Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ​និង​អ្នក​ច្បាប់៖ រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដើរ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ

Image may be NSFW.
Clik here to view.

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ក្នុង​នោះ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​មួយ​ចំនួន​ហាមប្រាម​សិទ្ធិ​ជួបជុំ និង​ការ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋ​ទៅ​លើ​ប្រជាពលរដ្ឋ សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្ទាល់ ជាដើម។

អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​បែប​នេះ គឺ​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ប្រទេស​បញ្ច្រាស​ពី​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ច្បាប់ លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ គឺ​ជា​គ្រឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រកាន់​របប​ប្រជាធិបតេយ្យ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ និង​អ្នក​ច្បាប់​បែប​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នេះ កំពុង​គាប​សង្កត់​ប្រជាពលរដ្ឋ បិទ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ធ្វើ​ច្បាប់​មួយ​ចំនួន និង​ការ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា ការ​ចាប់​ចង និង​កើត​មាន​ការ​បាញ់​សម្លាប់ ជាដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ក៏ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង​របស់​រដ្ឋាភិបាល ពិសេស​ការ​ធ្វើ​ច្បាប់​មួយ​ចំនួន​មិន​ឆ្លុះ​បញ្ចាំង​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​របស់​រដ្ឋ​នេះ​ទេ៖ «»

អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី គឺ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ (ICNL) បាន​បញ្ចេញ​របាយការណ៍​រួម​គ្នា​ដែល​មាន​កម្រាស់​ជាង ១០០​ទំព័រ មាន​ចំណង​ជើង​ថា “គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន” ដែល​សិក្សា​ស្រាវជ្រាវ​ចាប់​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា បាន​សរសេរ​លម្អិត​ថា សេរីភាព​ខាង​ការ​បង្កើត​សមាគម សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ប្រមូល​ផ្ដុំ ឬ​ហៅ​ថា​សេរីភាព​មូលដ្ឋាន ត្រូវ​បាន​រឹតត្បិត ក្របខ័ណ្ឌ​ច្បាប់​ជាតិ​ខកខាន​ក្នុង​ការ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ។ ទោះ​បី​ជា​មាន​ការ​ការពារ​សិទ្ធិ​សេរីភាព​នេះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី ក៏​ច្បាប់​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នេះ ជាពិសេស​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​ដែល​រិះគន់​រដ្ឋាភិបាល។

រដ្ឋាភិបាល​ធ្វើ​ច្បាប់​មួយ​ចំនួន​ហាក់​មាន​បំណង​ដាក់​ទណ្ឌកម្ម​លើ​អង្គការ​សង្គម​ស៊ីវិល សហជីព និង​គណបក្ស​នយោបាយ​នៅ​ក្រោម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​សហជីព និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​មាន​លក្ខណៈ​សមាមាត្រ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​នោះ​ទេ។ ហើយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​វិញ ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ចំណាក​ស្រុក​នោះ ក៏​បាត់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សហជីព មាន​ចែង​នៅ​ក្នុង​ច្បាប់ និង​អាច​ស្វែងរក​បាន​ជា​សាធារណៈ ដែល​ធាតុ​ផ្សំ​ទាំង​ពីរ​នេះ គឺ​ចាំបាច់​ដើម្បី​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ ដែល​អាច​អនុវត្ត​បាន​ទៅ​លើ​ការ​រឹតត្បិត​សេរីភាព​ខាង​បង្កើត​សមាគម។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧ និង​បាន​បញ្ចូល​បទបញ្ញត្តិ​ថ្មីៗ​មួយ​ចំនួន​ដែល​មិន​ស្រប​គ្នា​នឹង​បទដ្ឋាន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សេរីភាព​ខាង​ការ​បង្កើត​សមាគម។ មាត្រា​១៨ តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។ ការ​តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​បំពេញ​តាម​លក្ខខណ្ឌ បង្កើត​បាន​ជា​ការ​រឹតត្បិត​ដ៏​តឹងតែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​ពួក​គេ។ ប្រការ​នេះ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ដោយសារ​មាន​មេ​ដឹកនាំ​នយោបាយ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​សំណុំ​រឿង ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ។ របាយការណ៍​នេះ​ក៏​រក​ឃើញ​ថា មនុស្ស ៩​នាក់​បាន​រត់​ចោល​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ភ័យ​ខ្លាច​ការ​សងសឹក​ក្រោយ​ពី​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន។

