ពលរដ្ឋរស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កំពុងប្រឈមបញ្ហាខ្វះមណ្ឌលសុខភាពនៅមូលដ្ឋានពួកគេរស់នៅ ដោយសារតែឃុំពុំមានមណ្ឌលសុខភាពសម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ នៅគ្រាដែលអ្នកភូមិមានបញ្ហាសុខភាពជាយថាហេតុ។ អ្នកភូមិថា ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់មួយចំនួនមានបញ្ហាសុខភាព បានស្លាប់ដោយសារតែបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ ហើយពលរដ្ឋក្រីក្រជាអ្នកប្រឈមខ្លាំងបញ្ហាសុខភាព។
ពលរដ្ឋរស់នៅឃុំកាំងចាម នៅថ្ងៃទី១២ មីនា អំពាវនាវឲ្យរាជរដ្ឋាភិបាលពន្លឿនផ្តល់សេវាសុខាភិបាល ឬមណ្ឌលសុខភាពនៅមូលដ្ឋានជូនពួកគាត់ក្នុងឃុំកាំងចាម ដែលជាតំបន់ដាច់ស្រយាល។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ លោក ឆេន ឆាយ ឲ្យដឹងនៅថ្ងៃទី១២ មីនា ថា ពលរដ្ឋមានជីវភាពខ្វះខាត លំបាកទៅរកសេវាព្យាបាលនៅខែត្រ ឬគ្លីនិកឯកជន នៅគ្រាដែលពួកគេមានបញ្ហាសុខភាព ត្រូវបង្ខំចិត្តព្យាបាលជំងឺដោយខ្លួនឯងប្រើថ្នាំបុរាណនៅផ្ទះ ហើយខ្លះត្រូវដេកស្លាប់នៅផ្ទះក៏មាន។ លោករំឭកថា កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ស្ត្រីមានផ្ទៃពោះ ៥នាក់បានស្លាប់តាមផ្លូវ ដោយបញ្ជូនទៅមន្ទីរពេទ្យខែត្រមិនទាន់ ដោយសារមន្ទីរពេទ្យនៅឆ្ងាយ ពិសេសផ្លូវពិបាកធ្វើដំណើរនៅរដូវវស្សា៖ «ដោះស្រាយយកមណ្ឌលសុខភាពមួយ អ្នកនៅពីរភូមិនេះដែលឆ្ងាយ ដូចជាភូមិកាំងក្ងោក កំពង់ប៉ាង និងទន្សោង គ្នាមកមានអីណា? ទម្រាំយកដល់មន្ទីរពេទ្យស្លាប់បាត់! ហើយចាស់ជរាអីគ្នារកទីពឹងណាបាន មានកាណូត និងកប៉ាល់អីណា ថ្លៃ ២០ម៉ឺនមានលុយអីណា គ្នាយកតែបាយស៊ីមិនបានផង ហើយរាជរដ្ឋាភិបាលអត់មានជួយគិតគូរ ខ្ញុំព្រួយបារម្ភ»។
ឃុំកាំងចាម ឋិតនៅទិសខាងលិចនៃទីរួមខែត្រស្ទឹងត្រែង ឆ្ងាយពីទីរួមខែត្រជាង ៣០គីឡូម៉ែត្រ។ ឃុំនេះមាន ៥ភូមិ រួមមានភូមិកាំងចាម កាំងក្ងោក កំពង់ប៉ាង និងភូមិកែស។ ភូមិទាំងនោះមានពលរដ្ឋរស់នៅចំនួន ៩៨៣គ្រួសារ ស្មើនឹងពលរដ្ឋចំនួនជាង ៤.៣០០នាក់។
មេឃុំកាំងចាម លោក គឹម សុខា បានផ្តាច់ទូរស័ព្ទនៅពេលអាស៊ីសេរី សួរអំពីបញ្ហានេះនៅថ្ងៃទី១២ មីនា។
