
សមត្ថកិច្ចរាជធានីភ្នំពេញ ប្រមាណ ៥០នាក់ ចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ក្រោយតុលាការសម្រេចចោទប្រកាន់ប្រធានបក្សរូបនេះជាច្រើនករណី។
ការចុះឆែកឆេរនេះ ធ្វើឡើងតាមដីការបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ក្រោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា បានរកឃើញថា អង្គហេតុនៃករណីជនជាប់ចោទរូបនេះ បានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌច្រើនករណី។ បទល្មើសទាំងនេះរួមមាន បទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរ កាលពីរសៀលថ្ងៃទី១៣ ខែសីហា បន្ទាប់ពីលោកសរសេរលើទំព័រហ្វេសប៊ុក (Facebook) ទាក់ទងនឹងការបញ្ជាកងទ័ពឲ្យទៅត្រៀមប្រយុទ្ធនឹងកងទ័ពឡាវ កាលពីយប់ថ្ងៃសៅរ៍ ទី១២ ខែសីហា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...