មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលស្និទ្ធនឹងក្រុមគ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ឲ្យដឹងថា នៅពេលនេះ លោក សុខ អាន ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យប្រទេសបារាំង ទៅព្យាបាលនៅប្រទេសសិង្ហបុរី វិញ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែមីនា នេះថា មូលហេតុដែលត្រូវបញ្ជូនលោក សុខ អាន ដែលជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅព្យាបាលបន្តនៅប្រទេសសិង្ហបុរី វិញនេះ ព្រោះនៅជិតកម្ពុជា ជាងប្រទេសបារាំង ដែលបង្កភាពងាយស្រួលដល់មន្ត្រីក្រោមឱវាទសុំយោបល់ពីលោក សុខ អាន មុនសម្រេចការងារអ្វីមួយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ព័ត៌មានចុងក្រោយដែលលោកទទួលបានពីក្រុមគ្រួសាររបស់លោក សុខ អាន នៅថ្ងៃទី១២ ខែមីនា គឺលោក សុខ អាន មានសុខភាពល្អប្រសើរ ប៉ុន្តែលោកមិនទាន់ដឹងថា លោក សុខ អាន នឹងវិលត្រឡប់មកបំពេញការងារវិញនៅពេលណានោះទេ៖ «»។
ការឲ្យដឹងរបស់លោក ផៃ ស៊ីផាន នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (facebook) សរសេរថា លោក សុខ អាន ទទួលមរណភាពហើយ។ ប៉ុន្តែលោក ផៃ ស៊ីផាន ចោទប្រកាន់ព័ត៌មាននេះថា ជាពាក្យចចាមអារ៉ាមដែលប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ។
នៅរយៈពេលចុងក្រោយនេះ គេមិនបានឃើញលោក សុខ អាន ដែលជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី កាន់ការងាររដ្ឋាភិបាលដ៏ច្រើននោះ បង្ហាញមុខជាសាធារណៈ ឬចូលប្រជុំសភានោះទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន ថាលោក សុខ អាន ទើបធ្វើដំណើរចុះឡើងទៅព្យាបាលជំងឺនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះប៉ុណ្ណោះ៕