Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​រង​ការ​ឈូស​ទន្ទ្រាន​យក​ដី​និង​កាប់​ឈើ​លក់

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត អះអាង​ថា ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី និង​កាប់​ឈើ​លក់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ចំណាត់ការ​ជាក់លាក់​ពី​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ឡើយ។ ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។

បើ​និយាយ​អំពី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មនុស្សម្នា​ភាគច្រើន​បាន​ដឹង ឬ​គិត​ត្រឹម​តែ​ភ្នំ​បូកគោ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ តាម​ការពិត ឧទ្យាន​ជាតិ​មួយ​នេះ​មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤.៤៥៨​ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។

ហើយ​បើ​មិន​មាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទេ ក៏​ប្រហែល​ជា​មិន​មាន​អ្នក​ណា​អាច​ដឹង​អំពី​បទល្មើស​ឧក្រិដ្ឋ​នានា ដែល​កើត​មាន​ឡើង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ដ៏​ធំ​មួយ​នេះ​បាន​ដែរ។

ចម្ការ​ស្វាយ​វាល​ល្វឹង​លាត​សន្ធឹង​លើ​ផ្ទៃដី​ជាច្រើន​ហិកតារ ត្រូវ​បាន​ដាំ​ដុះ​ត្រួត​ស៊ី​គ្នា និង​នៅ​ពី​ខាង​ក្រោយ​បង្គោល​ព្រំ​ប្រទល់​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ។ បង្គោល​ដែល​ហ៊ុមព័ទ្ធ​ស្មៅ និង​ព្រៃ​ស្វាយ​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ នេះ ស្ថិត​នៅ​ភូមិ​តេជោ​អន្លង់​ក្មេង​លេង ស្រុក​ឈូក ខេត្ត​កំពត។

លោក យ៉ែម សំអូន គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង ទី​ដែល​មាន​ការ​រុក​រាន​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ពី​សំណាក់​អ្នក​មាន​លុយ ឬ​មាន​អំណាច។ លោក​ថ្លែង​ថា រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ នៅ​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត បាន​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុក​រាន​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់។ លោក​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​ទប់ស្កាត់​ដែរ តែ​សកម្មភាព​នេះ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះ​ទេ ដ្បិត​មន្ត្រី​បរិស្ថាន​ខ្លះ​ទទួល​បាន​ផល​ពី​ការ​រុក​រាន​ទន្ទ្រាន​យក​ដី​នេះ ធ្វើ​ឲ្យ​ពួក​គេ​ព្រងើយ​កន្តើយ​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ជន​ល្មើស។

លោក យ៉ែម សំអូន ថ្លែង​ថា៖ «សព្វថ្ងៃ​ខ្ញុំ​ដើរ​ទៅ​ឃើញ (ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន) ខ្ញុំ​ចង់​ទ្រហោ​យំ ដោយសារ​ធម្មជាតិ​វា​ប្រឹង​ដុះ​ឡើង ហើយ​យើង​បំផ្លាញ វា​ស្ដាយ​មែនទែន ប៉ុន្តែ​ខ្ញុំ​គ្មាន​សិទ្ធិ​អំណាច​ទេ ហាមឃាត់​គេ​យ៉ាង​ម៉េច​បាន។ ការ​ទប់ស្កាត់​ដូច​គ្មាន​ទៅ​មុខ​សោះ និយាយ​បាន​តែ​និយាយ ធ្វើ​នៅ​តែ​ធ្វើ ប៉ុន្តែ​ព្រៃ​ឈើ​នៅ​តែ​អស់។ ខាង​បរិស្ថាន​គាត់​ទប់ស្កាត់​ដែរ ប៉ុន្តែ​ទប់ស្កាត់​បាន​ម្យ៉ាងៗ បើ​សិន​មាន​តម្លៃ​សម្រាប់​គាត់ គាត់​ទប់ស្កាត់​បាន។ ខ្ញុំ​ចង់​អំពាវនាវ​ដល់​រដ្ឋាភិបាល សូម​ឲ្យ​បិទ​ការ​កាប់​កម្ទេច​ព្រៃ​ឈើ​ហ្នឹង​ពី​ថ្ងៃ​នេះ​ត​ទៅ ព្រោះ​ខ្ញុំ​សោកស្ដាយ​ណាស់។ យើង​ដាំ​មិន​បាន​កើត​ភ្លាម​ទេ»

