មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឲ្យដឹងថា ក្រសួងការបរទេសកំពុងតាមដាន និងពិនិត្យករណីតុលាការវៀតណាម កាត់ទោសប៉ូលិសព្រំដែនកម្ពុជា ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ។ ការឲ្យដឹងដូចនេះ បន្ទាប់ពីក្រសួងការបរទេសទទួលព័ត៌មានពីអគ្គកុងស៊ុល កាលពីយប់ថ្ងៃទី៩ ខែមីនា ពីចំណាត់ការរបស់តុលាការវៀតណាម មកលើពលរដ្ឋកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឲ្យដឹងថា ក្រសួងការបរទេសកំពុងតាមដាន និងពិនិត្យករណីតុលាការវៀតណាម កាត់ទោសប៉ូលិសព្រំដែនកម្ពុជា ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ។ ការឲ្យដឹងដូចនេះ បន្ទាប់ពីក្រសួងការបរទេសទទួលព័ត៌មានពីអគ្គកុងស៊ុល កាលពីយប់ទី៩ ខែមីនា ពីចំណាត់ការរបស់តុលាការវៀតណាម មកលើពលរដ្ឋកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា រដ្ឋាភិបាលកម្ពុជា នៅតែតាមការពារពលរដ្ឋរបស់ខ្លួនទោះនៅកន្លែងណាក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងអាស៊ីសេរី ដឹងថ្ងៃទី១១ ខែមីនា ថា ជាគោលការណ៍ចំពោះប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសវៀតណាម ដូច្នេះ ជាគោលជំហររបស់កម្ពុជា នឹងស្នើទៅប្រទេសដៃគូបញ្ជូនអ្នកទោសជាពលរដ្ឋខ្មែរមកជាប់ទោសនៅកម្ពុជា វិញ។ ប៉ុន្តែលោកថា ករណីនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ លោក ឡាយ ប៊ុនធី មិនទាន់ដឹងប្រមុខរដ្ឋរដ្ឋាភិបាលគិតគូរយ៉ាងនោះទេ៖ «ដូច្នេះផ្នែកជំនាញក្រសួងការបរទេស កំពុងតែពិនិត្យពីករណីហ្នឹង គោលការណ៍កាលណាប្រទេសណាមានបត្យាប័នជាមួយ យើងតែងតែអនុវត្ត ប៉ុន្តែការជាក់ស្តែងក្នុងករណីលោក ឡាយ ប៊ុនធី ក្រសួងការបរទេស ចាត់វិធានការយ៉ាងណា ខ្ញុំអត់ទាន់អាចជម្រាបជូនបានទេ នៅមុនការសម្រេចរបស់ក្រសួងការបរទេស»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បន្តថា ព័ត៌មានដែលលោកទើបទទួលបានគឺនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ លោក ឡាយ ប៊ុនធី ត្រូវបានតុលាការប្រទេសវៀតណាម ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក្នុងករណីបាញ់ពលរដ្ឋវៀតណាម បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់ថា ករណីនេះរដ្ឋាភិបាលប្រគល់ឲ្យក្រសួងការបរទេសជាអ្នកចាត់ចែង អ្វីផ្សេងពីនេះ លោកសុំមិនធ្វើអត្ថាធិប្បាយទេ។ ទោះយ៉ាងនេះក្តី លោកបញ្ជាក់ថា ពលរដ្ឋនឹងត្រូវទទួលបានកិច្ចការពារគ្រប់ទីកន្លែង៖ «ច្បាប់កម្ពុជា និងច្បាប់វៀតណាម ខុសគ្នា ក៏ប៉ុន្តែនៅក្នុងការងារអន្តរជាតិ កម្ពុជា យើងបានចុះនៅក្នុងរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរត្រូវទទួលបានសិទ្ធិការងារដោយរដ្ឋាភិបាល»។
សារព័ត៌មានវៀតណាម Tuoi Tre News ចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ថា នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ លោក ឡាយ ប៊ុនធី ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ពីបទមនុស្សឃាត និង ៥ឆ្នាំទៀត ជាប់ចោទពីបទលួចលាក់ និងប្រើប្រាស់អាវុធខុសច្បាប់លើទឹកដីវៀតណាម។
ការសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ ចុះផ្សាយកាលពីថ្ងៃទី១០ ខែមីនា ដោយដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដោយលោកប្រាប់ថា ករណីនេះជាបទល្មើសជាក់ស្ដែងនៅបរទេស ដូច្នេះមិនអាចធ្វើបត្យាប័នបានឡើយ ប៉ុន្តែអាចធ្វើតាមវិធីធ្វើកិច្ចព្រមព្រៀងផ្ទេរអ្នកទោសឲ្យមកជាប់ទោសនៅប្រទេសកម្ពុជា។ កាសែតដដែលរាយការណ៍ថា បន្ទាប់ពីតុលាការវៀតណាម ប្រកាសសាលក្រម មេធាវីរបស់ប៉ូលិសព្រំដែនខ្មែរ និងភរិយារបស់លោកជាជនជាតិវៀតណាម បានដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទាមទារទម្លាក់ចោលការចោទប្រកាន់។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន និយាយថា ក្នុងករណីមានការប្ដឹងទាស់ទៅឧទ្ធរណ៍បន្ថែមដូចនេះ មិនអាចធ្វើបត្យាប័ន ឬផ្ទេរអ្នកទោស ទាល់តែចប់នីតិវិធី ឬសាលក្រមចូលជាស្ថាពរសិន៖ «គាត់សុខចិត្តទទួលទោសប៉ុណ្ណឹងអ៊ីចឹងទៅណា ធ្វើម៉េចឲ្យសាលក្រមចូលជាស្ថាពរមក ចាំយើងធ្វើបត្យាប័នឲ្យមកជាប់ទោសនៅស្រុកខ្មែរវិញ»។
កាលពីខែធ្នូ ឆ្នាំ២០១៦ បុរសជនជាតិវៀតណាម ឈ្មោះ ង្វៀន ថាញ់ដុង បានធ្វើទារុណកម្ម ដោយប្រើឧបករណ៍ឆក់ មួលក និងមួលប្រដាប់ភេទលើកុមារកម្ពុជាម្នាក់ នៅខេត្តរតនគិរី ប៉ុន្តែបុរសវៀតណាមនោះ រត់គេចទៅដល់ប្រទេសវៀតណាម ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញថា ភាគីវៀតណាម បញ្ជូនមកកាត់ទោសនៅប្រទេសកម្ពុជា នៅឡើយទេ។ ទាក់ទងរឿងនេះ ទាំងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ថា ពួកលោកមិនដឹងរឿងនេះទេ៕