អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រតិកម្មចំពោះការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីដែលអះអាងថា លោកបាននិយាយមិនល្អពីក្រុមគ្រួសារត្រកូល "ហ៊ុន"។
ប្រតិកម្មនេះ ក្រោយពេលលោក ហ៊ុន សែន ថ្លែងជាសាធារណៈដោយចោទប្រកាន់ថា លោក សម រង្ស៊ី បានបរិហារកេរ្តិ៍ក្រុមគ្រួសាររបស់លោក ដែលមិនអាចទទួលយកបាន ហើយទាមទារឲ្យអតីតមេបក្សប្រឆាំង ត្រូវដោះស្រាយទោះក្នុងតម្លៃណាក៏ដោយ។
បើទោះជាបែបណា អតីតប្រធានគណបក្សប្រឆាំង បានបដិសេធការចោទប្រកាន់របស់ប្រធានគណបក្សប្រជាជនកម្ពុជា ថាពុំមែនជាការពិតឡើយ ហើយចាត់ទុកជំហររបស់លោក ហ៊ុន សែន នៅពេលនេះថា ជាការប្រឌិតរឿងរ៉ាវខុសពីការពិត ដើម្បីមួលបង្កាច់រូបលោកទៅវិញ ក្នុងបំណងកម្ទេចជីវិតនយោបាយរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។
ប្រតិកម្មរបស់លោក សម រង្ស៊ី នេះធ្វើឡើងប្រមាណ ១សប្ដាហ៍ក្រោយពេលលោក ហ៊ុន សែន ថ្លែងជាសាធារណៈ ដោយចោទប្រកាន់លោក សម រង្ស៊ី ថាបានដើរនិយាយអាក្រក់ពីក្រុមគ្រួសាររបស់លោក។ អតីតប្រធានគណបក្សប្រឆាំង ដែលធ្លាប់រិះគន់រដ្ឋាភិបាលមិនសំចៃមាត់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី១១ ខែមីនា ដោយបដិសេធថា លោកពុំធ្លាប់និយាយរឿងឯកជនពីគ្រួសាររបស់លោក ហ៊ុន សែន ម្ដងណាទេ។ ថ្វីបើពេលនេះ លោក សម រង្ស៊ី ពុំបាននិយាយចំឈ្មោះថា មន្ត្រីរដ្ឋាភិបាលដែលចោទប្រកាន់លោកថា តែងនិយាយពីក្រោយខ្នងមិនល្អពីគ្រួសារនោះ ជាអ្នកណាក្ដី ទំនងជាអតីតមេបក្សប្រឆាំងរូបនេះ ចង់សំដៅឲ្យលោក ហ៊ុន សែន ដែរ។
អតីតមេបក្សប្រឆាំងដែលហ៊ុមព័ទ្ធទៅដោយបណ្ដឹងជាច្រើនសំណុំរឿងបានហៅការចោទប្រកាន់នេះថា ជាមេដឹកនាំដែលមានចរិតមិនថ្លៃថ្នូរ មិនគិតគូរដោះស្រាយបញ្ហាប្រទេសជាតិ ផ្ទុយទៅវិញ ពូកែចំណាយពេលលួចស្ដាប់ និងថតសំឡេងគេយកទៅកាត់ត ក្នុងបំណងតែម្យ៉ាងគឺដើម្បីលាតត្រដាងរឿងឯកជនរបស់អ្នកដទៃ។ លោក សម រង្ស៊ី បន្តថា បើទោះជាដឹងថា រឿងនោះជារឿងដែលកំប៉ិកកំប៉ុក ឬជារឿងដែលអត់ទាក់ទងផលប្រយោជន៍ជាតិអ្វីសោះក៏ដោយ ក៏ឆ្លៀតប្រឌិតរឿងទាំងនេះ ដើម្បីវាយប្រហារគណបក្សប្រឆាំង និងធ្វើបាបរូបលោកផ្ទាល់ដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមីនា ហាក់បង្ហាញមន្ទិលសង្ស័យចំពោះវត្តមានលោក សម រង្ស៊ី ក្នុងឆាកនយោបាយនេះ។ លោកបន្តថា បើអតីតមេបក្សនេះ បានជាឈប់ទៅហើយ ហេតុដូចម្ដេចនៅបន្តជ្រៀតជ្រែកចូលក្នុងកិច្ចការនេះទៀត៖ «»។
ទាក់ទងរឿងដ៏ចម្រូងចម្រាស និងទំនាស់ផ្នែកនយោបាយនេះ កាលពីថ្ងៃទី៦ ខែមីនា កន្លងទៅនេះដែរ ប្រមុខរដ្ឋាភិបាលចោទប្រកាន់លោក សម រង្ស៊ី ថា ជាមនុស្សមិនស្មោះត្រង់ ចាប់ដៃជាន់ជើង និងមិនខុសអីពីកាំបិតមុខពីរប៉ុន្មាននោះឡើយ ដែលលោកពុំអាចលើកលែងឲ្យបានទេចំពោះរឿងនេះ។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីនេះក្នុងពិធីចែកសញ្ញាប័ត្រនៅកោះពេជ្រ។ លោក ហ៊ុន សែន បញ្ជាក់ជំហរថា លោកមិនដែលខ្លាចនរណាទាំងអស់ ទោះលេងក្នុងរូបភាពណាក៏ដោយ។ ការគំរាមរបស់ប្រធានបក្សកាន់អំណាចនេះ មិនត្រឹមតែធ្វើចំពោះលោក សម រង្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន បានព្រមានរហូតដល់សពឪពុករបស់លោក សម រង្ស៊ី ថែមទៀតផង៖ «»។
ទំនាស់ផ្នែកនយោបាយដែលបង្កើតទៅជាជំងឺដ៏រ៉ាំរ៉ៃទៅហើយនៅពេលនេះ គេសង្កេតឃើញថា កើតឡើងនៅពេលបក្សប្រឆាំងតែងព្យាយាមបង្ហាញពីបញ្ហាដែលបក្សកាន់អំណាចចង់លាក់លៀម។ ផ្តើមចេញពីរឿងមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីឆ្នាំ២០១៣ រហូតបង្កើតបានច្បាប់ស្ដីពី គ.ជ.ប ថ្មីដ៏ចម្រូងចម្រាស ហើយបន្ទាប់មកការខ្វែងគំនិតគ្នារឿងបោះបង្គោះនៅតាមព្រំដែន រហូតបង្ខំចិត្តឲ្យរដ្ឋាភិបាលស្នើផែនទីមកផ្ទៀងផ្ទាត់ទៀត។ចុងក្រោយលោក កឹម សុខា ត្រូវសមាជិកសភាពីខាងបក្សកាន់អំណាច បោះឆ្នោតទម្លាក់ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ហើយដំណាលគ្នានេះ អង្គរក្សលោក ហ៊ុន សែន វាយអ្នកតំណាងរាស្ត្របក្សប្រឆាំងស្ទើរស្លាប់ស្ទើររស់ និងមានព្រឹត្តិការណ៍ចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់គុកថែមទៀត។ បញ្ហាកាន់តែស្មុគស្មាញជាងនេះ នៅនាទីចុងក្រោយ ច្បាប់ស្ដីពីបក្សនយោបាយ បានបង្ខំចិត្តឲ្យលោក សម រង្ស៊ី ត្រូវលាឈប់ពីប្រធានបក្សទាំងមិនអស់អាល័យ ស្របពេលឯកសារសន្ទនាជាបុគ្គលពីខាងបក្សប្រឆាំង ក៏ត្រូវបែកធ្លាយជាបន្តបន្ទាប់ថែមទៀតផង។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលការវិវត្តន៍ព្រឹត្តិការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់លើកឡើងថា ដោយសារសម្ពាធខាងនយោបាយ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ទាំងមូល។ ក្នុងពេលតុលាការមិនអាចស្ថិតនៅដោយឯករាជ្យបាន បញ្ហានេះនឹងជំរុញឲ្យសង្គមក្លាយជាសង្គមដែលសំបូរទៅដោយអំពើអយុត្តិធម៌។ លោកថា អ្នកទទួលថ្មបាក់ពីភាពលម្អៀងនេះ គឺជាពលរដ្ឋម្ចាស់ឆ្នោត៕