ក្រៅ​ពី​ការ​ទន្ទ្រាន​យក​ដី ការ​កាប់​ឈើ​ក៏​ជា​បទល្មើស​ដែល​បាន​កើត​ឡើង និង​កំពុង​រីក​រាលដាល​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែរ។ បុរស​ម្នាក់​ដែល​កំពុង​បរ​រទេះ​ឡើង​ភ្នំ​ដើម្បី​ដឹក​ឈើ ថ្លែង​ថា លោក​បាន​ប្រកប​របរ​ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ឈើ​ចុះ​ពី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ការ​កាប់​ឈើ​នៅ​តំបន់​នោះ​កើត​មាន​ជា​ប្រចាំ។ លោក​ថា ថៅកែ​ឈើ​បាន​ជួល​មនុស្ស​ឲ្យ​ឡើង​លើ​ភ្នំ​ដើម្បី​កាប់ និង​ច្រៀក​ឈើ ហើយ​ជួល​ពួក​លោក​ឲ្យ​ដឹក​ឈើ​ទាំងនោះ​ចុះ​ពី​ភ្នំ ដោយ​ក្នុង​មួយ​ម៉ែត្រ​គូប ពួក​លោក​ទទួល​បាន​ថ្លៃ​ឈ្នួល ៧០​ម៉ឺន​រៀល។ លោក​ថា អ្នក​ស៊ី​ឈ្នួល​កាប់​ឈើ និង​ដឹក​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នេះ​មាន​ច្រើន​ក្រុម ដោយ​ក្នុង​មួយ​ក្រុមៗ​មាន​គ្នា​ប្រមាណ ១០​នាក់៖ «ខ្លាច (មន្ត្រី​បរិស្ថាន) ចេះ​តែ​ខ្លាច​ហើយ តែ​មិន​រក​ស៊ី​ខាង​ហ្នឹង មិន​ដឹង​រក​ស៊ី​មុខ​របរ​អី ដោយសារ​យើង​អត់​មាន​មុខ​របរ ដឹង​តើ​រឿង​ហ្នឹង។ ថៅកែ​គេ​ធានា យើង​ដឹង​តែ​ដឹក យើង​ដឹង​តែ​បរ​ទៅ។ បើ​គេ​ឲ្យ​ចូល យើង​ចូល​ទៅ ចុះ​មក​វិញ​ក៏​អ៊ីចឹង។ គេ​នៅ​ទាក់ទង​គ្នា​ខាង​ក្រោម (ជើង​ភ្នំ) គេ​ឲ្យ​យើង​ចេញ យើង​ចេញ​មក។ យើង​អត់​បារម្ភ​អី​ទេ យើង​ដឹង​តែ​ដឹក​ចេញ​ដឹក​ចូល​ទេ ស៊ី​សង​លើ​គេ​ទេ បើ​គេ​ឲ្យ​ចេញ ចេញ បើ​គេ​ឲ្យ​ចូល ចូល»

ឧទ្យាន​ជាតិ​បូកគោ ២០១៧ ១៤៤០
ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ (ថត​ពី​ចម្ងាយ) ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត ដែល​ប្រជាពលរដ្ឋ​អះអាង​ថា​មាន​ករណី​កាប់​ឈើ​ដឹក​ចេញ​ជា​បន្តបន្ទាប់។ រូបថត​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara RFA/Yang Chandara

