Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​រតនគិរី​បដិសេធ​សំណើ​សុំ​បើក​សិក្ខាសាលា​របស់​អាដហុក​រឿង​ដីធ្លី

$
0
0

អាជ្ញាធរ​ខេត្ត​រតនគិរី បដិសេធ​មិន​ឲ្យ​មន្ត្រី​សមាគម​អាដហុក (ADHOC) ធ្វើ​សិក្ខាសាលា​ទាក់ទិន​ករណី​សិក្សា​ពី​ជម្លោះ​ដីធ្លី ៤​ករណី បើ​ទោះ​បី​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​ជា​គោលការណ៍​តាម​លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខេត្ត​តាំង​ពី​ខែ​កក្កដា ម្តង​រួច​ទៅ​ហើយ។ មន្ត្រី​សមាគម​អាដហុក​ចាត់​ទុក​ករណី​នេះ​ថា​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​ពលរដ្ឋ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ៤​ភូមិ​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើក​ឱកាស​ឲ្យ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អាជ្ញាធរ ជួប​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន​របស់​ពលរដ្ឋ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា មិន​ឯកភាព​ឲ្យ​សមាគម​អាដហុក​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី​ធនធាន​ធម្មជាតិ ដែល​គ្រោង​លើក​ករណី​ជម្លោះ​ដីធ្លី​ព្រៃឈើ​របស់​សហគមន៍​ចំនួន​៤ មក​ធ្វើ​ការ​បង្ហាញ និង​ពិភាក្សា​ក្នុង​សិក្ខាសាលា​នោះ។

ប្រធាន​សហគមន៍​ភូមិ​សមុទ្រលើ លោក ទុយ ញ៉េប បញ្ជាក់​ថា សហគមន៍​នេះ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ័ត្ន សុខន តាំង​ពី​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ដី​ត្រៀម​បម្រុង​ដែល​សហគមន៍​ស្នើសុំ​ទុក​ចំនួន ២​ពាន់​ហិកតារ ក៏ប៉ុន្តែ​ទំនាស់​នេះ​អូស​បន្លាយ​រហូត​បច្ចុប្បន្ន បើ​ទោះ​បី​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ច្រើន​លើក​ហើយ​ក្តី។ លោក​ចង់​ឲ្យ​សហគមន៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជួបជុំ​ពិគ្រោះ​យោបល់​ជា​ថ្មី​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ត​ទៀត៖ «សហគមន៍​បាន​ដាក់​ពាក្យ​លិខិត​ដល់​អភិបាល​ខេត្ត ឲ្យ​គាត់​ជួយ​អន្តរាគមន៍ ដល់​សព្វថ្ងៃ​អត់​ទាន់​បាន​ធ្វើ​អ្វី​ផង ធ្វើ​ម៉េច​ឲ្យ​ដោះស្រាយ ទោះ​បី​ដី​ហ្នឹង​អត់​ឲ្យ​សហគមន៍ ក៏​ឲ្យ​គាត់​ប្រាប់​ថា​ដី​ហ្នឹង​ឲ្យ​ក្រុមហ៊ុន ឲ្យ​គាត់​ថា​អ៊ីចឹង​ទៅ»

ក្រៅ​ពី​សហគមន៍​ភូមិ​សមុទ្រលើ សហគមន៍​ភូមិ​ឡែ ឃុំ​លំជ័រ សហគមន៍​ភូមិ​បរឡយ និង​សហគមន៍​ភូមិ​ប៉ាអរ ឃុំ​កិចុង បាន​អះអាង​ដូច​គ្នា​ថា ទំនាស់​ដែល​កើត​មាន​ក្នុង​សហគមន៍​របស់​ពួក​គេ អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​កម្រិត ប៉ុន្តែ​មិន​ទាន់​រួច​រាល់​ទាំងស្រុង​ទេ។ ហេតុ​នេះ អ្នក​ភូមិ​ចង់​ជួប​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​បញ្ហា​របស់​អ្នក​ភូមិ​ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ៖ «ក្រុមហ៊ុន​៧៥ ដែល​ពាក់ព័ន្ធ​ដី​ហុកសិប​ចិតសិប​ហិកតារ អត់​មាន​ស្អី​បន្ត​ទេ ប៉ុន្តែ​បើ​ហ៊ាន សុជាតិ គេ​នៅ​បន្ត​ណា! គេ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ប្រាំង​ហ្នឹង​គេ​យក​តុលាការ​មក​ហើយ»

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន បាន​ធ្វើ​លិខិត​បដិសេធ​មិន​ឯកភាព​ឲ្យ​មន្ត្រី​សមាគម​អាដហុក​ខេត្ត​រតនគិរី ប្រារព្ធ​សិក្ខាសាលា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ក្រោម​ហេតុផល​ថា ករណី​សិក្សា​ទាក់ទិន​ទំនាស់​របស់​សហគមន៍​ទាំង​បួន អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​កម្រិត​ធំ ចំណែក​បញ្ហា​នៅ​សេសសល់ សមត្ថកិច្ច​កំពុង​បន្ត​ដោះស្រាយ។ ម្យ៉ាង​វិញ​ទៀត ការ​លើក​ករណី​ទាំង​៤ មក​ធ្វើ​សិក្ខាសាលា អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ​ឈាន​ទៅ​បង្ក​ហេតុ​ជ្រួលច្របល់​អនាធិបតេយ្យ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា សិក្ខាសាលា​បែប​នេះ អាជ្ញាធរ​នៅ​គ្រប់​ខេត្ត​មិន​បាន​ហាមឃាត់​នោះ​ទេ ជាពិសេស​អាជ្ញាធរ​ខេត្ត​រតនគិរី ក៏​បាន​សហការ​ឲ្យ​សមាគម​អាដហុក​ប្រារព្ធ​សិក្ខាសាលា​ដូច​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា នេះ​ជា​ការ​គេចវេះ​របស់​អាជ្ញាធរ ទាក់ទិន​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ៖ «ពេល​ហ្នឹង​យើង​ទុក​ឱកាស​ឲ្យ​បង​ប្អូន​សហគមន៍​គាត់​ប្រមូល​ផ្តុំ​ទាមទារ​ទៅ​អភិបាល​ខេត្តតែ​ម្តង»

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​ស្តីទី​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន កាល​ពី​ខែ​កក្កដា បាន​ឯកភាព​ជា​គោលការណ៍​តប​លិខិត​ជូន​ដំណឹង​បើក​សិក្ខាសាលា​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី ប៉ុន្តែ​ទាមទារ​ឲ្យ​សមាគម​នេះ​បង្ហាញ​ឯកសារ​ដែល​ត្រូវ​យក​មក​បង្ហាញ និង​ពិភាក្សា​ក្នុង​សិក្ខាសាលា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ទាំង​៤ ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​សិទ្ធិ​សេរីភាព​ទាក់ទិន​ការ​បើក​សិក្ខាសាលា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles