Clik here to view.

ក្រសួងមហាផ្ទៃ លើកឡើងថា បណ្ដុំអង្គការហៅថា បន្ទប់ស្ថានការណ៍ ដែលធ្វើការរួមគ្នាឃ្លាំមើលការបោះឆ្នោតនោះ ប្រហែលជាត្រូវហាមប្រាមមិនឲ្យមាន ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលក្នុងឆ្នាំ២០១៨ ខាងមុខឡើយ ដោយចោទថា បណ្ដុំអង្គការទាំងនេះមានគោលដៅប្រឆាំងរដ្ឋាភិបាលទៅវិញ។ រីឯមន្ត្រីសង្គមស៊ីវិល ស្នើឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញ និងផ្តល់ឱកាសក្នុងការជួបពិភាក្សាគ្នាឲ្យបានឆាប់។
ថ្វីត្បិតតែមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការជួបពិភាក្សាគ្នារវាងក្រសួងមហាផ្ទៃ និងក្រុមការងារនៃបន្ទប់ស្ថានការណ៍ក្តី ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ហាក់បានឆ្លើយតបជាអវិជ្ជមានជូនក្រុមការងារបន្ទប់ស្ថានការណ៍រួចបាត់ទៅហើយ។
លោក ខៀវ សុភ័គ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ ខែសីហា ថា ក្រសួងមហាផ្ទៃ ប្រហែលជាមិនអនុញ្ញាតឲ្យបន្ទប់ស្ថានការណ៍បន្តការងាររបស់ខ្លួនសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០១៨ ឡើយ។ លោកចោទថា ការបង្កើតបន្ទប់ស្ថានការណ៍ឃ្លាំមើលកន្លងទៅ គឺមានបំណងមិនល្អជាមួយរដ្ឋាភិបាល បន្ទាប់ពីក្រុមអង្គការនេះបង្ហាញលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដូចគ្នានឹងបក្សប្រឆាំងដែរ៖ «ទៅមិនរួចទេ ប្រហែលជាមិនឲ្យទេ និយាយចឹងតែម្តង។ បើចង់បានលុយអី ទៅជួយអ្នកភៀសខ្លួន ជួយអ្នកលិចទឹកឥឡូវទៅ យកលុយគេមកជួយប្រជាពលរដ្ឋទៅ កុំមកយកលុយគេធ្វើប្រឆាំងចឹង វាមិនបានប្រយោជន៍អីទេ»។
ទន្ទឹមគ្នានេះ លោក ខៀវ សុភ័គ ឲ្យដឹងដែរថា ខាងក្រសួងមហាផ្ទៃ នៅមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការជួបពិភាក្សាជាមួយក្រុមការងារនៃបន្ទប់ស្ថានការណ៍ឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ខាងក្រសួងកំពុងធ្វើលិខិតឆ្លើយតបវិញ។
រីឯមន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ស្នើឲ្យអ្នកនាំពាក្យក្រសួងមហាផ្ទៃ សិក្សា និងពិចារណាឡើងវិញចំពោះការចោទប្រកាន់ និងការហាមប្រាមបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងឃ្លាំមើលការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ៖ «ខ្ញុំគិតថាប្រហែលជាលោកមានការយល់ច្រឡំ ហើយសូមលោកពិចារណាឡើងវិញនូវចំណុចទាំងអស់គ្នា ព្រោះថាធម្មតាសង្គមប្រជាធិបតេយ្យមួយ វាតែងតែមានការចូលរួមពីសង្គមស៊ីវិល ហើយអ្វីដែលជាបញ្ហារដ្ឋាភិបាលបានធ្វើ ចំណុចខ្វះខាត ឬចំណុចដែលត្រូវកែលំអ អាហ្នឹងជាចំណុចមួយដែលត្រូវតែមាន»។
ទោះយ៉ាងណា ក្រុមការងារនៃបន្ទប់ស្ថានការណ៍នៅតែទទូចសុំជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីសិទ្ធិស្របច្បាប់ក្នុងការសហការរបស់សង្គមស៊ីវិល ក្នុងសកម្មភាពសង្កេតការណ៍បោះឆ្នោត។
លោក កន សាវាង្ស បន្ថែមថា ប្រសិនបើសង្គមស៊ីវិលមិនត្រូវបានគេអនុញ្ញាតឲ្យប្រមូលផ្តុំគ្នាដើម្បីឃ្លាំមើលដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ទេ នឹងបណ្ដាលឲ្យមានការលំបាកច្រើន ជាពិសេសនៅពេលមានបញ្ហាកើតឡើង គឺខ្វះសាក្សីដឹងឮ និងជួយបញ្ជាក់ប្រាប់ដល់សាធារណជន។ លោកបន្តថា យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ជាដើម គឺភាគីអង្គការសង្គមស៊ីវិលមានសិទ្ធិចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត ដើម្បីរាយការណ៍អំពីភាពមិនប្រក្រតីនានា៖ «ប្រសិនបើសង្គមស៊ីវិលអត់បានចូលរួម ហើយការបោះឆ្នោតនេះមានតែភាគី គ.ជ.ប ហើយនិងរៀបចំសហការរួមជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាលគឺជាគណបក្សម្ខាងទៀតដែលកាន់អំណាច អ៊ីចឹងប្រសិនបើមានបញ្ហាកើតឡើងថា តើអ្នកណាមួយបង្ហាញថាការបោះឆ្នោតនេះត្រឹមត្រូវ ឬក៏យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ? តើប្រជាពលរដ្ឋត្រូវសួរអ្នកណា?»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃទី៦ ខែសីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី៤ កក្កដា លោក ស ខេង បានចេញលិខិតចាត់ទុកសកម្មភាពការងាររបស់បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតរបស់សង្គមស៊ីវិល នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថាអនុវត្តផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបញ្ជាឲ្យក្រុមការងារនៃបន្ទប់ស្ថានការណ៍ បញ្ឈប់សកម្មភាពរបស់ខ្លួន។ ការប្រកាសនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក ស ខេង ពិនិត្យផ្លូវច្បាប់ចំពោះបន្ទប់ស្ថានការណ៍ ដែលលោក ហ៊ុន សែន ចាត់ទុកថាមាននិន្នាការគាំទ្របក្សប្រឆាំង ក្រោយពីបន្ទប់ស្ថានការណ៍វាយតម្លៃថា ការបោះឆ្នោតឃុំ-សង្កាត់កាលពីពេលកន្លងទៅនៅមិនទាន់មានភាពសេរី និងត្រឹមត្រូវពេញលេញនៅឡើយនោះ។
ទោះជាយ៉ាងណា សង្គមស៊ីវិលបដិសេធថា សកម្មភាពដែលពួកគេបានធ្វើ គឺមិនផ្ទុយនឹងច្បាប់ឡើយ។ ក្នុងពេលជាមួយគ្នា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏ស្នើឲ្យរដ្ឋាភិបាលលុបចោលបទបញ្ជាបិទបន្ទប់ស្ថានការណ៍ ដោយអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកបទបញ្ជារបស់ក្រសួងមហាផ្ទៃ នេះ ថាជាចេតនារបស់រដ្ឋាភិបាល ដើម្បីពង្រីកការរឹតត្បិតលើការងាររបស់សង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការបោះឆ្នោត មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់៕