
អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រតិកម្មចំពោះព័ត៌មានក្រៅផ្លូវការមួយដែលថា សមាជិកសភាអាល្លឺម៉ង់ ប៉ុនប៉ងធ្វើអន្តរាគមន៍ជួយឲ្យមានការដោះលែងលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ពីការជាប់ពន្ធនាគារ ដោយសារយល់ថា លោកទាំងពីរជាអ្នកទោសនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មជាសារតាមតេឡេក្រាមនៅថ្ងៃទី៦ សីហា ថា ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសនីតិរដ្ឋមួយនៅក្នុងសហគមន៍អឺរ៉ុប គប្បីគិតគូរជាមុនឲ្យគ្រប់ជ្រុងជ្រោយ មុននឹងធ្វើអន្តរាគមន៍ណាមួយលើករណីលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន។
លោក សុខ ឥសាន មានប្រសាសន៍ថា សាររបស់លោកជាសារព្រមានមុន ទៅនឹងព័ត៌មានដែលថា មានសេចក្ដីព្រាងរបស់សមាជិកសភាអាល្លឺម៉ង់ មួយចំនួន ចង់ធ្វើអន្តរាគមន៍ដូច្នេះ ហើយលេចឮចេញពីគណបក្សសង្គ្រោះជាតិ៖ «ខ្ញុំនិយាយតែប្រធានបទទេ ខ្ញុំថាបើ។ បើមានការអន្តរាគមន៍អ៊ីចឹងមែន ហើយមិនមែនជាសភាទាំងមូលទេ ជាសមាជិកសភាមួយចំនួនតូច ហើយគាត់គ្រាន់តែព្រាងទេ តាមពិតនោះ។ តែយើងថាឲ្យហើយទៅ អាហ្នឹងខ្លឹមសារវានៅតែទិសដៅតែមួយហ្នឹង»។
សាររបស់លោកសរសេរទៀតថា ការចង់អន្តរាគមន៍នេះនៅមិនទាន់ដឹងតាមវិធីណាទេ ហើយប្រទេសអាល្លឺម៉ង់ ជាប្រទេសនីតិរដ្ឋមួយនៅក្នុងសហគមន៍អឺរ៉ុប។ លោកបន្តថា បើមានអន្តរាគមន៍ពីសមាជិកសភាអាល្លឺម៉ង់ មែននោះ មានន័យថា អស់លោកអាល្លឺម៉ង់ មិនចង់ឲ្យកម្ពុជា ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទេ ដោយហេតុថា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន មិនមែនជាអ្នកទោសនយោបាយទេ តែលោកទាំងពីរនាក់នេះ គឺជាអ្នកនយោបាយបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ ហើយត្រូវមានទោស។ លោកព្រមានថា ឲ្យគិតមុនធ្វើអន្តរាគមន៍ ប្រយ័ត្នសិស្សប្រជាធិបតេយ្យប្រដៅលោកគ្រូប្រជាធិបតេយ្យ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បដិសេធនៅថ្ងៃដដែលនេះ ដោយបញ្ជាក់ថា ខាងគណបក្សលោកមិនមានព័ត៌មានអំពីគម្រោងអន្តរាគមន៍របស់សមាជិកសភាអាល្លឺម៉ង់ នេះទេ។
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ ក្រោមបទចោទចំនួន៣ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
កាលថ្ងៃទី២៩ ខែមិថុនា សាលាឧទ្ធរណ៍ចេញសេចក្ដីសម្រេចតម្កល់ការចោទប្រកាន់ និងការផ្ដន្ទាទោសតាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយឲ្យលោក ហុង សុខហួរ ជាប់ឃុំ ៧ឆ្នាំដដែល។
មេធាវីការពារក្ដីឲ្យលោក ហុង សុខហួរ គឺលោកមេធាវី ជូង ជូងី ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ ថាមិនបានផ្ដល់យុត្តិធម៌សម្រាប់កូនក្ដីលោកទេ ព្រោះតុលាការមិនបានបញ្ជាអ្នកជំនាញផ្នែកសន្ធិសញ្ញាមកបំភ្លឺក្នុងសវនាការ។ លោកបានប្ដឹងសារទុក្ខទៅតុលាការកំពូល បន្តទៀត។
តុលាការក្រុងភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួនលោក ហុង សុខហួរ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ គឺ ២ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនពេលដែលលោកនៅមានអភ័យឯកសិទ្ធិជាសមាជិកព្រឹទ្ធសភានៅឡើយ។ លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ថា ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដោយអះអាងថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
រីឯលោក អ៊ុំ សំអាន ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀលកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផ្សព្វផ្សាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយតាមក្រមព្រហ្មទណ្ឌ។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ក្រោយពេលលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។ ករណីលោក កំពុងឋិតនៅក្នុងសមត្ថកិច្ចតុលាការកំពូល។
លោក ជូង ជូងី មានប្រសាសន៍ថា រហូតមកដល់ខែសីហា នេះ លោកនៅមិនទាន់មានព័ត៌មានតបពីតុលាការកំពូល នៅឡើយទេ សម្រាប់ករណីទាំងពីរនេះ៕