ប្រជាសហគមន៍នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បញ្ជាក់ថា ព្រៃសហគមន៍មួយចំនួនកំពុងរងការកាប់ទន្ទ្រានយកដីដាំដំណាំ និងកាប់យកឈើធ្វើអាជីវកម្មជាដើម។ បញ្ហានេះ ប្រជាសហគមន៍មានក្តីបារម្ភថា ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពទេ វាសនាព្រៃសហគមន៍អាចនឹងវិនាសជាក់ជាមិនខាន។
ព្រៃសហគមន៍មួយចំនួននៅឃុំដងកាំបិត ដូចជាព្រៃសហគមន៍ក្បាលអូរតាគង់ ព្រៃសហគមន៍ក្បាលអូរធ្នង់ កំពុងរងការកាប់រុករានពីសំណាក់ពលរដ្ឋមកពីតំបន់ផ្សេងៗ ព្រមទាំងក្រុមជនល្មើស ជាដើម។
សកម្មភាពកាប់រុករានយកដីធ្វើចម្ការ និងកាប់យកឈើធំៗនៅតំបន់ព្រៃសហគមន៍ ភាគច្រើនធ្វើនៅពេលរសៀល និងពេលយប់ ដែលធ្វើឲ្យប្រជាសហគមន៍ពិបាកក្នុងការទប់ស្កាត់។
អនុប្រធានព្រៃសហគមន៍ក្បាលអូរតាគង់ លោក គឹម ឆេង មានប្រសាសន៍ថា សកម្មភាពកាប់រុករានយកដីដាំដំណាំ គឺកើតមានទាំងក្នុងតំបន់ព្រៃសហគមន៍ និងក្រៅតំបន់ព្រៃសហគមន៍។ លោកបន្តថា សកម្មភាពកាប់រុករានដីព្រៃសហគមន៍មួយចំនួន គឺដើម្បីយកដីទៅលក់បន្តឲ្យពលរដ្ឋផ្សេង ឬលក់ឲ្យមន្ត្រីអាជ្ញាធរនៅតំបន់នោះ៖ «នៅតែមានការតូចចិត្ត និងព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើជាបន្តបន្ទាប់ មិនដឹងធ្វើយ៉ាងម៉េចទេ»។
ព្រៃសហគមន៍ក្បាលអូរតាគង់ មានទំហំជិត ៣ពាន់ហិកតារ ហើយការកាប់រុករាន គឺកើតឡើងតាំងពីឆ្នាំ២០១៦ ធ្វើឲ្យដីព្រៃរាប់រយហិកតាររងការកាប់បំផ្លាញ។
មិនខុសគ្នានេះ ប្រធានព្រៃសហគមន៍ក្បាលអូរធ្នង់ នៅឃុំដងកាំបិត លោក ខៀវ ឃិត មានប្រសាសន៍ថា ព្រៃសហគមន៍នេះមានទំហំជិត ៣ពាន់ហិកតារ ដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១០ ក៏រងការកាប់បំផ្លាញយកដីដាំដំណាំដែរ ហើយអ្នកកាប់ទន្ទ្រានមួយចំនួនគឺជាសមាជិកព្រៃសហគមន៍មួយនេះតែម្តង។ លោកមើលឃើញថា ផ្ទៃដីព្រៃដែលរងការកាប់រុករានកន្លងទៅអស់ប្រហែលជា ៥០ភាគរយ។ ក្រៅពីនេះ បទល្មើសកាប់ឈើធំៗនៅក្នុងតំបន់ព្រៃសហគមន៍ក៏មានដែរ ដោយជនល្មើសកាប់យកទៅលក់ឲ្យថៅកែក្នុងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) និងនៅរោងចក្រកៅប្រាំ (៩៥) ព្រមទាំងកាប់យកមកធ្វើផ្ទះសម្បែងខ្លះផង៖ «អីយ៉ាលោកគ្រូ! ក្រែលដែរណា រាប់រយគ្រួសារដែរណា។ អ្នកក្រៅក៏លួចមកចូលកាប់ ហើយឃាត់គាត់ហើយ មិនព្រមស្តាប់»។
