តំណាងរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍របាយការណ៍ប្រចាំឆ្នាំផ្ទាល់មាត់របស់មន្ត្រីការិយាល័យឧត្ដមស្នងការ និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ថាបានជ្រើសរើសយកតែជ្រុង ម្ខាងនៃបញ្ហា ហើយលាបពណ៌អវិជ្ជមានចំពោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលប្រាសចាកទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្ដែង។
តំណាងរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ផ្នែកសិទ្ធិមនុស្សនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ថាយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ធ្វើជាឧបករណ៍បង្ខូចឈ្មោះរដ្ឋាភិបាលនៅពេលដែលមានការបោះឆ្នោតម្ដងៗ។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ លោក ណី សំអុល បានឡើងការពារនៅក្នុងសម័យប្រជុំទៀងទាត់លើកទី៣៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៩ ខែមីនា នៅហ្សឺណែវ ប្រទេសស្វីស (Geneva) ថា សេចក្ដីថ្លែងការណ៍ផ្ទាល់មាត់នោះ បានមើលរំលងពីការវិវឌ្ឍន៍ និងការតាំងចិត្តដ៏សុចរិតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្សមានជាអាទិ ការបន្តអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលជាមួយនឹងការិយាល័យឧត្ដមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សសម្រាប់រយៈពេល ២ឆ្នាំទៀត។
ផ្ទុយទៅវិញ ដោយផ្អែកលើព័ត៌មានខ្វះចន្លោះ ដោយជ្រើសរើសបញ្ហាកង្វះខាតដែលមិនឆ្លើយតបនឹងភាពជាក់ស្ដែងខ្លះៗ ហើយបង្ខំឲ្យគណៈប្រតិភូធ្វើការឆ្លើយតបដូចជា កម្ពុជានៅតែបន្តប្ដេជ្ញាការពារសិទ្ធិបុគ្គល និងសេរីភាពនៃការបញ្ចេញមតិ។ ក៏ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិនេះ មិនមែនជាសិទ្ធិដាច់ខាតនោះទេ ហើយសិទ្ធិនេះគួរតែបានប្រើប្រាស់ប្រកបដោយទំនូលខុសត្រូវក្រោមយុត្តាធិការច្បាប់ និងបញ្ញត្តិដែលកំពុងអនុវត្ត។ ដូច្នេះអ្នកប្រើប្រាស់សិទ្ធិមិនគួរលាក់ខ្លួនក្រោមម្លប់សិទ្ធិមនុស្សដើម្បីបង្កអស្ថិរភាពសម្រាប់គោលបំណងពិសពុលរបស់ខ្លួនឡើយ។
លោក ណី សំអុល៖ «នៅកម្ពុជា ច្បាប់ត្រូវបានអនុវត្តដោយមិនរើសមុខចំពោះគណបក្សនយោបាយ អង្គភាព ឬបុគ្គលណាមួយឡើយ។ ចំណែកដំណើរការបង្កើតច្បាប់ រួមទាំងច្បាប់ស្ដីពីវិសោធនកម្មស្ដីពីគណបក្សនយោបាយ ត្រូវបានប្រព្រឹត្តិទៅស្របនឹងរដ្ឋធម្មនុញ្ញ រួមទាំងក្រឹត្យក្រម និងបទដ្ឋានអន្តរជាតិ។ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស ឬក៏ជាសមាជិកនៃអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងសិទ្ធិមនុស្សមិនមានន័យថា ពួកគេរួចផុតពីការកាត់ទោសសម្រាប់ការប្រព្រឹត្តខុសច្បាប់នោះទេ។ ក្នុងន័យនេះ វាជាការខុសច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងដំណើរការរបស់តុលាការ។ យើងខ្ញុំសង្កេតឃើញថា អង្គភាពខ្លះបានអនុវត្តស្តង់ដារពីរ និងវិធីសាស្ត្ររើសអើងចំពោះរដ្ឋាភិបាលពេលដែលនិយាយដល់បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា»។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា សុំការបំភ្លឺពីបញ្ហានេះបាននៅឡើយ នៅថ្ងៃទី១១ ខែមីនា។
កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិឯកជនរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) លោក ចូសេហ្វ ខាន់ណាតាឈី (Joseph Cannataci) បានបង្ហាញរបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែមីនា នៅទីក្រុងហ្សឺណែវ ដោយបានរិះគន់ច្បាប់ឈ្លបយកការណ៍ ដូចជាលបលួចស្ដាប់ និងថតសំឡេងរបស់អ្នកដទៃ ដែលរដ្ឋាភិបាលមួយចំនួនបានបង្កើតឡើង និងស្នើឲ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកគោរពសិទ្ធិឯកជន ដោយត្រូវចាត់ទុកវាជាសិទ្ធិសកលនៅសម័យបច្ចេកវិទ្យាទំនើប។
លោកជឿជាក់ថា វិធានខ្លះក្នុងច្បាប់នេះ មានចរិតនយោបាយ ដោយអ្នកនយោបាយត្រូវបានគេមើលឃើញថា មានចេតនាធ្វើអ្វីមួយ បើទោះជាច្បាប់នោះមិនផ្ដល់ប្រយោជន៍នៅពេលអនុវត្តជាក់ស្ដែងក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា បញ្ជាក់ថា ការលើកឡើងនេះស្ថិតនៅក្នុងការសង្ខេបរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសជាង ៤០ នៅទូទាំងពិភពលោកដែលប្រមូលបាន។
សម្រាប់ស្ថានភាពនៅប្រទេសកម្ពុជា ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក ហ្សែត រ៉ាអេដ អាល់ហួសេន (Zeid Ra’ad Al Hussein) គូសបញ្ជាក់ពីការគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិរបស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋ ដោយការប្រើតុលាការក្នុងរយៈពេលមុនការបោះឆ្នោត។ រិះគន់ពីការអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវអនុម័តដោយរដ្ឋសភា គ្មានការប្រឹក្សាយោបល់ជាសាធារណៈ ដែលច្បាប់នេះអាចត្រូវប្រើសម្រាប់រំលាយគណបក្សប្រកួតប្រជែង ហើយថា ច្បាប់នេះប្រាសចាកឆ្ងាយពីបទដ្ឋានសិទ្ធិមនុស្សនៃសេរីភាពប្រមូលផ្តុំ។
ការបន្តឃុំខ្លួនជាង ១០ខែ ដោយគ្មានភស្តុតាងត្រឹមត្រូវលើអ្នកការពារសិទ្ធិមនុស្ស ដែលបម្រើការនៅសមាគមអាដហុក (ADHOC) ក៏ត្រូវបានគេលើកឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ដែរ។
លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតដែលគួរឲ្យទុកចិត្តបាន លុះត្រាតែធានាថា តុលាការត្រូវតែប្រកាន់ភាពឯករាជ្យ និងមិនកាន់ជើងខាងណា ហើយសេរីភាពបញ្ចេញមតិនៃការប្រមូលផ្តុំដោយអហិង្សា និងការបង្កើតសមាគម គឺត្រូវការពារឲ្យបាន៕