ចំណែកប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា ថ្នាក់ដឹកនាំខែត្រស្ទឹងត្រែង មានទិសដៅជំរុញឲ្យមានមណ្ឌលសុខភាពគ្រប់ឃុំទាំងអស់ ប៉ុន្តែកញ្ចប់ថវិកាជាតិមានកម្រិត មិនអាចសាងសង់មណ្ឌលសុខភាពគ្រប់ឃុំបានភ្លាមៗទេ។ លោកថា អាជ្ញាធរស្រុកនឹងពិភាក្សាជាមួយប្រធានមន្ទីរសុខាភិបាលខែត្រស្ទឹងត្រែង ថាតើអាចកសាងមណ្ឌលសុខភាពនៅឃុំកាំងចាម បានឬយ៉ាងណា? ខណៈអាជ្ញាធរស្រុកទទួលដំណឹងថា មានតម្រុយកសាងមណ្ឌលសុខភាពនៅឃុំអន្លង់ភេ៖ «កញ្ចប់ថវិកាធ្លាក់មានកម្រិតមិនអាចធ្លាក់ភ្លាម ទាន់ពីរបីឃុំភ្លាមទេ។ អ៊ីចឹងទាមទារឲ្យឃុំទាំងអស់រកដីទុកឲ្យហើយសម្រាប់សាងសង់ប៉ុស្តិ៍មណ្ឌលសុខភាពហ្នឹង»។
មន្ត្រីនៃមន្ទីរសុខាភិបាលខែត្រម្នាក់សុំមិនប្រាប់ឈ្មោះ បានបង្ហើបថា ការបង្កើតមណ្ឌលសុខាភិបាលមួយបាន អាស្រ័យចំនួនប្រជាជននៅឃុំនោះចាប់ពី ៨ពាន់នាក់ទៅជាង ១ម៉ឺននាក់ឡើងទៅ។ ក្រៅពីនេះ មណ្ឌលសុខភាពមួយត្រូវមានគ្រូពេទ្យជំនាញ និងទីតាំងសមរម្យ ទើបអាចដំណើរការបាន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ក្រសួងសុខាភិបាល មានទំនួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ និងអាយុជីវិតពលរដ្ឋ ក៏ប៉ុន្តែបើការផ្តល់មណ្ឌលសុខភាពមានលក្ខណៈយឺតយ៉ាវ នឹងបង្កប៉ះពាល់ការផ្តល់សេវាសាធារណៈដល់ពលរដ្ឋ ជាពិសេសពលរដ្ឋមានជីវភាពទីទាល់ក្រ។ លោកទទូចឲ្យក្រសួងសុខាភិបាល ចុះពិនិត្យផ្ដល់មណ្ឌលសុខភាពជូនពលរដ្ឋឃុំកាំងចាម និងឃុំជិតខាង ព្រោះសេវាថែទាំសុខភាពសាធារណៈនៅឃុំទាំងនោះយ៉ាប់យ៉ឺនខ្លាំង ហើយកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះមួយចំនួន ក៏មានសេចក្តីរាយការណ៍ថា បានស្លាប់ដោយសារបញ្ជូនទៅព្យាបាលមិនទាន់៖ «តំបន់ដាច់ស្រយាលមួយចំនួន ខែនេះមិនសូវអីទេ ប៉ុន្តែដល់ខែវស្សា គ្រាន់តែម៉ូតូជិះ ក៏ជិះមិនកើតផង ចុះទម្រាំដឹកអ្នកជំងឺ ទម្រាំមកដល់ខែត្រ»។
មណ្ឌលសុខភាពមានតួនាទីផ្ដល់សេវាសុខភាព ដូចជាពិនិត្យ និងពិគ្រោះជំងឺ ជំងឺសួត និងព្យាបាលរលាកបំពង់ក ពិនិត្យព្យាបាលរោគរបេង ពិនិត្យ និងព្យាបាលជំងឺគ្រុនចាញ់កម្រិតស្រាល។ សេវាថែទាំសុខភាពមាតា និងទារកមុនសម្រាល ពេលសម្រាល ក្រោយសម្រាល វះកាត់តូចដូចជា បូស និងដេររបួស លាងរបួស ជាដើម។ នៅស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន១១ ហើយមានមណ្ឌលសុខភាពចំនួន៣៕