Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ខេត្ត​ព្រះសីហនុ​ថា​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ពេញលេញ​នៅ​ឡើយ

$
0
0

ស្ត្រី​ជា​តំណាង​ឲ្យ​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​សិទ្ធិ​មាន​លំនៅឋាន​រស់នៅ ឬ​សិទ្ធិ​បញ្ចេញ​មតិ និង​ចូលរួម​កិច្ច​ការងារ​សង្គម​ជាមួយ​រដ្ឋាភិបាល ដូច​ខ្លឹមសារ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ញើ​ជូន​ស្ត្រី​គ្រប់ៗ​រូប ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី ៨ មីនា នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោកស្រី ឡុច ទូច ផ្តល់​សម្ភាស​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី ៨ មីនា ថា ស្ត្រី​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ខេត្ត​នេះ នៅ​បន្ត​រង​ការ​គំរាម​កំហែង រំលោភ​យក​ដី​កសិកម្ម និង​ដី​លំនៅឋាន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​តំណាង​ស្ត្រី​នៅ​តាម​សហគមន៍​ខ្លះ បាន​ទទួល​រង​ការ​ប្ដឹងផ្ដល់​ពី​សំណាក់​បុគ្គល​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។

ស្ត្រី​មាន​ទំនាស់​ដីធ្លី​ដែល​មាន​វ័យ​ចំណាស់​រូប​នេះ បាន​ប្រតិកម្ម​ថា ស្ត្រី​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង ២០​សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ បាន​បន្ត​ជួប​រឿង​អយុត្តិធម៌​លើ​ករណី​រំលោភ​យក​ដីធ្លី​ជា​បន្តបន្ទាប់ និង​បាន​ចោទ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ។

លោកស្រី ឡុច ទូច ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ពី​ការ​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​ដីធ្លី មិន​ទាន់​ទទួល​បាន​សិទ្ធិ​រស់នៅ និង​សិទ្ធិ​ផ្សេងៗ​ទៀត​បាន​ច្រើន​ដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​អបអរ​ទិវា​សិទ្ធិ​នារី ៨ មីនា នោះ​ទេ។ ប៉ុន្តែ​លោកស្រី​បង្ហាញ​ការ​រីករាយ ប្រសិន​បើ​ស្ត្រី​គ្រប់ៗ​រូប ពិសេស​ស្ត្រី​តំណាង​ឲ្យ​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ទទួល​សិទ្ធិ​ពេញលេញ​ដូច​សារ​ប្រមុខ​ដឹកនាំ​ក្លាយ​ជា​ការពិត​មែន​នោះ។

តំណាង​ឲ្យ​ស្ត្រី​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នា​ខេត្ត​ព្រះសីហនុ លោកស្រី ឡុច ទូច សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​មាន​ភាព​យុត្តិធម៌ ជូន​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជា​ស្ថាពរ ព្រោះ​ពួក​គេ​បាន​រង​នូវ​ភាព​អយុត្តិធម៌​យូរ មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​អាច​ឲ្យ​ពួក​គាត់​ទទួល​យក​បាន​ទេ៖ «រំលោភ​សិទ្ធិ​ស្ត្រី​ខ្លាំង​ពេក​ហើយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​សម្ដេច ហ៊ុន សែន គាត់​និយាយ​មក​នៅ​មាន​ខ្វះ​ចន្លោះ​ច្រើន គឺ​មិន​ដូច​ពាក្យ​ដែល​គាត់​និយាយ​ថា ស្ត្រី​ល្អ ឬ​ស្ត្រី​មាន​ជីវភាព​ធូរធារ គឺ​មិន​ដូច្នេះ​ទេ។ ស្ត្រី​សព្វថ្ងៃ គឺ​មាន​ជីវភាព​ក្រីក្រ​ក្នុង​ចំណោម ១០០​នាក់ មាន​ចន្លោះ​ពី ៨០ ទៅ ៩០​នាក់​ហើយ​ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​ក្នុង​សហគមន៍​មាន​ទំនាស់​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ។ ស្ត្រី​ក្នុង​សង្គម​សព្វថ្ងៃ​នេះ ត្រូវ​គេ​រំលោភ​បំពាន ត្រូវ​គេ​គំរាម​កំហែង​ធ្វើ​បាប និង​ត្រូវ​គេ​ប្ដឹង​ឡើង​តុលាការ​ជា​បន្តបន្ទាប់»

ជម្លោះ​ដីធ្លី​អូរខ្សាច់ ព្រះសីហនុ ៦២០
ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA/Den Ayuthyea RFA/Den Ayuthyea


