សមត្ថកិច្ចសាលាខណ្ឌឫស្សីកែវ នាំខ្លួនក្រុមយុវជនដែលបម្រុងចាក់បញ្ចាំងវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដីអំពីឃាតកម្មបណ្ឌិត កែម ឡី ទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសទួលសង្កែ នៅរសៀលថ្ងៃអាទិត្យ ទី១២ មីនា។ សមត្ថកិច្ចអះអាងថា ក្រុមយុវជននេះមិនបានសុំច្បាប់ចាក់បញ្ចាំងវីដេអូជាមុន ហើយថាសំណុំរឿងបណ្ឌិត កែម ឡី កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
ក្រុមយុវជនដែលត្រូវសមត្ថកិច្ចនាំខ្លួនទៅសួរនាំរួមមាន ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី និងយុវជន ៣នាក់ផ្សេងទៀត។
វីដេអូដែលក្រុមយុវជនដែលគេស្គាល់ថាជាយុវជន កែម ឡី និយម នឹងចាក់បញ្ចាំងនោះ រួមមានវីដេអូរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា ប្រវែងជិតកន្លះម៉ោង ដោយមានការបកប្រែជាភាសាខ្មែរផង និងវីដេអូឯកសារពាក់ព័ន្ធនឹងឃាតកម្មបណ្ឌិត កែម ឡី នៅស្តារម៉ាត (Star Mart) កាល់តិច (Caltex) បូកគោ ដែលត្រូវបានគេបង្ហាញនៅតុលាការ។
កម្មវិធីចាក់បញ្ចាំងវីដេអូនេះ គឺធ្វើនៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអង្គការពលរដ្ឋដើម្បីអប់រំ ដែលមានអាសយដ្ឋានផ្ទះលេខ A13 ផ្លូវលេខ ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមរង់ចាំតាមដានព័ត៌មានពិស្ដារ!