ម្យ៉ាង​វិញ​ទៀត អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បាន​បង្ហោះ​ឯកសារ​របស់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “អ្នក​ទោស​នយោបាយ” ដែល​បាន​ផ្ដល់​ព័ត៌មាន​អំពី​អ្នក​ទោស និង​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ហេតុផល​នយោបាយ ក៏ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដក​ចេញ​ពី​គេហទំព័រ​វិញ​ភ្លាមៗ ឬ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម ដោយសារ​ការ​បំពាន​លើ​លក្ខខណ្ឌ​ទាក់ទង​នឹង “អព្យាក្រឹតភាព​ផ្នែក​នយោបាយ” ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ទោះ​បី​ជា​រដ្ឋាភិបាល​មិន​ទាន់​ចាត់​វិធានការ​ណា​មួយ​ទៅ​លើ​អង្គការ​លីកាដូ ក្ដី ក៏​ករណី​នេះ​បញ្ជាក់​អំពី​ការ​ភ័យ​ខ្លាច​ដែរ​ថា ការ​តម្រូវ​ឲ្យ​រក្សា​ជំហរ “អព្យាក្រឹត្យ​ផ្នែក​នយោបាយ” ដែល​មាន​នៅ​ក្នុង​ច្បាប់​នេះ អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​ប្រើប្រាស់​ដើម្បី​ផ្ដោត​លើ​អ្នក​រិះគន់​ខ្លួន។Image may be NSFW.
Clik here to view.

ចំពោះ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​វិញ គឺ​គ្រប់គ្រង​លើ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម ហើយ​ច្បាប់​នេះ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ​បាន​ច្រើន។ ឧទាហរណ៍​មាត្រា​៥ មាន​ចែង​អំពី​នីតិវិធី​នៃ​ការ​ជូន​ដំណឹង​ជា​ការ​សុំ​ការ​អនុញ្ញាត​ជា​មុន ដើម្បី​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម ជាដើម។ ជាទូទៅ​ក្នុង​រយៈពេល​កន្លង​មក​នេះ នៅ​ក្នុង​របាយការណ៍​ដដែល​ក៏​បាន​លើក​ករណី​ជាច្រើន​ដែល​ពលរដ្ឋ​ពុំ​មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នោះ​ទេ អាជ្ញាធរ​តែងតែ​បង្ក្រាប។ នៅ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​រារាំង និង​រំខាន​ការ​ជួប​ប្រជុំ​រាប់​តាំង​ពី​ការ​តវ៉ា និង​ការ​ធ្វើ​បាតុកម្ម​ចំនួន ៦០​ករណី ក្នុង​ចំណោម​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ត្រូវ​បាន​រារាំង​សកម្មភាព។ ចំនួន ២៣​លើក គឺ​ថា​អ្នក​រៀបចំ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​បង្ហាញ​ភស្តុតាង​លិខិត​អនុញ្ញាត ឬ​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​គួរ​តែ​ជូន​ដំណឹង​ជា​មុន។ ចំនួន ២៤​លើក អាជ្ញាធរ​បាន​ថត​រូប​អ្នក​ចូលរួម។ ចំនួន ៣៣​លើក អាជ្ញាធរ​ចូលរួម​ក្នុង​ពិធី​នោះ​ផ្ទាល់ និង ១១​លើក​ទៀត អាជ្ញាធរ​បាន​កត់ត្រា​ទុក​អត្តសញ្ញាណ​អ្នក​ចូលរួម ឬ​បាន​ចម្លង​បញ្ជី​វត្តមាន ជាដើម។

ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តែងតែ​ប្រកាស​ជា​ញឹកញយ​អំពី​ការ​បង្ក្រាប​ក្រុម​ដែល​តវ៉ា​អំពី​លទ្ធផល​បោះឆ្នោត។ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​សង្គមកិច្ច លោក វង សូត បាន​ព្រមាន​ថា បើ​សិន​ជា​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត នឹង​ត្រូវ​វាយ​នឹង​គល់​ឫស្សី ជាដើម៖ «»