ទិវា​សិទ្ធិ​នារី ៨ មីនា ឆ្នាំ​២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពី​ប្រធានបទ​ផ្សេងៗ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី ដោយ​បង្ហាញ​ខ្លឹមសារ​គាំទ្រ និង​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ឲ្យ​មាន​តួនាទី​ខ្ពស់​ក្នុង​ស្ថាប័ន​រដ្ឋ​ជាដើម។ ទន្ទឹម​គ្នា​នេះ ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បង្ហាញ​ការ​យល់​ឃើញ​ថា នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​មាន​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ស្ទើរ​គ្រប់​វិស័យ បាន​បន្ត​កើត​មាន​ដដែល។

ថ្លែង​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១០៦ ឆ្នាំ​២០១៧ នេះ ក្រោម​ប្រធានបទ “ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព” លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ដាក់​ផែនការ​ឲ្យ​មាន​ស្ត្រី​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត​យ៉ាង​ហោច ១ ឬ ២​ខេត្ត​ក្នុង​ចំណោម​រាជធានី-ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ស្ត្រី​កាន់​តួនាទី​ធំៗ​នៅ​ក្នុង​អគ្គនាយកដ្ឋាន អគ្គនាយកដ្ឋាន​រង ប្រធាន​នាយកដ្ឋាន និង​ក្នុង​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​ដែរ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ស្ត្រី​ត្រូវ​បាន​រដ្ឋាភិបាល​លើក​ស្ទួយ​ឲ្យ​មាន​តួនាទី ឬ​មុខងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​បាន​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​មាន​ចំនួន​ច្រើន និង​មិន​ទាន់​ផ្តល់​ឱកាស​ឲ្យ​មាន​តួនាទី​ធំ​ដុំ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ដូចជា​បុរស​ទេ។ អ្នកស្រី​បន្ត​ថា ស្ត្រី​គួរ​ត្រូវ​រដ្ឋាភិបាល​ជួយ​លើក​កម្ពស់​ឲ្យ​ដូច​បុរស​ដែរ ពោល​គឺ​ត្រូវ​ផ្តល់​តួនាទី​ឲ្យ​បាន​ច្រើន​ក្នុង​កិច្ច​ការងារ​សង្គម​ទូទៅ ឲ្យ​ស្រប​តាម​ខ្លឹមសារ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ។

ងាក​មក​ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ឯណោះ​វិញ អ្នកស្រី សុធារី មើល​ឃើញ​ថា ស្ត្រី​តស៊ូ​មតិ​ពី​ការ​រំលោភ​បំពាន​ដីធ្លី​នៅ​តាម​សហគមន៍​ជាង ២០​សហគមន៍​នា​មូលដ្ឋាន​នេះ​នៅ​តែ​បន្ត​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ដោយ​ត្រូវ​គេ​ប្ដឹង​ឡើង​តុលាការ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ អ្នកស្រី​បន្ត​ថា ស្ត្រី​រងគ្រោះ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ មិន​បាន​បញ្ជូន​កុមារ​ឲ្យ​ទៅ​សាលា​ទេ ពួក​គេ​ខ្វះ​ជម្រក និង​ខ្វះ​អាហារ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ជាដើម៖ «សិទ្ធិ​របស់​ស្ត្រី​យើង គឺ​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ​រាល់​ថ្ងៃ​នេះ ព្រោះ​រាល់​ថ្ងៃ​នេះ ពួក​យើង​ខំ​ប្រឹង​តស៊ូ​មតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​យក​ទុក្ខ​លំបាក​របស់​ស្ត្រី​ទាំងអស់​មក​ធ្វើ​ការ​ពិចារណា និង​រក​ដំណោះស្រាយ។ ខ្ញុំ​សំណូមពរ​ថា ស្ត្រី​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ខំ​ប្រឹង​ពង្រឹង​សមត្ថភាព​បន្ថែម និង​ជាពិសេស​ត្រូវ​តែ​ជួយ​ខំ​ទ្រ​ស្ត្រី​គ្នា​ឯង និង​នាំ​គ្នា​សិក្សា​អំពី​ច្បាប់​ទម្លាប់ ឬ​ចំណេះ​ដឹង​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ថែម​ទៀត»

ស្ត្រី​រងគ្រោះ​នៅ​សហគមន៍​ដីធ្លី​ជាង ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ ឲ្យ​ពិចារណា​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឲ្យ​ស្ត្រី​អាច​មាន​សិទ្ធិ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស។ ជាង​នេះ​ទៀត ត្រូវ​ជួយ​លើក​ស្ទួយ ឬ​ផ្តល់​តួនាទី​ឲ្យ​ស្ត្រី​អាច​មាន​ឱកាស​ចូលរួម​កិច្ច​ការងារ​អភិវឌ្ឍ​សង្គម​នៅ​តាម​ស្ថាប័ន​រដ្ឋ​ឲ្យ​បាន​ច្រើន​ដូច​បុរស​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles