នៅទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ថ្ងៃទី១២ មីនា អ្នកជំនាញ និងអ្នកស្រាវជ្រាវលើកឡើងពីសារសំខាន់នៃទន្លេ និងពិភាក្សាគ្នាពីអនាគតនៃទន្លេ។ អនាគតទន្លេដែលពួកគេព្រួយបារម្ភពីការសាងសង់ទំនប់វារីអគ្គិសនី ប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងបរិស្ថាន។ នៅក្នុងកិច្ចពិភាក្សា ពួកគេស្នើរដ្ឋាភិបាលសិក្សាឲ្យលម្អិតពីផលប៉ះពាល់ ហើយគួរយកអនុសាសន៍មកពិចារណា។ ចំណែករដ្ឋាភិបាលលើកឡើងថា បានគិតគូរពីបញ្ហាទាំងនេះរាល់ពេលធ្វើសេចក្តីសម្រេចលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីម្តងៗ។
រដ្ឋាភិបាលកាលពីឆ្នាំ២០០៣ បានកំណត់ទីតាំងដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍថាមពលវារីអគ្គិសនីចំនួន ៦០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលបានប៉ាន់ស្មានពីសក្ដានុពលផលិតថាមពលប្រមាណ ១០.០០០មេហ្គាវ៉ាត់ ដែលរំពឹងថានឹងជួយផ្គត់ផ្គង់កំណើនតម្រូវការថាមពលដែលកំពុងកើនឡើង និងកាត់បន្ថយតម្លៃអគ្គិសនីនៅកម្ពុជា ថ្លៃលើសគេក្នុងតំបន់អាស៊ាន។
ទីតាំងទាំងនោះភាគច្រើនលើសលប់ (៩០ភាគរយ) ស្ថិតនៅតាមដងទន្លេមេគង្គ និងដៃទន្លេមេគង្គ។ មកដល់សព្វថ្ងៃ ទំនប់វារីអគ្គិសនីចំនួន៦ ត្រូវបានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ។ ដោយឡែកវារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង តម្លៃជិត ១កោដិដុល្លារសហរដ្ឋអាមេរិក ត្រូវបានគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។ ទំនប់នេះដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាស។
ខណៈរដ្ឋាភិបាលអះអាងថា បានដោះស្រាយជិតរួចរាល់ក្នុងការផ្ដល់សំណងជូនប្រជាជនដែលមានប្រមាណ ១.០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរក៏ដោយ ក៏ប៉ុន្តែពលរដ្ឋមូលដ្ឋានដែលត្រូវបានជម្លៀសចេញពីភូមិដ្ឋានចាស់ ដែលមានព្រៃឈើ និងទន្លេ ត្អូញត្អែរថា ការរស់នៅលើទីតាំងថ្មី ពួកគាត់គ្មានមុខរបរចិញ្ចឹមជីវិត និងគ្មានប្រាក់ទិញស្បៀងអាហារប្រចាំថ្ងៃ។
ទោះបីជាយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកាលពីឆ្នាំ២០១៦ បានអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ (Royal Group) របស់លោក គិត ម៉េង អ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំការសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម មុននឹងសម្រេចសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួនបីទៀត ដូចទំនប់ស្ទឹងត្រែង ទំនប់សេកុងក្រោម និងទំនប់សំបូរ។
មន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីដើមខែកុម្ភៈ ក្នុងវេទិកាសាធារណៈបានអះអាងថា រាល់គម្រោងវិនិយោគលើវិស័យថាមពលទាំងអស់នៅប្រទេសកម្ពុជា សុទ្ធតែត្រូវឆ្លងកាត់ការសិក្សាវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គម ហើយថាបើលទ្ធផលរកឃើញថាមានផលប៉ះពាល់ នោះនឹងមិនអនុញ្ញាតឲ្យសាងសង់ទំនប់ជាដាច់ខាត។
យ៉ាងនេះក្តី លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ថ្លែងក្នុងការជជែកពិភាក្សានៅថ្ងៃទី១២ មីនា ថា អ្នកធ្វើសេចក្តីសម្រេចចិត្តលើការអនុញ្ញាតគម្រោងសាងសង់ទំនប់វារីអគ្គិសនី គួរស្តាប់ និងយកគំនិតអនុសាសន៍របស់អ្នកជំនាញទៅពិចារណា ហើយបើកឲ្យមានការចូលរួមសម្រេចចិត្តទាំងអស់គ្នា ការពិគ្រោះយោបល់សាធារណៈ ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ទន្លេ។
ស្រដៀងគ្នានេះ អ្នកស្រាវជ្រាវឯករាជ្យ លោក ហែម ឧត្តម ដែលចូលរួមវេទិកានេះដែរបញ្ជាក់ថា ការប្រើប្រាស់ភាសានយោបាយ ភាសាដែលគ្មានលក្ខណៈបច្ចេកទេសដើម្បីសម្រេចអនុញ្ញាតឲ្យសាងសង់ទំនប់វារីអគ្គិសនី ជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ និងបរិស្ថាន។ លោកបន្ថែមថា ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមនៃការសាងសង់ទំនប់ ពេលខ្លះមិនត្រូវបានគេធ្វើចប់សព្វគ្រប់ឡើយ រហូតក្រោយពេលគម្រោងបានចាប់ផ្ដើមហើយ។
អ្នកទាំងពីរស្នើឡើងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីត្រូវតែមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឲ្យបានត្រឹមត្រូវ ហើយត្រូវតែមានវិធានការទប់ស្កាត់ផលប៉ះពាល់សមស្របជាស្រេច ដើម្បីកាត់បន្ថយនូវរាល់ជម្លោះនានា។
របាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers) បង្ហាញថា ទន្លេមេគង្គដើរតួនាទីសំខាន់សម្រាប់មនុស្សរាប់សិបលាននាក់ដែលរស់នៅតាមដងទន្លេ ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផង។ ទន្លេផ្តល់ត្រី ផ្ដល់ទឹកសាប ផ្តល់ដីជីល្បាប់ និងផ្តល់ផ្លូវ។ ទន្លេបានបង្កើតវប្បធម៌ និងវដ្ដជីវិតរបស់អ្នកទន្លេ។ ប្រភពប្រូតេអ៊ីនរបស់ប្រជាជនរស់នៅតាមដងទន្លេចំនួន ៨០ភាគរយ បានមកពីសាច់ត្រីក្នុងទន្លេមេគង្គ។ អង្គការទន្លេអន្តរជាតិអះអាងថា ទំនប់វារីអគ្គិសនីជាសញ្ញានៃការស្លាប់នៃត្រីទឹកសាប និងមនុស្សដែលរស់នៅពឹងផ្អែកលើទន្លេ៕