Clik here to view.

ពលរដ្ឋមកពីសហគមន៍បុរីកីឡាប្រមាណ ១០នាក់ នៅព្រឹកថ្ងៃទី១៤ សីហា លើកគ្នាមកធ្វើសន្និសីទកាសែតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យសាលាក្រុងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួកគាត់ដែលបានអូសបន្លាយជាង ៥ឆ្នាំមកហើយនោះ។
ពលរដ្ឋអះអាងថា បើទោះជាពួកគាត់បានដាក់ឯកសារតវ៉ាដីធ្លី ជូនទៅគណៈកម្មការដោះស្រាយលំនៅឋាននៅក្នុងវេទិការវាងពលរដ្ឋ និងអាជ្ញាធរតាំងពីខែសីហា ឆ្នាំ២០១៤ ក្តី តែរហូតមកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
ពលរដ្ឋសហគមន៍បុរីកីឡាមកពីក្រុម៣២ នេះ អះអាងថា ខាងភាគីក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់អ្នកស្រី ស៊ុយ សុផាន និងសាលារាជធានីភ្នំពេញ ចេះតែភូតកុហក និងពន្យារពេលដោះស្រាយបញ្ហាជូនពួកគាត់ជាបន្តបន្ទាប់។ ពួកគាត់អះអាងថាសុទ្ធតែមានឈ្មោះក្នុងសៀវភៅស្ថិតិដែលត្រូវទទួលបានផ្ទះ ឡើងទៅរស់នៅលើអគារសង់ថ្មីនៅបុរីកីឡា ស្របតាមគោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងរបស់រដ្ឋាភិបាលក្តី៖ «តាំងពីឆ្នាំ២០០២ រហូតដល់ឥឡូវ គាត់មិនដែលវាយតម្លៃពួកខ្ញុំទេ។ គាត់ពន្យារភូតភរពួកខ្ញុំរហូត។ ឥឡូវថ្ងៃនេះគោលបំណងខ្ញុំសុំជួបលោកអភិបាលក្រុង លោក ឃួង ស្រេង តែម្តង ដើម្បីឲ្យគាត់ជួយដោះស្រាយឲ្យពួកខ្ញុំ ៣២គ្រួសារ»។
ក្នុងពេលធ្វើសន្និសីទកាសែតនោះ សាលាក្រុងបានអនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន ៦នាក់ចូលជួប តែក្រោយការពិនិត្យមើលលិខិតស្នើរបស់សហគមន៍ សាលាក្រុងថាមិនត្រឹមត្រូវ ហើយស្នើឲ្យសហគមន៍រៀបចំលិខិតឡើងវិញ រួចចាំជួបជាមួយអាជ្ញាធរនៅពេលក្រោយទៀត។
ទោះជាយ៉ាងណា ពលរដ្ឋចង់ឃើញសាលាក្រុងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យល្អ ដូចគ្នានឹងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដែលបានដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅលើអគារប៊ូឌីងកាលពីពេលថ្មីនេះ ដែលភាគីទាំងអស់អាចទទួលយកបាន៕