល ហើយការចូលរៀនថ្នាក់បឋមសិក្សា ក៏សម្រេចបានស្ទើរជិតគោលដៅដែលបានកំណត់ ព្រមទាំងការរីកចម្រើនគួរឲ្យកត់សម្គាល់នៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ជំងឺអេដស៍។
កាលពីឆ្នាំ២០១៥ កម្ពុជា ត្រូវបានដំឡើងពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់នៅឆ្នាំ១៩៩៤ មាន ៣០០ដុល្លារសហរដ្ឋអាមេរិកឡើងដល់ ១,០៧០ដុល្លារនៅឆ្នាំ២០១៥។
របាយការណ៍ទិដ្ឋភាពរួមស្ដីពី «កម្ពុជា៖ ការរក្សាកំណើនរឹងមាំ ដើម្បីប្រយោជន៍ទាំងអស់គ្នា» ដែលធនាគារទើបចេញផ្សាយ លើកឡើងថា ខណៈការរីកចម្រើននេះ កម្ពុជា កំពុងពើបប្រទះនឹងបញ្ហាថ្មីៗដាក់សម្ពាធឲ្យកម្ពុជា រកកត្តាថ្មីៗដើម្បីរក្សាលំនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរឹងមាំ។
លោក មីហ្គែល អេ. សាន់ឆេស (Miguel E. Sanchez) អ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធរបាយការណ៍ផ្សេងទៀត ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ សីហា នារាជធានីភ្នំពេញថា ការដែលកម្ពុជា អភិវឌ្ឍពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប មានន័យថា ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ឬពន្ធគយសម្រាប់ការនាំចេញ និងការទទួលបានប្រាក់ជំនួយពីបរទេស នឹងត្រូវកាត់បន្ថយជាបណ្តើរៗ។
កម្ពុជា ក៏នឹងត្រូវបង្កើនផលិតភាពការងារនៅពេលមានការដំឡើងប្រាក់ខែបុគ្គលិក ដើម្បីឈរប្រកួតប្រជែងនឹងទីផ្សារក្បែរខាង។ ទិន្នន័យរបស់ធនាគារពិភពលោក បានបង្ហាញថា កម្រិតផលិតភាពសម្លៀកបំពាក់របស់កម្ពុជា នៅខ្សោយជាងប្រទេសបង់ក្លាដេស ហ្វីលីពីន ថៃ និងវៀតណាម។
ឧបសគ្គមួយទៀតនោះ គឺការចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨០ ក្នុងចំណោម១៨៥។ ឧទាហរណ៍ អ្នករកស៊ីនៅប្រទេសកម្ពុជា ត្រូវការពេលចំនួន ៤៧ថ្ងៃ តែនៅប្រទេសតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវការរយៈពេលជាមធ្យម ២៥,៩ថ្ងៃ។
ការសិក្សារបស់ប្រជាជនកម្ពុជា ដែលជាមូលធនមនុស្ស (human capital) នៅមានកម្រិតទាបខ្លាំង។ ជាក់ស្តែង នៅកម្ពុជា អត្រាបញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិ ឬថ្នាក់ទី៩ មាន ៤៣ភាគរយ នៅឆ្នាំ២០១៣ ធៀបនឹង ៧១ភាគរយ នៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដទៃទៀត។ ហើយការវាយតម្លៃថ្នាក់ជាតិអំពីសមិទ្ធផលរបស់សិស្ស បានរកឃើញថា សិស្សថ្នាក់ទី៦ ចំនួន ៣៩ភាគរយ មានពិន្ទុទាបចំពោះសមត្ថភាពអានភាសាខ្មែរកម្រិតបឋម។
ការប្រែប្រួលអាកាសធាតុ និងការសឹករិចរិលធម្មជាតិ ក៏បានបង្កហានិភ័យដល់និរន្តរភាពសេដ្ឋកិច្ច។ ការប៉ាន់ស្មាននៅឆ្នាំ២០១៦ របស់អង្គការឃ្លាំមើលអាល្លឺម៉ង់ (German watch) បានរកឃើញថា ការខូចខាតជាមធ្យមពីគ្រោះមហន្តរាយមានតម្លៃចំនួនប្រមាណ ២៣៥លានដុល្លារសហរដ្ឋអាមេរិក។
ធនាគារពិភពលោក អះអាងថា សម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា កំពុងត្រូវបានរិចរិលយ៉ាងឆាប់រហ័ស ដោយសារសកម្មភាពសេដ្ឋកិច្ចដែលគ្មាននិរន្តរភាព។ ដើម្បីជួយឲ្យសេដ្ឋកិច្ចកម្ពុជា បន្តរឹងមាំ និងមាននិរន្តរភាពសម្រាប់ផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា ខណៈការងើបឡើងនៃហានិភ័យទាំងនេះ ធនាគារពិភពលោក បានកំណត់គន្លង និងវិធីសាស្ត្រមួយចំនួន។
សេដ្ឋវិទូយល់ថា ការបង្កើនភាពប្រកួតប្រជែង ដូចជាការកាត់បន្ថយចំណាយនៃការបង្កើត និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន ព្រមទាំងការពង្រឹងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គឺជាគន្លឹះ។ ទីពីរ ការវិនិយោគលើជំនាញតាមរយៈការលើកកម្ពស់ការទទួលស្គាល់យន្តការធានាគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស (TVET) និងការកាត់បន្ថយបញ្ហាខ្វះអាហារូបត្ថម្ភ ក៏នឹងកែប្រែស្ថានការណ៍ឲ្យប្រសើរឡើង។
អនុសាសន៍ចុងក្រោយ គឺការរក្សា និងអភិវឌ្ឍធនធានធម្មជាតិ និងការពង្រឹងភាពធន់នឹងអាកាសធាតុ ដូចជាការគ្រប់គ្រងតំបន់ និងព្រៃការពារប្រកបដោយចីរភាព និងការអនុវត្តរបៀបវារៈរៀបចំផែនការទីក្រុងរឹងមាំ។
ធនាគារពិភពលោក បញ្ជាក់ថា ការអនុវត្តនូវអនុសាសន៍កំណែទម្រង់ និងកែលំអការផ្តល់សេវាវិស័យសាធារណៈ ត្រូវការសមត្ថភាពខ្ពស់៕