
អង្គការសង្គមស៊ីវិលជិត ៧០ នៅថ្ងៃទី១៤ សីហា ចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន សង្គមស៊ីវិលសម្ដែងការខកចិត្តចំពោះការបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី។ ពួកគេស្នើឲ្យអាជ្ញាធរបដិសេធសេចក្តីសម្រេចផ្ដន្ទាទោស ព្រមទាំងទម្លាក់ចោលរាល់បទចោទដែលមានចរិតនយោបាយ និងពុំមានភស្តុតាងជាក់លាក់ណាមួយលើអ្នកស្រី ទេព វន្នី។
សង្គមស៊ីវិលអះអាងថា អ្នកការពារសិទ្ធិមនុស្ស ជារឿយៗប្រឈមទៅនឹងការយាយីតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការនៅកម្ពុជា។ ក្នុងចំណោមនោះ វិធីសាស្ត្រដែលច្រើនប្រើជាទូទៅមួយ គឺអនុវត្តការព្យួរទោស និងការសើរើពីបទចោទដែលឥតចាត់ការយូរមកហើយតាមអំពើចិត្ត ដែលត្រូវបានប្រើប្រាស់ដើម្បីបំភិតបំភ័យដល់អ្នកការពារសិទ្ធិមនុស្ស និងរារាំងពួកគេកុំឲ្យអនុវត្តសកម្មភាពផ្សេងៗនាពេលអនាគត។
សង្គមស៊ីវិលសង្កត់ធ្ងន់ថា ការឃុំខ្លួនអ្នកស្រី ទេព វន្នី គឺហាក់ដូចជាសកម្មភាពជាបន្តបន្ទាប់នៃការយាយីក្នុងគោលបំណងបំបិទសំឡេងអ្នកស្រី។ វិធានការនេះរួមចំណែកបង្កើតបានជាបរិយាកាសភ័យខ្លាចដល់អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលដទៃទៀតនៅកម្ពុជា។ ពួកគេថា ជាលទ្ធផលនៃការដាក់ពន្ធនាគារ អ្នកស្រី ទេព វន្នី ត្រូវបានរារាំងក្នុងការបំពេញការងារដោយសន្តិវិធី និងមានតម្លៃរបស់ខ្លួនក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សជាស្ត្រី។
សង្គមស៊ីវិលអះអាងថា ការតវ៉ាដោយសន្តិវិធី និងការបញ្ចេញមតិជំទាស់ ពុំមែនជាបទល្មើសនោះទេ ហើយអ្នកការពារសិទ្ធិមនុស្សមិនត្រូវរងការផ្ដន្ទាទោសព្រហ្មទណ្ឌដោយសារការអនុវត្តសិទ្ធិមនុស្សរបស់ខ្លួនឡើយ៕