អ្នក​ដឹក​ឈើ​រូប​នេះ​បញ្ជាក់​ទៀត​ថា ការ​ដឹក​ឈើ​ធ្វើ​ឡើង​ចន្លោះ​ពី ៧ ទៅ ១០​ថ្ងៃ​ម្តង ហើយ​អ្នក​ប្រកប​របរ​នេះ​មក​ពី​គ្រប់​ទីកន្លែង​នៅ​ស្រុក​ឈូក ខេត្ត​កំពត។ លោក​បន្ថែម​ថា កាល​ពី​មុន មន្ត្រី​បរិស្ថាន​បាន​ចុះ​ទប់ស្កាត់​ការ​កាប់​ឈើ និង​ដឹក​ឈើ​នេះ​ជា​ញឹកញាប់ ក៏ប៉ុន្តែ​បច្ចុប្បន្ន​មិន​មាន​មន្ត្រី​បរិស្ថាន​ណា​ចុះ​ធ្វើ​សកម្មភាព​នេះ​ទៀត​ឡើយ។

អាស៊ីសេរី បាន​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត លោក ស៊ុយ ធា ដើម្បី​សុំ​ការ​បកស្រាយ​អំពី​បញ្ហា​នេះ ក៏ប៉ុន្តែ​លោក​ថា​បើ​ចង់​សួរ​ព័ត៌មាន លុះត្រា​តែ​មក​ជួប​គ្នា​ផ្ទាល់។ លោក​មិន​ចង់​ឆ្លើយ​តាម​ទូរស័ព្ទ​ឡើយ ហើយ​លោក​ក៏​បិទ​ទូរស័ព្ទ។

ចំណែក​នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មិន​ទាន់​ទុក​ចិត្ត​ចំពោះ​ការ​លើក​ឡើង​នេះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​មន្ត្រី​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរ​មូលដ្ឋាន តែង​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​នៅ​តំបន់​នោះ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន រូប​នេះ​បញ្ជាក់​ថា ការ​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​ការពារ​ធម្មជាតិ និង​ការ​កាប់​ឈើ​ក្នុង​តំបន់​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​មាន​វិធានការ។ លោក​ស្នើ​ដល់​ពលរដ្ឋ​ដែល​បាន​ដឹង​អំពី​បទល្មើស​ដែល​កើត​មាន​ឡើង​នៅ​តំបន់​ការពារ​ធម្មជាតិ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ ឬ​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​ពាក្យ​បណ្ដឹង​ច្បាស់លាស់ ក្រសួង​បរិស្ថាន នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ទាំងនោះ៖ «ឥឡូវ​នេះ គឺ​យើង​កំពុង​អនុវត្ត​ក្តៅ​គគុក​ចំពោះ​ការ​តាមដាន បង្ក្រាប ទប់ស្កាត់​បទល្មើស​ដែល​យើង​ហៅ​ថា ជា​ការ​កាប់​រាន​ទន្ទ្រាន​ចូល​តំបន់​ការពារ​ធម្មជាតិ ឬ​ក៏​ការ​លួច​ចូល​តំបន់​ការពារ​ធម្មជាតិ ឬ​ក៏​ការ​លួច​កាប់​ឈើ ឬ​លួច​បរបាញ់​សត្វ។ ប្រជាពលរដ្ឋ បើ​សិន​ជា​លោក​បាន​ដឹង​ថា​មាន​ករណី​លួច​កាប់​រាន ឬ​ក៏​លួច​កាប់​ឈើ លោក​អាច​ប្ដឹង​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​ឧទ្យានុរក្ស​ក្នុង​ករណី​ឧទ្យានុរក្ស​របស់​យើង​ខ្វះ​ចន្លោះ ឬ​ក៏​មិន​បាន​ដឹង»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក ប៉ែន បុណ្ណារ៍ ដែល​បាន​ចុះ​សិក្សា​ករណី​នេះ​រក​ឃើញ​ថា ការ​កាប់​ឈើ និង​កាប់​រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ត្រង់​ភូមិសាស្ត្រ​ស្រុក​ឈូក ខេត្ត​កំពត កើត​មាន​យ៉ាង​អនាធិបតេយ្យ។ លោក​ថា បើ​សិន​ជា​សកម្មភាព​នេះ​នៅ​តែ​បន្ត វិនាសកម្ម​ព្រៃ​ឈើ​នឹង​កើត​មាន​ឡើង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ៖ «ទី​មួយ បទល្មើស​កាប់​រំលំ​ដើម​ឈើ​ប្រណីតៗ​ធំៗ​អនាធិបតេយ្យ​ពេញ​ហ្នឹង។ ការ​កាប់​រាន​ដី​ព្រៃ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ក៏​ច្រើន​ដែរ។ ពេល​ខ្លះ​យើង​ឃើញ​បង្គោល (ព្រំ​ប្រទល់​ឧទ្យាន​ជាតិ) ហើយ នៅ​ពី​ខាង​ក្រោយ​បង្គោល​ហ្នឹង​សឹង​ដាច់​កន្ទុយ​ភ្នែក ត្រូវ​បាន​កាប់​រាន​ដាំ​ដំណាំ​ផ្សេងៗ​រួច​ទៅ​ហើយ។ នេះ​ជា​រឿង​ខុស​ច្បាប់ និង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​បរិស្ថាន ព្រោះ​ឧទ្យាន​ជាតិ ខាង​បរិស្ថាន​ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​បើ​សិន​ជា​មាន​រឿង​អ៊ីចឹង​កើត​ឡើង អ្នក​ដែល​បណ្តែតបណ្តោយ​ឲ្យ​មាន​បទឧក្រិដ្ឋ​កើត​ឡើង ត្រូវ​ទទួល​ទោស​តាម​ច្បាប់​បរិស្ថាន និង​ច្បាប់​ព្រៃ​ឈើ»

