Clik here to view.

មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកសារព័ត៌មានយល់ឃើញស្របគ្នាថា ការឃាត់ខ្លួនអ្នកសារព័ត៌មានមួយរូបដែលចុះយកព័ត៌មានអំពីបញ្ហាជម្លោះដីធ្លីនៅខេត្តកំពត ដោយក្រុមសមត្ថកិច្ច គឺជារឿងមិនត្រឹមត្រូវ និងជាការរំលោភសិទ្ធិអ្នកសារព័ត៌មាន។ ពួកគេអំពាវនាវឲ្យអាជ្ញាធរខេត្តកំពត ដោះលែងអ្នកសារព័ត៌មានរូបនោះឲ្យមានសេរីភាពវិញ។
មន្ត្រីសិទ្ធិមនុស្ស និងអ្នកជំនាញផ្នែកសារព័ត៌មាន ចាត់ទុកការឃាត់ខ្លួនលោក ជា ស៊ីថា ដែលជាអ្នកយកព័ត៌មានឲ្យអង្គភាពសារព័ត៌មានអំណាចប្រជាជន ប្រចាំការនៅខេត្តកំពត កាលពីថ្ងៃទី១១ សីហា កន្លងទៅ គឺជាការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។
មន្ត្រីអង្កេតសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ ថ្លែងថា លោក ជា ស៊ីថា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះមានប៉ូលិស និងប៉េអិមឃាត់ខ្លួនពេលដែលលោកកំពុងចុះយកព័ត៌មានអំពីដំណើរការចុះរុះរើសំណង់របស់ពលរដ្ឋនៅលើដីរបស់ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល។
លោក ហេង ភារៈ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែកបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនលោក ជា ស៊ីថា ដោយដកហូតទូរស័ព្ទ និងហាមអ្នកសារព័ត៌មានរូបនោះមិនឲ្យថតរូប និងយកព័ត៌មានអំពីសកម្មភាពរបស់ក្រុមអាជ្ញាធរ ចុះរុះរើសំណង់របស់ពលរដ្ឋនោះឡើយ បើទោះជាលោកបានពាក់កាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មានក៏ដោយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ឃើញថា ចំណាត់ការរបស់សមត្ថកិច្ចបែបនេះមិនមែនជារឿងត្រឹមត្រូវនោះទេ៖ «»។
អង្គភាពសារព័ត៌មានអំណាចប្រជាជន គឺជាសារព័ត៌មានអនឡាញ (online news) ដែលតែងចេញផ្សាយអត្ថបទអំពីភាពអសកម្មរបស់អាជ្ញាធរ និងបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ ជាដើម។
មុនការឃាត់ខ្លួនប៉ុន្មានថ្ងៃ សារព័ត៌មាននេះបានចុះផ្សាយជាបន្តបន្ទាប់អំពីករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋជាង ៣០០គ្រួសារនៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និងក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល របស់អ្នកស្រី ចាន់ សុធា ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ចាងហ្វាងសារព័ត៌មានអំណាចប្រជាជន មិនទាន់ផ្តល់អត្ថាធិប្បាយអ្វីឡើយ ដោយរង់ចាំការជួបចរចាជាមួយអាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៤ សីហា ជាមុនសិន។
អាស៊ីសេរី បានព្យាយាមទាក់ទងព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការខេត្តកំពត លោក ខាន់ សុផល ជាច្រើនដងដើម្បីសាកសួរអំពីករណីនេះ ក៏ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
ជុំវិញរឿងនេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ជំហរថា ក្លឹបអ្នកកាសែតកម្ពុជា នឹងតាមដានករណីនេះ បើទោះបីជាលោក ជា ស៊ីថា មិនមែនជាសមាជិករបស់ខ្លួនក៏ដោយ៖ «»។
ចំណែកនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង យល់ឃើញថា ការចាប់ខ្លួនអ្នកសារព័ត៌មានដែលកំពុងបំពេញការងារ គឺជាទង្វើខុសឆ្គងរបស់អាជ្ញាធរ ហើយវាអាចជាការបិទបាំងរឿងអ្វីម្យ៉ាងដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរ។ លោកចាត់ទុកវិធានការនេះ ថាជារឿងមិនត្រឹមត្រូវ និងជាការរំលោភសិទ្ធិអ្នកសារព័ត៌មាន៖ «»។
អ្នកជំនាញរូបនេះមើលឃើញថា នេះជារូបភាពនៃការគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត ហើយបើករណីនេះកើតមានកាន់តែច្រើន វានឹងធ្វើឲ្យព័ត៌មាននៅកម្ពុជា កាន់តែឃ្លាតឆ្ងាយពីការពិត ហើយពេលនោះសង្គមកម្ពុជា នឹងប្រឈមមុខនឹងអំពើពុករលួយកាន់តែខ្លាំង៕