ការ​ព្រមាន​ប្រើ​គល់​ឫស្សី​សំពង​នេះ មាន​ការ​រិះគន់​ជាច្រើន​ពី​សាធារណជន និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​សិទ្ធិ​សេរីភាព និង​មិន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ពិសេស​ទៅ​ទៀត​នៅ​ក្នុង​ជំនួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី កាល​ពី​ថ្ងៃ​ទី​៨ សីហា អ្នកស្រី រ៉ូណា ស្មីត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ព្រមាន​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ពន្យល់​អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច លោក វង សូត ថា​ជា​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​វិញ។ លោក កែវ រ៉េមី បន្ថែម​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​អនុវត្ត​ច្បាប់ និង​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស៖ «»Image may be NSFW.
Clik here to view.

ទោះ​បី​ជា​បែប​នេះ​ក្ដី សមាជិក​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន បញ្ជាក់​ថា សម្ដី​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នេះ ជា​ការ​គំរាម​កំហែង​ផ្នែក​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ៖ «»

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ឯម សុវណ្ណរា បន្ថែម​ថា ការ​ព្រមាន​អំពី​ការ​បង្ក្រាប​បាតុកម្ម ឬ​ការ​ប្រើ​ពាក្យ​វាយ​បាក់​ធ្មេញ និង​ការ​ប្រកាស​អំពី​សង្គ្រាម​ជាដើម មិន​មែន​ប៉ះពាល់​តែ​ដំណើរ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​មក​កម្ពុជា ថែម​ទៀត ព្រោះ​ថា​ការ​ប្រកាស​បែប​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្ពុជា ជា​ប្រទេស​គ្មាន​ស្ថិរភាព​នយោបាយ។ លើស​ពី​នេះ​ទៀត លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​បង្ក្រាប​បែប​នេះ អ្វី​ដែល​ជា​បំណង​ពិត​នោះ គឺ​រដ្ឋាភិបាល​ចង់​បំបាក់​ស្មារតី​ពលរដ្ឋ​ដើម្បី​ឲ្យ​ខ្លួន​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​តទៅទៀត៖ «»

រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​ធានា​យ៉ាង​ពេញលេញ​នូវ​សេរីភាព​មូលដ្ឋាន រួម​ទាំង​ការ​ផ្ដល់​កិច្ច​ការពារ​ជាក់លាក់​សម្រាប់​សេរីភាព​មូលដ្ឋាន និង​ការ​បញ្ចូល​ដាច់​ដោយឡែក​នូវ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ទៅ​ក្នុង​ច្បាប់​ជាតិ​ទៀត​ផង។ មាត្រា​៤១ និង​មាត្រា​៤២ ធានា​សេរីភាព​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់។ មាត្រា​៣១ ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា និង​អនុសញ្ញា​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន រួម​មាន​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ទោះ​បី​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ទាំងនេះ​មិន​ត្រឹមត្រូវ​ជា​លក្ខណៈ​ប្រព័ន្ធ​នោះ​ទេ ដែល​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន។ ក្រុម​ការងារ​ឃ្លាំ​មើល​បាន​ពិនិត្យ​មើល​អំពី​កម្រិត​ដែល​ស្ថាប័ន​រដ្ឋាភិបាល​អនុវត្ត​ក្របខ័ណ្ឌ​ជាតិ ដោយ​យោង​តាម​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​ការ​ពិនិត្យ​នេះ​ធ្វើ​ទៅ​យ៉ាង​ត្រឹមត្រូវ និង​ស៊ី​សង្វាក់​គ្នា។ ការ​ឃ្លាំ​មើល​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ហាញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​សេរីភាព​មូលដ្ឋាន​មិន​ទាន់​ត្រឹមត្រូវ​ទេ ដែល​បញ្ហា​នេះ​មាន ៦១%។ ច្បាប់​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​ញឹកញាប់​ជាង​គេ​បំផុត គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174