Clik here to view.

គ្រូបង្រៀនមួយចំនួននៃអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រតិកម្មរឿងនាយកសាលាដែលចាយប្រាក់កម្មវិធីអាទិភាពរបស់ក្រសួងអប់រំ ដែលហៅកាត់ថា ភី.ប៊ី (PB) មិនមានតម្លាភាព និងតែងយកលុយពីកូនសិស្សម្នាក់ ១ម៉ឺនរៀល ជាថ្នូរនឹងបានសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ។ នាយកសាលាទទួលស្គាល់ថា លោកពិតជាយកលុយពីកូនសិស្សមែន ប៉ុន្តែលោកច្រានចោលរឿងចោទថា ចាយវាយប្រាក់ ភី.ប៊ី មិនតម្លាភាព។
គ្រូបង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ មួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ ស្នើសុំឲ្យក្រសួងអប់រំ ចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហានាយកសាលាមានការកេងប្រវ័ញ្ចប្រាក់ ភី.ប៊ី តាមរយៈការធ្វើវិក្កយបត្រចំណាយក្លែងបន្លំ។
គ្រូបង្រៀនទាំងនោះបន្តថា ប្រាក់ ភី.ប៊ី សម្រាប់សាលាដែលបើកមកម្ដងៗ ពេលខ្លះបាត់ប្រហែល ១០ម៉ឺនរៀល និងមានត្រីមាសខ្លះ យកមកសងនាយកសាលាសឹងមិនគ្រប់ចំនួនផង ដែលជាហេតុធ្វើឲ្យបុគ្គលិកមិនពេញចិត្ត។
ទន្ទឹមគ្នានេះ លោកនាយកសាលាក៏តែងតែយកលុយពីកូនសិស្សម្នាក់ ១ម៉ឺនរៀលជា ថ្នូរនឹងការដកយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ក្រោមហេតុផលថា ជាថ្លៃសោហ៊ុយទៅដកសញ្ញាប័ត្រនៅខេត្តកណ្ដាល។ ប្រការនេះក៏បានបណ្ដាលឲ្យអាណាព្យាបាលសិស្សមិនពេញចិត្ត និងស្នើឲ្យបញ្ឈប់ទង្វើនេះជាបន្ទាន់។
ឆ្លើយតបការចោទប្រកាន់នេះ នាយកអនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ លោក សាត សាវឿន ច្រានចោលការចោទប្រកាន់ដែលថា លោកកិបកេងប្រាក់ ភី.ប៊ី។ លោកបកស្រាយថា មុននឹងចំណាយប្រាក់ ភី.ប៊ី នោះ គឺលោកត្រូវធ្វើលិខិតស្នើសុំត្រឹមត្រូវពីបេឡាដែលជាអ្នកគ្រប់គ្រងលុយ ហើយការចំណាយម្ដងៗ តែងតែប្រជុំគ្នាជាមុនជាមួយគ្រូទាំងអស់។ លោកថា រឿងដកប្រាក់ ភី.ប៊ី សងលោកវិញនោះ ព្រោះលោកបានដកប្រាក់ផ្ទាល់ខ្លួនទិញសម្ភារៈសិក្សា និងតម្រូវការផ្សេងៗ សម្រាប់សាលាដោយសារប្រាក់ ភី.ប៊ី បើកយឺតយ៉ាវ៖ «រឿងប្រាក់ ភី.ប៊ី យើងប្រជុំធម្មតាអត់មានរឿងមិនតម្លាភាពទេ គឺប្រជុំចំណាយទៅលើអី ដឹងទាំងអស់គ្នា។ ចំពោះសញ្ញាប័ត្រក៏ខ្ញុំទទួលយកមែន ដោយសារទី១ ខាងមន្ទីរគាត់សុំ ៥ពាន់រៀលដែរ ហើយ ៥ពាន់ទៀត គ្រាន់តែថា ធ្វើសោហ៊ុយឡើងចុះ ហើយនឹងចំណាយលើឯកសារផ្សេងៗនៅកន្លែងហ្នឹង»។
អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ នេះ គឺស្ថិតក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ក្នុងគោលការណ៍ក្រសួងអប់រំ គឺមិនអនុញ្ញាតឲ្យនាយកសាលាយកលុយពីសិស្សឡើយ ព្រោះថា ប្រាក់ ភី.ប៊ី មានខ្ទង់ចំណាយសម្រាប់តម្រូវការរបស់សាលារួចទៅហើយ។ លោកស្រីមើលឃើញថា ការយកលុយពីសិស្សនេះ គឺកើតមានស្ទើរគ្រប់សាលារបស់រដ្ឋទាំងអស់ ដោយសារពួកគេលើកហេតុផលថា កញ្ចប់ប្រាក់ ភី.ប៊ី ចាយមិនគ្រប់គ្រាន់៖ «រឿងនេះដែលសមាគមតែងតែរិះគន់ ប៉ុន្តែក្រសួងអប់រំ មិនដែលយកចិត្តទុកដាក់ក្នុងការដែលកំណែទម្រង់ ឬក៏សម្រួលបញ្ហាដែលកំពុងតែជួបប្រទះសព្វថ្ងៃទេ ហាក់បីដូចជាក្រសួង អោយដៃទៅតាមនាយកសាលាដែរ»។
មន្ត្រីសង្គមស៊ីវិលអះអាងថា បច្ចុប្បន្ននៅតាមសាលាជាច្រើន គឺមានការចាយប្រាក់ ភី.ប៊ី របស់រដ្ឋមិនត្រឹមត្រូវ និងអ្នកគ្រប់គ្រងសាលាខ្លះ ពិតជាកេងប្រវ័ញ្ចប្រាក់នោះមែន ហើយជាហូរហែគឺក្រសួងអប់រំ តែងចុះធ្វើអធិការកិច្ច ប៉ុន្តែកន្លែងខ្លះក៏មានដំណោះស្រាយ ចំណែកកន្លែងខ្លះទៀតមិនមានដំណោះស្រាយទេ។ ទោះយ៉ាងណា ពួកគេស្នើឲ្យក្រសួងតាមដាន និងដោះស្រាយរឿងនេះ ឲ្យមានប្រសិទ្ធភាព ព្រោះវាអាចបង្កឲ្យប៉ះពាល់គុណភាពនៃការអប់រំដល់សិស្សានុសិស្ស និងស្មារតីបង្រៀនរបស់លោកគ្រូ អ្នកគ្រូទៀតផង៕