មន្ត្រី​ផ្នែក​ធនធាន​ធម្មជាតិ​រូប​នេះ​បញ្ជាក់​ថា លោក​នឹង​រៀបចំ​បណ្ដឹង​អំពី​ករណី​នេះ​ដាក់​ជូន​តុលាការ ដើម្បី​ប្ដឹង​បុគ្គល​ល្មើស​ច្បាប់​ដែល​ហ៊ាន​កាប់​រាន​ទន្ទ្រាន​ដី​ឧទ្យាន និង​អាជ្ញាធរ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​បែប​នេះ​កើត​ឡើង។ លោក​ថា បទល្មើស​ព្រៃ​ឈើ និង​កាប់​រាន​ដី​តំបន់​ការពារ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ត្រូវ​ហ៊ាន​ប្តឹងផ្តល់​ករណី​នេះ​ទៅ​តុលាការ ដើម្បី​កុំ​ឲ្យ​បទល្មើស​បែប​នេះ​កើត​មាន​ឡើង​ទៀត៖ «យើង​ឃើញ​ថា​មាន​ការ​ប្ដេជ្ញា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថា​គាត់​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់។ អ្វី​ដែល​តាម​ច្បាប់ គឺ​អ្នក​ប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់ ត្រូវ​តែ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់។ អ៊ីចឹង​បើ​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី (អាជ្ញាធរ) ក្នុង​ការ​បណ្តែតបណ្តោយ ឬ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ គឺ​មន្ត្រី​ទាំងអស់​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ មាន​ន័យ​ថា ក្រសួង​បរិស្ថាន ត្រូវ​តែ​ធ្វើ​បណ្ដឹង​ប្ដឹង​មន្ត្រី និង​ជន​ល្មើស​ទាំងអស់​នោះ​ទៅ​តុលាការ ដូច​ដែល​ក្រសួង​បរិស្ថាន បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០០៤។ ឆ្នាំ​២០០៤ លោក (ក្រសួង​បរិស្ថាន) បាន​ធ្វើ​បណ្ដឹង​មួយ​ហើយ ហើយ​មាន​ការ​កាត់​ទោស​ដ៏​ធំ​មួយ រហូត​ដល់​អតីត​អភិបាល​ខេត្ត​រតនគិរី ត្រូវ​បាន​កាត់​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៧​ឆ្នាំ​ថែម​ទៀត»

ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ត្រង់​មាត្រា​៦២ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​បាន “កាប់​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ” និង​ជន​ដែល​បាន “កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ”។ ចំណែក​មាត្រា​៦៤ នៃ​ច្បាប់​ដដែល​នេះ ចែង​ថា មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ​ភ្នាក់ងារ​អធិការកិច្ច ឬ​មន្ត្រី​បរិស្ថាន​រូប​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ។ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles