Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​និពន្ធ៖ ការ​ផលិត​សៀវភៅ​សម្រាប់​កុមារ​លំបាក​ខ្លាំង​តែ​ទទួល​ការ​គាំទ្រ​តិច

$
0
0

អ្នក​និពន្ធ​ថា ការ​ផលិត​សៀវភៅ​សម្រាប់​កុមារ​មាន​ការ​លំបាក​ច្រើន តែ​ទទួល​បាន​ការ​គាំទ្រ​តិចតួច។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ការ​តាំង​ពិព័រណ៍​សៀវភៅ​ក្នុង​ទិវា​ជាតិ​អំណាន លើក​ទី​២ ក្រោម​ប្រធានបទ “អាន​ដើម្បី​ភាព​សុខដុម​នៃ​ជីវិត” ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា។

ក្រុម​អ្នកនិពន្ធ​ចាត់​ទុក​ថា សៀវភៅ​កុមារ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កុមារ ដើម្បី​បណ្ដុះ​ទម្លាប់​កុមារ​ក្នុង​ការ​អាន​នៅ​ថ្ងៃ​ខាង​មុខ​របស់​កុមារ ប៉ុន្តែ​ការ​ផលិត​សៀវភៅ​ប្រភេទ​នេះ​កំពុង​ជួប​ការ​ប្រឈម​មួយ​ចំនួន​នៅ​ពេល​ចេញ​លក់​នៅ​លើ​ទីផ្សារ។

ជា​អ្នក​និពន្ធ​សៀវភៅ​សម្រាប់​កុមារ​ជា​ឯកជន និង​ជា​មន្ត្រី​រាជការ​ផង​នោះ អ្នកស្រី ហេង ដារី ថ្លែង​ថា ការ​ផលិត​សៀវភៅ​សម្រាប់​កុមារ គឺ​ជា​មុខ​របរ​ដែល​អ្នកស្រី​ស្រលាញ់ និង​ដោយសារ​អ្នកស្រី​ធ្លាប់​ជា​អ្នក​បោះពុម្ព​ផ្សាយ។ អ្នកស្រី​ថា ការ​ផលិត​សៀវភៅ​សម្រាប់​កុមារ ត្រូវ​គិត​ទៅ​លើ​ចំណង់​ចំណូលចិត្ត ខ្លឹមសារ ប្រភេទ​ពុម្ព​អក្សរ ទំហំ ពណ៌ ប្រភេទ​សន្លឹក​សៀវភៅ និង​រូបរាង​របស់​សៀវភៅ​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត គឺ​លំបាក​ក្នុង​ការ​ស្វែងរក​គំនិត និង​ជាង​គំនូរ​ជាដើម។

​អ្នកស្រី​បន្ថែម​ទៀត​ថា ការ​ផលិត​សៀវភៅ​សម្រាប់​កុមារ​នីមួយៗ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម រហូត​ដល់​ចេញ​ជា​សៀវភៅ​យក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ៖ «ចំពោះ​បង​ចេញ​ដំបូង​អ៊ីចឹង បើ​ដើរ​លក់​តាម​បណ្ណាគារ បណ្ណាគារ​ខ្លះ​គេ​អត់​យក​ទេ សៀវភៅ​កុមារ ព្រោះ​លក់​អត់​ដាច់។ តែ​បណ្ណាគារ​ខ្លះ​គាត់​ទទួល​យក​លក់ ប៉ុន្តែ​រឿង​លុយ​វា​យ៉ាប់ ប៉ុន្តែ​មួយ​ករណី​ទៀត គឺ​យើង​ផ្ញើ​លក់ លក់​បាន​ប៉ុន្មាន​គឺ​គាត់​ឱ្យ​លុយ​ប៉ុណ្ណឹង ហើយ​គាត់​អត់​ត្រូវ​ការ​យក​របស់​យើង​ទៅ​ស្តុក​កន្លែង​គាត់​ទេ ទី​មួយ​បណ្ណាគារ​វា​ចង្អៀត​អី​អ៊ីចឹង ស្តុក​ទុក​គ្រប់​អតិថិជន»។ មួយ​ទៀត​គាត់​អត់​យល់​ថា យើង​ធ្វើ​សៀវភៅ​កូន​ក្មេង គាត់​ស្រែក​ថា​ថ្លៃ។ មួយ​ក្បាល​ថ្លៃ​ណាស់ ៧​ពាន់ ៨​ពាន់​ហ្នឹង​ថ្លៃ​មែន​ទែន ដោយសារ​ទំហំ​អក្សរ​ហ្នឹង ទោះ​កូន​គាត់​ចង់​ទិញ​ទាក់ទាញ​ដោយ​រូប តែ​គាត់​សុខ​ចិត្ត​ទិញ​ទស្សនាវដ្ដី​មួយ​មើល​បាន​មួយ​គ្រួសារ»

​ការ​រចនា​សៀវភៅ​នីមួយៗ អ្នកស្រី​បាន​គិត​អំពី​គុណភាព​សៀវភៅ និង​រូបរាង ដែល​មិន​ប៉ះពាល់​ដល់​ភ្នែក ឬ​បង្ក​ឱ្យ​ក្មេង​មាន​របួស​ជាយថាហេតុ។

បច្ចុប្បន្ន អ្នកស្រី ហេង ដារី បាន​រៀបចំ​សៀវភៅ​សម្រាប់​កុមារ​បាន​ចំនួន ៥​ក្រុម មាន​សៀវភៅ​សម្រាប់​កុមារ​ក្រោម​អាយុ ១​ឆ្នាំ សៀវភៅ​សម្រាប់​ក្មេង​អាយុ​ចាប់​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ សៀវភៅ​សម្រាប់​កុមារ​ដែល​ចេះ​អាន​ច្រើន​ហើយ សៀវភៅ​បែប​កម្សាន្ត និង​សៀវភៅ​បែប​ល្បែង​សិក្សា។

​អ្នក​និពន្ធ​សៀវភៅ​សម្រាប់​កុមារ​ម្នាក់​ទៀត គឺ​កញ្ញា កែម លីហៀង ថ្លែង​ថា ការ​ងាក​មក​ចាប់​យក​អាជីព​ជា​អ្នក​និពន្ធ​សៀវភៅ​សម្រាប់​កុមារ​នេះ គឺ​ដើម្បី​ចែក​រំលែក​នូវ​គំនិត និង​ទស្សនៈ​ដែល​កញ្ញា​ចង់​ផ្ដល់​ទៅ​ឱ្យ​កុមារ និង​យុវជន។ កញ្ញា កែម លីហៀង បន្ថែម​ទៀត​ថា កញ្ញា​មិន​រំពឹង​ទៅ​លើ​អាជីព​ជា​អ្នក​និពន្ធ​នេះ​ដើម្បី​ចិញ្ចឹម​ជីវិត​ទាំង​ស្រុង​នោះ​ទេ៖ «ដោយសារ​ឥឡូវ​យើង​ចង់​លក់​សៀវភៅ​ក្នុង​តម្លៃ​ធូរ​សិន ដើម្បី​ឱ្យ​ក្មេង​គាត់​មាន​ទម្លាប់​ក្នុង​ការ​អាន​សិន នៅ​ពេល​ដែល​គាត់​បាន​ដឹង​អំពី​តម្លៃ​នៃ​សៀវភៅ ហើយ​ចាំ​យើង​គិត​ពី​ផល​ចំណេញ។ នៅ​ពេល​ដែល​យើង​លក់​ក្នុង​តម្លៃ​ថោក​ល្មម ដែល​គាត់​អាច​មាន​លទ្ធភាព​ទិញ ពេល​ដែល​គាត់​ទិញ​ទៅ គាត់​អាន​ទៅ គាត់​ដឹង​ថា សៀវភៅ​មាន​ប្រយោជន៍​សម្រាប់​គាត់ ជួយ​គាត់​បាន​អី​ខ្លះ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ងាក​មក​រក​សៀវភៅ ពេល​ហ្នុង​ឯង​អ្នក​និពន្ធ​យើង​អាច​ដំឡើង​តម្លៃ ឬ​អាច​បោះពុម្ព​សៀវភៅ​ក្រោយ​ទៀត​ឱ្យ​វា​មាន​តម្លៃ​ខ្ពស់​មួយ​ដែល​យើង​អាច​រស់​បាន​នៅ​ពេល​ក្រោយ»

​ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​អ្នក​និពន្ធ​សៀវភៅ​ក្មេង​មួយ​ចំនួន អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន ថ្លែង​ថា ក្រសួង​គាំទ្រ និង​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​ជួយ​ផ្សព្វផ្សាយ និង​បំផុស​កុមារ និង​យុវជន​ឱ្យ​ស្រលាញ់​ការ​អាន​ចំពោះ​ថវិកា គឺ​គ្រឹះស្ថាន​ឯកជន ឬ​អង្គការ គឺ​ត្រូវ​ប្រភព​ទ្រទ្រង់​ដោយ​ខ្លួន​ឯង។

​ទាក់ទង​នឹង​ការ​បំផុស​គំនិត​នៃ​ការ​អាន ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត “ទិវា​ជាតិ​អំណាន” ដើម្បី​ពង្រឹង និង​បំផុស​គំនិត​ពលរដ្ឋ​ឱ្យ​ងាក​មក​ស្រលាញ់​ការ​អាន។ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​មីនា ដែល​ជា​ថ្ងៃ​កំណើត​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ទិវា​ជាតិ​អំណាន។

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រៀបចំ ទិវា​ជាតិ​អំណាន​នេះ​ឡើង បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​ទិវា​នេះ​ឡើង កាល​ពី​ឆ្នាំ​២០១៥។

​ទោះ​យ៉ាង​ណា ក្រុម​អ្នក​និពន្ធ​យល់​ថា ការ​បង្កើត​ទិវា​ជាតិ​អំណាន និង​ការ​បង្កើត​បណ្ណាល័យ​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ពួកគាត់​អំពាវនាវ​ឱ្យ​ក្រសួង​បង្កើត​បណ្ណាល័យ​បន្ថែម​នៅ​តាម​សហគមន៍ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​ក្នុង​ការ​អាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles