Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់​ថា​ល្បែង​ស៊ី​សង​និង​កន្ទុយ​លេខ​កើន​ឡើង

$
0
0

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​កើន​ឡើង​ល្បែង​ស៊ី​សង​នៅ​មូលដ្ឋាន ដូចជា ជល់​មាន់​ដាក់​ប្រាក់ និង​ចាក់​កន្ទុយ​លេខ ជាដើម កំពុង​កើត​មាន​ពេញ​បន្ទុក​ដោយ​កម្រ​ឃើញ​សមត្ថកិច្ច​ណា​ចេញ​មុខ​បង្ក្រាប​ឡើយ។ ពួក​គេ​កត់​សម្គាល់​ថា បន្ទាប់​ពី​កើត​មាន​ល្បែង​ស៊ី​សង​ទាំងនោះ បញ្ហា​អសន្តិសុខ​មួយ​ចំនួន​កើត​ឡើង​ក្នុង​មូលដ្ឋាន​រួម​មាន ករណី​ប្លន់ ចោរកម្ម និង​ចោរ​លួច​គាស់​ផ្ទះ ជាដើម។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខែត្រ​ស្ទឹងត្រែង រិះគន់​ខ្លាំងៗ​ពី​ភាព​ព្រងើយ​កន្តើយ​របស់​សមត្ថកិច្ច​រដ្ឋាភិបាល បណ្តោយ​ឲ្យ​កើត​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​មូលដ្ឋាន ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម និង​សុវត្ថិភាព​សាធារណៈ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ងប់ងុល​ល្បែង​នេះ​រហូត​ដល់​លក់​ទ្រព្យ​សម្បត្តិ ខ្ចី​បុល​គេ ហើយ​អាច​ឈាន​ដល់​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀត​ផង។

ពលរដ្ឋ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ល្បែង​ស៊ី​សង​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​របស់​ពលរដ្ឋ។ លោក​ថា បច្ចុប្បន្ន​ទីតាំង​ល្បែង​ប្រជល់​មាន់​ចល័ត​នៅ​ឃុំ​សំអាង មាន​ពី ៨ ទៅ ១០​ទីតាំង។ លើស​ពី​នេះ ល្បែង​កន្ទុយ​លេខ​ក៏​កំពុង​រាលដាល​ដល់​តំបន់​ជនបទ​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ហើយ​សព្វថ្ងៃ​មាន​អ្នក​ភូមិ​ជាច្រើន បាន​ឈ្លក់​វង្វេង​នឹង​ចាក់​កន្ទុយ​លេខ​របស់​ក្រុម​ឆ្នោត​ក្រុមហ៊ុន​វៀតណាម និង​ខ្លះ​ទៀត​ត្រូវ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក៖ «អ្នក​ខ្លះ​ខ្ចី​លុយ​ធនាគារ​ចឹង​ទៅ ទៅ​លេង​កន្ទុយ​លេខ និង​លេង​មាន់។ អ្នក​ខ្លះ​មាន​រហូត​ដល់​រត់​ចោល​ផ្ទះ មាន​ខ្លះ​ទិញ​គោយន្ត​តម្លៃ ២.៥០០​ដុល្លារ ជំពាក់​អង្គការ ហើយ​លក់​បង្ខំ​លក់ ១.៥០០​ដុល្លារ និង​លក់ ១​ពាន់​ដុល្លារ​ចឹង​ទៅ ដោយសារ​រឿង​ល្បែង»

បុរស​ដដែល​បន្ត​ថា ក្រោយ​ពី​កើត​មាន​ល្បែង​ស៊ី​សង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​ចោរ​ប្លន់​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ និង​ចោរកម្ម​កើត​មាន​ច្រើន​ករណី។ កាល​ពី​ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ចោរ​ប្លន់​ប្រាក់​អស់​ជាង ២​ម៉ឺន​ដុល្លារ និង​ត្រូវ​ក្រុម​ចោរ​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​ភ្លៅ រហូត​មក​ដល់​ពេល​នេះ ពុំ​ឃើញ​មាន​សមត្ថកិច្ច​បង្ហាញ​តម្រុយ​ករណី​នេះ​នៅ​ឡើយ។

