Clik here to view.

នាយករងវិទ្យាល័យគាស់ក្រឡ ខេត្តបាត់ដំបង ចោទប្រកាន់អភិបាលស្រុកគាស់ក្រឡ ថារួមដៃជាមួយនាយកសាលានេះ ធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំខេត្ត ដកលោកចេញពីតំណែង ដោយសាររឿងបង្រៀនសិស្សឲ្យយល់ដឹងបញ្ហានយោបាយនៅក្នុងសង្គម។ អភិបាលស្រុកគាស់ក្រឡ អះអាងថា ការស្នើឲ្យដកតំណែងនាយករងនេះ ធ្វើឡើងដោយមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ។
នាយករងវិទ្យាល័យគាស់ក្រឡ សម្ដែងការមិនពេញចិត្តទៅនឹងសកម្មភាពរបស់អភិបាលស្រុកគាស់ក្រឡ និងនាយកសាលាមួយនេះ ថាជារឿងអយុត្តិធម៌មកលើគ្រូបង្រៀនថ្នាក់ក្រោម មិនអាចទទួលយកបាន។
នាយករងវិទ្យាល័យគាស់ក្រឡ លោក កែវ វិចិត្រ មានប្រសាសន៍នៅថ្ងៃទី១៤ សីហា ថា អភិបាលស្រុកគាស់ក្រឡ និងនាយកសាលាមួយនេះមួលបង្កាច់ដោយធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដកលោកចេញពីតំណែង ដោយសារឃើញលោកបង្រៀនសិស្សឲ្យយល់ដឹងពីបញ្ហានយោបាយនៅក្នុងសង្គម។ លោកអះអាងថា ការងារនយោបាយដែលលោកបង្រៀននោះ ដើម្បីអប់រំសិស្សឲ្យយល់បញ្ហាសង្គម ដូចជាពាក្យថាសាលារៀនផ្សារភ្ជាប់ទៅនឹងរបរនយោបាយ សេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋនៅក្នុងសង្គម។ ដូច្នេះ ពាក្យថានយោបាយចំពោះសិស្ស គឺត្រូវគោរពវិន័យសាលា។
លោកបន្ថែមថា ប្រសិនបើក្នុងប្រទេសមួយពលរដ្ឋមិនយល់ពីអត្តសញ្ញាណរបស់ខ្លួន ជារឿងមិនល្អទេ ដូច្នេះពលរដ្ឋត្រូវយល់ពីនយោបាយ។ លោកថា ពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង មានសិទ្ធិទៅបោះឆ្នោត ហើយអាយុ ២៥ឆ្នាំឡើងទៅ មានសិទ្ធិឈរជាតំណាងឲ្យគេបោះឆ្នោត។ នេះជាកាតព្វកិច្ចរបស់ពលរដ្ឋ៖ «ខ្ញុំណែនាំហើយ នៅពេលនោះលោកនាយកសាលាបានកត់កំណត់ហេតុ និងថតវីដេអូយកទៅប្ដឹងអភិបាលស្រុក ថាខ្ញុំនិយាយរឿងនយោបាយប៉ះពាល់នឹងការរៀនរបស់សិស្សានុសិស្ស ប៉ះពាល់នឹងអារម្មណ៍របស់លោកគ្រូអ្នកគ្រូ មិនសប្បាយចិត្តក្នុងរឿងដែលខ្ញុំនិយាយបង្រៀនសិស្សនោះ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកគាស់ក្រឡ លោក ផេង សិទ្ធី មានប្រសាសន៍ថា ការស្នើដកនាយករងពីតំណែង ធ្វើឡើងទៅតាមសំណើរបស់ក្រុមគ្រូបង្រៀនចំនួន ២៧នាក់ ព្រោះពួកគាត់បម្រុងធ្វើពហិការមិនចូលបង្រៀនសិស្ស៖ «អត់មានទេ បើនិយាយទៅគ្រប់ស្រុកទាំងអស់អត់មានសិទ្ធីអីទៅសម្រេចទេ គឺខាងក្រសួង និងមន្ទីរអប់រំខេត្តបាត់ដំបង គេមកធ្វើកំណត់ហេតុរបស់គេបាទ!»។
ចំណែកនាយកវិទ្យាល័យគាស់ក្រឡ លោក សឿន សុភាព ធ្លាប់មានប្រសាសន៍ថា នាយករងរូបនេះកន្លងមកតែងបង្កបញ្ហាធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងរបស់សាលា។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបង លោក ម៉ែន សុខធៃ អះអាងថា ការដកតំណែងនាយករងនេះ ដោយសាររូបលោកជាឆ្អឹងទទឹងកដោយរាយការណ៍បញ្ហាលោកនាយកសាលាចាយវាយថវិកា ភី.ប៊ី (PB) របស់សាលាគ្មានតម្លាភាព៖ «លោកនាយកសាលាគាត់បែបជាបង្វែររឿងទាំងអស់នេះទៅជារឿងផ្សេងទៅវិញ ដោយមន្ទីរអប់រំ អត់បានចុះមកត្រួតពិនិត្យ។ ហើយរឿងទាំងនេះហើយដែលធ្វើឲ្យកើតមានរឿងរ៉ាវកាន់តែវែងឆ្ងាយ»។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោក ងី សែត ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះទេនៅថ្ងៃទី១៤ សីហា។
ប៉ុន្តែនាយករងវិទ្យាល័យគាស់ក្រឡ លោក កែវ វិចិត្រ អះអាងថា ខាងមន្ទីរបានបញ្ជូនរឿងនេះទៅក្រសួងអប់រំ រួចទៅហើយ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។
បច្ចុប្បន្ន នាយករងរូបនេះត្រូវបាននាយកសាលាដកបញ្ឈរជើងឲ្យកាន់ផ្នែកវាយជួងសម្រាប់ឲ្យសិស្សចូលរៀន ហើយនៅពេលចេញលិខិតផ្លូវការពីក្រសួងមក នឹងត្រូវដកឲ្យទៅប្រចាំការនៅមន្ទីរអប់រំខេត្តបាត់ដំបង៕