Clik here to view.

តំណាងរាស្ត្រគណបក្សប្រឆាំងកំពុងព្រាងសេចក្តីស្នើកែច្បាប់បោះឆ្នោតទៅរដ្ឋសភា ដើម្បីសម្រួលដល់ពលករចំណាកស្រុកជាង ១លាននាក់ អាចចុះឈ្មោះបោះឆ្នោតនៅតាមប្រទេសដែលពួកគេកំពុងធ្វើការ ឬរស់នៅបាន។ ចំពោះតំណាងរាស្ត្រគណបក្សកាន់អំណាចវិញ មិនគាំទ្រចំពោះការស្នើឲ្យកែប្រែច្បាប់បោះឆ្នោត ដែលតម្រូវឲ្យកម្មករ ឬពលរដ្ឋខ្មែររស់នៅបរទេសមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសនោះឡើយ។
តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងនៅថ្ងៃទី៦ សីហា ថា សេចក្តីស្នើកែប្រែច្បាប់នោះ នឹងដាក់ជូនរដ្ឋសភានៅសប្ដាហ៍ក្រោយ។ លោកបន្តថា ខ្លឹមសារសំខាន់ គឺការរៀបចំជំពូកមួយទៀតដាច់ដោយឡែក ដើម្បីផ្ដោតលើពលរដ្ឋកម្ពុជា ដែលរស់នៅនៅក្រៅប្រទេស៖ «មួយ ចំពោះការប្រើប្រាស់ស្ថានទូត ស្ថានកុងស៊ុលរបស់ខ្មែរនៅក្រៅប្រទេស ជាអ្នកសម្របសម្រួលក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីផ្តល់លទ្ធភាពឲ្យពលរដ្ឋនៅខាងក្រៅអាចនឹងទៅចុះឈ្មោះ ហើយអាចបង្កើតការិយាល័យបោះឆ្នោតដើម្បីឲ្យបងប្អូនយើងអាចបោះឆ្នោតបាន។ ផ្នែកមួយទៀត និយាយពីពលរដ្ឋដែលនៅជាប់ប្រទេស ដូចជានៅប្រទេសថៃ យើងបង្កើតឲ្យមានការរៀបចំទីតាំងចុះឈ្មោះនៅតាមព្រំដែន»។
បើតាមលោក សុន ឆ័យ សេចក្តីស្នើកែប្រែច្បាប់នេះត្រូវការតំណាងរាស្ត្រយ៉ាងហោចណាស់ចំនួន ៦៣រូបនៅក្នុងអង្គប្រជុំសភា ដើម្បីគាំទ្រ និងសម្រេចអនុម័ត។ បញ្ហានេះ គណបក្សប្រឆាំងត្រូវការសំឡេងពីតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៨រូបទៀត ដើម្បីអាចធ្វើរឿងនេះទៅរួច។
អាស៊ីសេរី មិនអាចទាក់ទងតំណាងគណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃទី៦ សីហា។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចធ្លាប់ឲ្យដឹងថា វាមិនមែនជាការចាំបាច់ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនោះទេ ដោយសារការអនុវត្តច្បាប់នេះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់កន្លងទៅ បានបង្ហាញពីភាពប្រសើរនៃការរៀបចំការបោះឆ្នោត បើធៀបនឹងអាណត្តិមុនៗ។
រីឯ គ.ជ.ប វិញ បញ្ជាក់ថា ការជជែកពីការកែសម្រួលឲ្យមានការរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅបរទេស លែងជាប្រធានបទសម្រាប់ការពិភាក្សាទៀតហើយ។ គ.ជ.ប នឹងផ្ញើរបាយការណ៍រួមពីការងាររៀបចំការបោះឆ្នោតជូនរដ្ឋសភានៅពេលខាងមុខ។ គ.ជ.ប អះអាងថា ច្បាប់មិនបានផ្តល់សិទ្ធិឲ្យស្ថាប័នរបស់ខ្លួនស្នើកែប្រែច្បាប់នោះទេ។
គម្រោងស្នើកែប្រែច្បាប់បោះឆ្នោតរបស់គណបក្សប្រឆាំង លេចឡើងខណៈនៅមិនដល់រយៈពេលមួយខែទៀត គ.ជ.ប នឹងចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោត។
លោក សុន ឆ័យ នៃគណបក្សប្រឆាំងយល់ថា ប្រសិនបើអ្នកនយោបាយមានឆន្ទៈជជែកពីរឿងនេះ ពេលវេលាដែលនៅសល់ទម្រាំដល់ថ្ងៃចុះឈ្មោះគ្រប់គ្រាន់សម្រាប់ការពិភាក្សាស្ដីពីច្បាប់នេះ៖ «នៅស្រុកខ្មែរ បើមានឆន្ទៈ គ្មានអីយូរទៀត។ យើងមើលវិសោធនកម្មច្បាប់បោះឆ្នោត ស្នើភ្លាមចូលជាធរមានភ្លាម គឺថាលឿនណាស់ នៅពេលនាយករដ្ឋមន្ត្រីចង់បានច្បាប់បែបហ្នឹង។ ដូចគ្នាដែរ បើយើងមានឆន្ទៈដើម្បីជួយដល់ពលរដ្ឋឲ្យបំពេញការងារ បំពេញកាតព្វកិច្ចគាត់ស្របតាមរដ្ឋធម្មនុញ្ញ មិនពិបាកទេ។ ដូច្នេះ យើងធ្វើសំណូមពរហើយសំណូមពរទៀត ឲ្យគណបក្សកាន់អំណាចគាត់ចូលរួមផង»។
ពលករចំណាកស្រុកដែលមានសិទ្ធិបោះឆ្នោតមានជាង ១លាននាក់ក្នុងចំណោមពលរដ្ឋខ្មែរសរុបប្រមាណ ២លាននាក់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។
សង្គមស៊ីវិលលើកឡើងថា តំណាងរាស្ត្រគួរជំរុញឲ្យពលករកម្ពុជា នៅក្រៅប្រទេសទាំងនោះអាចចុះឈ្មោះបោះឆ្នោតបាន ដើម្បីឲ្យស្របតាមរដ្ឋធម្មនុញ្ញដែលចែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នា មានសិទ្ធិបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជូន។ល។
ម្យ៉ាងទៀត ពលករទាំងនោះបានផ្ញើប្រាក់ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទិន្នន័យរបស់ក្រសួងការងារ នៅឆ្នាំ២០១៦ បានបង្ហាញថា ក្នុងមួយឆ្នាំៗ ពលករចំណាកស្រុកផ្ញើប្រាក់មកឲ្យគ្រួសារនៅស្រុកកំណើតចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