Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​ស្រែគរ​និង​ពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បើក​ផ្លូវ​ចូល​ឃុំ​ស្រែគរថ្មី

$
0
0

មេ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ចោទ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថា​នៅ​តែ​បន្ត​ដាក់​បារាស​ហាម​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចេញ​ចូល​ភូមិ​ស្រែគរថ្មី ដោយ​លើក​ហេតុផល​ថា ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន។ បញ្ហា​នេះ បង្ក​រាំង​ខ្ទប់​ការ​អភិវឌ្ឍ​មូលដ្ឋាន ខណៈ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មាន​បំណង​ចង់​អភិវឌ្ឍ​ឃុំ​ស្រែគរ ត្រូវ​ខកខាន។

មេ​ឃុំ​ស្រែគរ កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​រឹតត្បិត​សេរីភាព​ចេញ​ចូល​ភូមិ​ស្រែគរថ្មី ឃុំ​ស្រែគរ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​របស់​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​ក្រុមហ៊ុន បាន​ដាក់​បារាស​រារាំង​អ្នក​ខាង​ក្រៅ​មិន​ឲ្យ​ចេញ​ចូល​ឃុំ​ស្រែគរ។

មេ​ឃុំ​ស្រែគរ ស្រុក​សេសាន លោក សៀក មេគង្គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ សីហា ថា ផ្លូវ​ចូល​ភូមិ​ស្រែគរថ្មី ត្រូវ​ឆ្លង​កាត់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​មាន​បារាស​តាម​ផ្លូវ​ពីរ​កន្លែង ដោយ​មាន​មន្ត្រី​អាវុធហត្ថ​ចាំ​យាម។ មន្ត្រី​អាវុធហត្ថ​ទាំងនោះ​បាន​សួរ​នាំ​អ្នក​ខាង​ក្រៅ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ពី​គោល​បំណង​ទៅ​ភូមិ​ស្រែគរថ្មី និង​បង្គាប់​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខែត្រ​ជា​មុន​សិន ទើប​ពួក​គាត់​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចូល​ភូមិ​ស្រែគរថ្មី។

លោក​កត់​សម្គាល់​ថា កន្លង​ទៅ អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​មាន​បំណង​ជួយ​អភិវឌ្ឍ​ឃុំ​ស្រែគរ ដូចជា​ទឹក​ស្អាត និង​អនាម័យ ក៏​មន្ត្រី​អាវុធហត្ថ​រារាំង​ដែរ។ បញ្ហា​នេះ​លោក​ចាត់​ទុក​ថា​បង្ក​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ត្បិត​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក​ស្អាត និង​ការ​ខកខាន​មិន​បាន​ធ្វើ​កសិកម្ម​ផង៖ «ថ្ងៃ​មុន​អង្គការ​គេ​មក​ជួយ​អ្នក​ជំងឺ​នៅ​ឃុំ​ស្រែគរ សោះ បែរ​ជា​មិន​ឲ្យ​ចូល ត្រង់​ហ្នឹង​ហើយ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ចាស់​គេ​មិន​ចង់​មក គេ​ឈឺ​គ្រុន​គេ​សុខ​ចិត្ត​បិទ​សិទ្ធិ​សេរីភាព​ទេ។ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ដំណើរ​ដើរ​ហើរ​តើ ហើយ​យើង​បិទ​សិទ្ធិ​សេរីភាព​ចឹង ជា​ការ​រំលោភ​សិទ្ធិ​ទាំងស្រុង​ហើយ»

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ថ្លែង​ថា ការ​ដាក់​បារាស​នេះ​ពុំ​ជាប់​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ក្រុមហ៊ុន​ទេ គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​អ្នក​ខាង​ក្រៅ​ចង់​ចូល​ភូមិ​ស្រែគរថ្មី ត្រូវ​ដាក់​លិខិត​ស្នើសុំ​ទៅ​រដ្ឋបាល​ខែត្រ​ស្ទឹងត្រែង សិន។ ចំណែក​ឯ​ពលរដ្ឋ​វិញ អាជ្ញាធរ​ពុំ​បាន​រារាំង​នោះ​ទេ។ លោក​ថា ក្រុមហ៊ុន​កំពុង​សាងសង់​សំណង់​រឹង​នៅ​ការដ្ឋាន​វារីអគ្គិសនី ក៏​ជា​ហេតុផល​ការពារ​សុវត្ថិភាព​មិន​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល​ដែរ៖ «អា​ហ្នឹង​ទាក់ទង​សុំ​ការ​អាជ្ញាធរ​ខែត្រ។ បើ​សិន​ជា​អ្នក​ចង់​ចូល គេ​ទាក់ទង​ដាក់​លិខិត​ទៅ​ខែត្រ ខែត្រ​គេ​ឲ្យ​ចូល​តើ មាន​ទៅ​ហាមឃាត់​អី»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ មន្ត្រី​អាវុធហត្ថ​ដែល​យាម​នៅ​បារាស​ច្រក​ចូល​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​រារាំង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ចូល​ភូមិ​ស្រែគរថ្មី ដោយ​លើក​ហេតុផល​ថា ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខែត្រ​សិន។ ក្រោយ​មក អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​បាន​ទូរស័ព្ទ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខែត្រ ហើយ​អាជ្ញាធរ​ខែត្រ​ឆ្លើយតប​ថា គេ​នឹង​ទាក់ទង​សុំ​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ក៏ប៉ុន្តែ​នៅ​តែ​ពុំ​មាន​លទ្ធផល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល នៅ​តែ​មាន​មន្ទិល​ថា បច្ចុប្បន្ន​ផ្លូវ​ឆ្ពោះ​ទៅ​ភូមិ​ស្រែគរថ្មី នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ពលរដ្ឋ និង​សាធារណជន​ធ្វើ​ដំណើរ​ទំនាក់ទំនង​សេដ្ឋកិច្ច ដោយសារ​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​នៅ​តាម​បារាស​ចូល​ក្រុមហ៊ុន។ ដោយឡែក​ការ​រឹតត្បិត​សេរីភាព​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង​សាធារណជន ក៏​ជា​ឧបសគ្គ​មួយ​ទៀត​ដល់​ការ​អភិវឌ្ឍ និង​ការ​ទំនាក់ទំនង​សេដ្ឋកិច្ច ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ពិចារណា​ឡើង​វិញ ជៀសវាង​ពន្យារ​ពេល​នាំ​ឲ្យ​បញ្ហា​កាន់​តែ​រីក​ធំ​ឡើង៖ «ដល់​ពេល​គាត់​ចង់​ចូល​ជួយ បែរ​ជា​មិន​បាន​ជួយ ដោយសារ​យើង​ទៅ​ផ្លូវ​ត្រពាំង​ក្រហម​នៅ​ខែត្រ​រតនគិរី វា​ឆ្ងាយ»

អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់​ថា ការ​រឹតត្បិត​សេរីភាព​ចេញ​ចូល និង​ការ​ផ្តាច់​ស្ពាន​ស្រែពក ដោយ​មិន​បាន​កសាង​ស្ពាន​ផ្សេង​ជំនួស គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​របស់​រាជ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ព្រោះ​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង គឺ​ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ជាមួយ​រដ្ឋាភិបាល៖ «អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ផ្លូវ​ហ្នឹង​បើក​សម្រាប់​អ្នក​ណា? ហើយ​អ្នក​ណា​ដែល​ហាម​មិន​ចូល ព្រោះ​បើ​សិន​យើង​មើល​ស្ថានភាព​ជាក់ស្តែង អ្នក​ភូមិ​គាត់​អាច​ធ្វើ​ដំណើរ​ចុះ​ឡើង​បាន សម្រាប់​អ្នក​ភូមិ​ស្រែគរថ្មី តែ​សម្រាប់​អ្នក​ភូមិ គឺ​អ្នក​ពី​ខាង​ក្រៅ​ចូល​អត់​បាន។ កន្លែង​ហ្នឹង​តើ​មាន​ន័យ​យ៉ាង​ម៉េច

មក​ទល់​ពេល​នេះ ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឃុំ​ស្រែគរ មាន​ចំនួន ៣៤០​គ្រួសារ ហើយ​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ ១២០​គ្រួសារ និង​នៅ​ឃុំ​ក្បាលរមាស ៥៨​គ្រួសារ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


បើ​ជា​ខ្មែរ ត្រូវ​ចេះ​«សំពះ» !


​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា


ញាក់សាច់! ប្រវត្តិតួសិចកូនកាត់បារាំង-វៀតណាម Céline Tran...


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


លោក សម សារី ជាវិរបុរសខ្មែរ


Kethya.sean​ Patriotic songជីវប្រវត្តិសង្ខេបរបស់អ្នកស្រីហួយមាស ភាគ 4


លោក លន់​ នល់៖ "មនុស្សកើតរាល់ថ្ងៃ តែទឹកដីមិនកើតរាល់ថ្ងៃនោះទេ...


ប្រវត្តិ​ របស់លោកជាម យៀប - រៀបរៀងដោយ៖ យូ សារាវុឍ្ឍ


រ៉ាដាថៃចាប់បានយន្តហោះគ្មានអត្តសញ្ញាណមួយ នៅយប់យន្តហោះម៉ាលេបាត់ខ្លួន -...