
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចង់ឲ្យមានដំណើរការប្រកបដោយសន្តិវិធី សម្រាប់គ្រប់ភាគីមានឱកាសស្មើគ្នាបញ្ចេញមតិយោបល់ ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចសម្រេចចិត្តបានត្រឹមត្រូវដោយគ្មានការគាបសង្កត់ និងការបំភិតបំភ័យក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
ថ្លែងក្រោយជំនួបជិត ២ម៉ោងជាមួយមេបក្សប្រឆាំង លោក កឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤ សីហា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា អ្នកស្រីតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវឌ្ឍន៍ស្ថានភាពសិទ្ធិមនុស្សនានាក្នុងប្រទេសនេះ៖ «ហើយពេលទៅមុខ ខ្ញុំចង់ឲ្យមានដំណើរការប្រកបដោយសន្តិវិធី ហើយគ្រប់ភាគីមានឱកាសស្មើគ្នាបញ្ចេញមតិយោបល់ និងចែករំលែកព័ត៌មាន ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចសម្រេចចិត្តបានត្រឹមត្រូវ ជ្រើសរើសអ្នកដឹកនាំក្នុងការបោះឆ្នោតតំណាងរាស្ត្រ ដោយគ្មានការគាបសង្កត់ និងការបំភិតបំភ័យ»។
អ្នកស្រីឲ្យដឹងថា អ្នកស្រីបានស្តាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រៀបរាប់ពីការព្រួយបារម្ភនានា ពិសេសពីការរៀបចំការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។
មុនពេលអ្នកសារព័ត៌មានត្រូវគេណែនាំឲ្យចាកចេញពីបន្ទប់ប្រជុំ លោក កឹម សុខា ថ្លែងប្រាប់អ្នកស្រី រ៉ូណា ស្មីត ថា លោកសង្ឃឹមថាសហគមន៍អន្តរជាតិនឹងផ្ដល់យុត្តិធម៌ដល់គណបក្សរបស់លោក ខណៈដែលលោកអះអាងថា គណបក្សប្រឆាំងកំពុងរងសម្ពាធជាបន្តបន្ទាប់។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមក្រោយជំនួបថា ការប្រើប្រាស់ពាក្យសម្ដី និងតុលាការ កំពុងគំរាមកំហែងគណបក្សសង្គ្រោះជាតិ ដែលបញ្ហាទាំងអស់នេះប៉ះពាល់ដល់ការបោះឆ្នោត។
លោក យឹម សុវណ្ណ បន្តថា គណបក្សសង្គ្រោះជាតិ ខិតខំសម្របខ្លួន និងបន្ទន់ខ្លួន ដូចជាការរុះរើស្លាកគណបក្សបន្ទាប់ពីច្បាប់គណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្មជាលើកទីពីរ៖ «ម្តងហើយម្តងទៀត យើងនៅតែត្រូវគេគាបសង្កត់។ ចង់ឲ្យមានការអនុវត្តច្បាប់ស្មើភាពគ្នា»។
បើតាមអ្នកនាំពាក្យគណបក្សប្រឆាំង អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងមេបក្សប្រឆាំង បានជជែកគ្នាពីបរិយាកាសនយោបាយ ការរៀបចំការបោះឆ្នោត និងការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ៕