គ្រួសាររបស់យុវជនឈ្មោះ ហឿន ស៊ុយទ្រី ដែលអាជ្ញាធរចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅខេត្តតាកែវ បាញ់សម្លាប់ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍រកមុខឃាតក។ ចំណែកមន្ត្រីសង្គមស៊ីវិលការពារសិទ្ធិមនុស្សវិញយល់ថា ករណីបាញ់សម្លាប់ជនសង្ស័យដែលគ្មានអាវុធនៅក្នុងដៃ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងខុសច្បាប់។
គ្រួសារចាត់ទុកករណីក្រុមសមត្ថកិច្ចបាញ់សម្លាប់យុវជន ហឿន ស៊ុយទ្រី គឺជារឿងអយុត្តិធម៌ដែលគួរមានការស៊ើបអង្កេត និងរកមុខឃាតកមកទទួលខុសត្រូវ។
ក្រុមគ្រួសារយុវជន ហឿន ស៊ុយទ្រី ថ្លែងថា កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ក្រុមសមត្ថកិច្ចជាច្រើននាក់ដែលអះអាងថា ខ្លួនគឺជាមន្ត្រីព្រះរាជអាជ្ញា និងមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តតាកែវ ទទួលបន្ទុកចុះបង្ក្រាបគ្រឿងញៀន បានចូលទៅចាប់កូនប្រុសរបស់ពួកគាត់វាយខ្នោះ និងបាញ់សម្លាប់ ថ្វីត្បិតតែជនរងគ្រោះពុំមានអាវុធក្នុងដៃយ៉ាងណាក៏ដោយ។
ម្ដាយយុវជន ហឿន ស៊ុយទ្រី គឺលោកស្រី ស៊ុន មួចហៀង រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ថ្លែងប្រាប់អាស៊ីសេរីថា នៅម៉ោងប្រហែល ៦ល្ងាច លោកស្រីបានប្រើកូនប្រុសឲ្យទៅបេះស្វាយនៅក្បែរផ្ទះ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែឮស្នូរកាំភ្លើងបានផ្ទុះឡើងយ៉ាងខ្លាំង ហើយបានធ្វើឲ្យប្ដីលោកស្រីស្ទុះទៅមើលកន្លែងឮស្នូរកាំភ្លើងនោះ ក៏បានឃើញកូនប្រុសដែលប្រើទៅបេះផ្លែស្វាយ បែកក្បាលហូរឈាម និងដៃជាប់ខ្នោះ ព្រមទាំងមនុស្សមានគ្នាប្រហែល ៧នាក់ ដែលអះអាងថាជាសមត្ថកិច្ច កំពុងវាយទាត់ធាក់យ៉ាងឃោរឃៅលើកូនប្រុសលោកស្រីបន្ថែមទៀត ថ្វីត្បិតតែប្ដីលោកស្រីអង្វរកយ៉ាងណាក្ដី។
សាច់ញាតិដដែលនេះបន្តថា ក្រុមអាជ្ញាធរទាំងនោះមិនបានបង្ហាញភស្តុតាង ឬក៏រកឃើញគ្រឿងញៀននៅលើខ្លួនកូនប្រុសរបស់លោកស្រីនោះទេ។
លោកស្រីសង្ឃឹមថា លោក ហ៊ុន សែន និងលោក ស ខេង ជួយជំរុញឲ្យមានការស៊ើបអង្កេតរកយុត្តិធម៌ឲ្យគ្រួសារលោកស្រីដែលជាពលរដ្ឋសាមញ្ញផង៖ «»។
ចំណែកឪពុករបស់យុវជន ហឿន ស៊ុយទ្រី គឺលោក ហម សារី ក៏ថ្លែងថា កូនប្រុសរបស់លោកមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ។ លោកបន្ថែមថា កូនប្រុសរបស់លោកត្រូវបានគេដាក់ខ្នោះដៃមិនដោះចេញនោះទេ ថ្វីត្បិតតែបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីព្យាបាលក្ដី។ ឪពុកដដែលនេះបញ្ជាក់ថា ពេទ្យខេត្តថាគ្មានលទ្ធភាពព្យាបាលឡើយ និងជំរុញឲ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅភ្នំពេញ ហើយពេទ្យនៅភ្នំពេញបញ្ជាក់ថា កូនប្រុសរបស់លោកបានស្លាប់ទៅហើយ ដោយសារត្រូវគ្រាប់កាំភ្លើងចំក្បាលក្រោមស្លឹកត្រចៀក បណ្ដាលឲ្យធ្លាយអំបែងលលាដ៍ក្បាល៖ «»។
អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយជុំវិញករណីឃាតកម្មលើយុវជនឈ្មោះ ហឿន ស៊ុយទ្រី ពីអាជ្ញាធរខេត្តតាកែវ បានទេនៅថ្ងៃទី១១ មីនា។ ចំណែកអគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ ថ្លែងថា លោកមិនទាន់ទទួលបានសំណុំរឿងនេះនៅឡើយទេ ហើយលោកក៏មិនទាន់ដឹងថា តើភាគីណាជាអ្នកខុស ជុំវិញការស្លាប់របស់យុវជនឈ្មោះ ហឿន ស៊ុយទ្រី នោះដែរ៖ «»។
ឪពុកម្ដាយយុវជន ហឿន ស៊ុយទ្រី បញ្ជាក់ថា កូនប្រុសរបស់ពួកគាត់ធ្លាប់ជាអ្នកប្រើប្រាស់ថ្នាំញៀនដែរ ប៉ុន្តែបានសន្យាឈប់ប្រើប្រាស់វិញអស់ប្រហែលមួយខែមកហើយ។ ពួកគាត់ក៏សង្កត់ធ្ងន់ថា ថ្វីត្បិតតែធ្លាប់ប្រើប្រាស់ តែយុវជន ហឿន ស៊ុយទ្រី មិនធ្លាប់ធ្វើការលក់ដូរគ្រឿងញៀននោះទេ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា តាមផ្លូវច្បាប់ ប្រសិនបើអាជ្ញាធរបើកការបាញ់ប្រហារលើជនណាម្នាក់រហូតបណ្ដាលឲ្យស្លាប់ ទាំងដែលជននោះគ្មានអាវុធ ឬកាំភ្លើងក្នុងដៃ គឺជាបទល្មើសឃាតកម្មដោយចេតនា និងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ហើយជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «»។
ឪពុកម្ដាយយុវជន ហឿន ស៊ុយទ្រី ថ្លែងថា ដោយសារពួកគាត់ជាពលរដ្ឋសាមញ្ញមិនយល់ដឹងច្រើន ដូច្នោះមិនទាន់គិតគូរដាក់ពាក្យបណ្ដឹងទៅស្ថាប័នណាមួយ ដើម្បីស្វែងរកយុត្តិធម៌នៅឡើយទេ ម្យ៉ាងវិញទៀត ដោយសារកំពុងជាប់រវល់រៀបចំពិធីបុណ្យសពឲ្យកូនប្រុសចប់សព្វគ្រប់សិន៕