ប្រធានព្រៃសហគមន៍ក្បាលអូរធ្នង់ ដដែល បារម្ភចំពោះព្រៃឈើដែលនៅសេសសល់ ដ្បិតបច្ចុប្បន្នលោកមិនអាចដើរកើត ដោយសារគ្រោះថ្នាក់ចរាចរណ៍បាក់ជើង ហើយមិនអាចដឹកនាំកម្លាំងចុះល្បាតព្រៃសហគមន៍បាន។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា អះអាងថា ស្ថានភាពបទល្មើសនៅតំបន់ព្រៃឡង់ គឺចេះតែថយចុះជាបន្តបន្ទាប់។ ចំណែកព្រៃសហគមន៍ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញបរិស្ថានទេ ពោលគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្ត។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក តិប ញ្ញាតា បានទេនៅថ្ងៃទី១១ មីនា ដោយទូរស័ព្ទស្តាប់គ្នាមិនបាន។
យ៉ាងនេះក្តី លោក តុប កក្កដា បញ្ជាក់ថា ខាងរដ្ឋបាលព្រៃឈើខេត្ត ក៏បានខិតខំយកចិត្តទុកដាក់បង្ក្រាប និងទប់ស្កាត់សកម្មភាពកាប់រុករានដីព្រៃ និងបទល្មើសកាប់ឈើនៅតំបន់ព្រៃសហគមន៍ជាហូរហែ ហើយលោកឃើញថាថយចុះច្រើន ប៉ុន្តែសកម្មភាពកាប់រុករានដីព្រៃមួយចំនួន ធ្វើឡើងនៅពេលយប់ ដែលបង្កការលំបាកសម្រាប់មន្ត្រីជំនាញ៖ «ខាងរដ្ឋបាលព្រៃឈើគាត់ដុតដៃដុតជើងធ្វើហើយ អារឿងកាប់រុករានយកដីព្រៃអីហ្នឹង»។
ទោះបីជាយ៉ាងនេះក្តី អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍ថា ព្រៃសហគមន៍នៅទូទាំងប្រទេសមានចំនួនជិត ៥០០សហគមន៍ ហើយសហគមន៍ជាច្រើនកំពុងរងការកាប់បំផ្លាញ និងមានដីព្រៃសហគមន៍ខ្លះនៅសល់តែឈ្មោះប៉ុណ្ណោះ។ លើសពីនេះ ព្រៃសហគមន៍ជាង ៤០ នៅជុំវិញតំបន់ព្រៃឡង់ ក៏កំពុងរងការកាប់រុករានដោយមានការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញថែមទៀតផង៖ «តាមពិតទៅ បើយើងនៅក្នុងផ្លូវច្បាប់ តំបន់សហគមន៍ព្រៃឈើស្ថិតនៅក្រោយការគាំទ្រ និងអន្តរាគមន៍ពីរដ្ឋបាលព្រៃឈើ ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម ប៉ុន្តែយើងឃើញហើយតាំងពីបង្កើតរដ្ឋបាលព្រៃឈើមក គឺយន្តការហ្នឹងអត់ដើរ»។
លោក សេង សុខហេង យល់ថា រាជរដ្ឋាភិបាលគប្បីផ្តល់សិទ្ធិអំណាចដល់ប្រជាសហគមន៍ដើម្បីចាត់វិធានការលើក្រុមជនល្មើស ជាជាងគ្រាន់តែរាយការណ៍ទៅមន្ត្រីជំនាញ និងផ្តល់កញ្ចប់ថវិកាមួយចំនួនដល់ប្រជាសហគមន៍សម្រាប់បំពេញការងាររបស់ពួកគេ។ លោកថា ប្រសិនបើរាជរដ្ឋាភិបាល ពិសេសមន្ត្រីជំនាញ មិនព្រមកែទម្រង់ការគ្រប់គ្រង និងចាត់វិធានការលើមន្ត្រីរបស់ខ្លួនដែលអសកម្ម និងជាប់ពាក់ព័ន្ធបទល្មើសទេ ព្រៃសហគមន៍នឹងអាចនៅសល់តែឈ្មោះប៉ុណ្ណោះ៕