អធិការ​ស្រុក​ថាឡាបរិវ៉ាត់ លោក សែម ស៊ីថា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ល្បែង​ប្រជល់​មាន់​កើត​ឡើង​មែន តែ​ការ​កើត​មាន​នោះ ធ្វើ​ឡើង​ដោយ​ការ​លួចលាក់។ លោក​ថា កន្លង​ទៅ សមត្ថកិច្ច​ធ្លាប់​ហៅ​ម្ចាស់​ទីតាំង​បើក​ល្បែង​ប្រជល់​មាន់​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​អប់រំ​ណែនាំ​ដែរ ក៏ប៉ុន្តែ​ប្រសិន​បើ​សមត្ថកិច្ច​ប្រទះ​ឃើញ​បុគ្គល​ណា​បើក​ល្បែង​ស៊ី​សង លោក​នឹង​អនុវត្ត​ច្បាប់។ ចំណែក​ល្បែង​កន្ទុយ​លេខ លោក​បដិសេធ​ថា​ពុំ​មាន​កើត​មាន​នៅ​ឃុំ​សំអាង ទេ៖ «តាម​ពិត​យើង​ផ្សព្វផ្សាយ​ទូលំទូលាយ​ហើយ ឲ្យ​គាត់​យល់​ពី​ការ​ប្រឈម​ល្បែង​ហ្នឹង ហើយ​ល្បែង​ជល់​មាន់​យើង​ធ្វើ​រហូត មិន​មែន​មិន​ធ្វើ​ទេ តែ​វា​ជល់​មួយ​គូ​រត់​ទៅ​ស្វាយចន្ទី នេះ និង​រត់​ទៅ​ព្រៃ​នោះ ឥឡូវ​វា​មាន តែ​មិន​ធំ​ដុំ គឺ​វា​រត់​លេង​តាម​ព្រៃ និង​ចម្ការ ពុំ​មែន​មាន​ទីតាំង​ពិត​ប្រាកដ​អ៊ីចឹង​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​គាំទ្រ​រាល់​ការ​បង្កើត​ឲ្យ​មាន​ល្បែង​ស៊ី​សង​គ្រប់​រូបភាព និង​តែងតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​លុប​បំបាត់​ទាំងអស់។ លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​ដែល​តំណាង​ឲ្យ​ក្រសួង​សាមី ត្រូវ​ចាត់​វិធានការ​រឿង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ស្រប​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព។

ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​តាំង​ពី​ឆ្នាំ​២០០៩ ពោល​គឺ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រួម​គ្នា​លុប​បំបាត់​ល្បែង​ស៊ី​សង គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស និង​បទល្មើស​ផ្សេង​ទៀត ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខែត្រ​ស្ទឹងត្រែង មើល​ឃើញ​ថា ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​រហូត​បច្ចុប្បន្ន មិន​បាន​ជោគជ័យ​ទេ ខណៈ​ដែល​បទល្មើស ជាពិសេស​ល្បែង​ស៊ី​សង​កាន់​តែ​កើត​មាន​ច្រើន​ឡើង ជាពិសេស​ល្បែង​អបាយមុខ​នេះ​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ពលរដ្ឋ​នៅ​ជនបទ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​បណ្តោយ​ឲ្យ​មាន​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ និង​បរាជ័យ​ក្នុង​ការ​អនុវត្ត​ខ្លឹមសារ​ច្បាប់​ស្ដីពី​ល្បែង​ស៊ី​សង។ លោក​ថា ល្បែង​ស៊ី​សង​ពុំ​មែន​តែ​កើត​មាន​តែ​នៅ​ឃុំ​សំអាង ទេ គឺ​ស្ទើរ​តែ​គ្រប់​តំបន់​នៅ​ខែត្រ​ស្ទឹងត្រែង ជាពិសេស​គឺ​ល្បែង​កន្ទុយ​លេខ កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភូមិ-ឃុំ​មាន​សុវត្ថិភាព សន្តិសុខ​សង្គម អស្ថិរភាព​សង្គម និង​អំពើ​ហិង្សា ជាដើម៖ «ពាក់ព័ន្ធ​ករណី​ហ្នឹង​វា​ចូល​ក្នុង​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ ដែរ ទាក់ទង​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ដែរ។ បើ​គាត់​មិន​ធ្វើ តែ​បើ​ធ្វើ​ហើយ​ដូច​លេងៗ ធ្វើ​ឲ្យ​បទបញ្ជា​ហ្នឹង​បរាជ័យ»

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ឆ្នាំ​១៩៩៦ មាត្រា​៥ ចែង​ថា ចំពោះ​អ្នក​បើក​កន្លែង​លេង​ល្បែង​ស៊ី​សង អ្នក​កាន់​កាប់​ល្បែង​ស៊ី​សង អ្នក​ចាត់ចែង និង​ភ្នាក់ងារ​ស៊ី​សង ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ២០​លាន​រៀល និង​ដាក់​គុក​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles