Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​មូលដ្ឋាន​នៅ​​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍

$
0
0

តំណាង​អ្នក​ភូមិ​នៃ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​ចំពោះ​មេ​ភូមិ មេ​ឃុំ និង​ឈ្មួញ​ទិញ​ដី​ព្រៃ​គីឡូ ដែល​ពលរដ្ឋ​ចាត់​ទុក​ជា​តំបន់​ព្រៃ​សហគមន៍។ ការ​ប្រតិកម្ម​នេះ បន្ទាប់​ពី​ឈ្មួញ​ជួល​កម្មករ​ជា​ច្រើន​នាក់ ចូល​ព្រៃ​ប្រដាប់​ដោយ​កាំបិត និង​ពូថៅ​កាប់​ឆ្ការ​ព្រៃ ដែល​អ្នក​ភូមិ​នៃ​ឃុំ​ខ្នារឆ្មារ ភាគ​ច្រើន​ធ្លាប់​ចូល​ទៅ​រក​អុស ជីក​ដំឡូង និង​មើល​គោក្របី​នោះ។

ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​លក់​ដី​ព្រៃ​គីឡូ​ទំហំ ៧២​ហិកតារ នៅ​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ទៅ​ឲ្យ​ឈ្មួញ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៥​ឆ្នាំ​ហើយ។ ពលរដ្ឋ​ចំនួន ៦​ភូមិ ក្នុង​ឃុំ​នេះ សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មេ​ភូមិ​បី​រូប និង​មេ​ឃុំ ១​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឃុបឃិត​ជាមួយ​អ្នក​ភូមិ​ត្រដក់ពង ៣៧៨​គ្រួសារ ដើម្បី​លក់​ដី​ឲ្យ​ឈ្មួញ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​ទៀត​មិន​ព្រម។

អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​សាមគ្គីមានជ័យ​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ថា ឈ្មួញកណ្ដាល​ទិញ​​លក់​ដី​ឈ្មោះ កែវ មករា បាន​ដឹកនាំ​កម្លាំង​កម្មករ​យ៉ាង​តិច ៥​នាក់​ក្នុង​មួយ​ថ្ងៃ ចូល​ព្រៃ​សហគមន៍​ដើម្បី​កាប់​ឆ្ការ​ព្រៃ​សម្អាត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មីនា រហូត​ដល់​បច្ចុប្បន្ន ដោយ​ពុំ​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ពលរដ្ឋ​ណា​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់​ឡើយ៖ «ក្រុម​សុរិយោដី​ស្រុក​ឈ្មោះ មុំ ស្រីរ័ត្ន ក៏​គាត់​បាន​និយាយ​ហើយ​ថា ដី​នេះ​អត់​ទាន់​ឲ្យ​ប៉ះពាល់​ទេ លុះ​ត្រា​តែ​មាន​អនុប្រយោគ​ពី​សម្ដេច ហ៊ុន សែន ហើយ​អភិបាល​រង​ស្រុក ប៉ាង សុខឿន ក៏​បាន​លើក​ឡើង​ដែរ​ថា ដី​នេះ​រង់ចាំ​ធ្វើ​អនុប្រយោគ​ពី​ថ្នាក់​លើ​សិន។ កាល​ពី​ថ្ងៃ​ទី​៧ ទី​៨ និង​ទី​៩ នេះ កម្លាំង​ដឹក​នាំ​ដោយ កែវ មករា បាន​ជួល​ពលរដ្ឋ​ក្នុង​ម្នាក់​ឲ្យ ១៨.០០០​ម៉ឺន​រៀល ហើយ​ប្រជាជន​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​តាម​ភូមិ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក កែវ មករា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ បាន​ទេ ខណៈ​មេ​ឃុំ​ខ្នារឆ្មារ លោក ទា កុំ ថា​លោក​មិន​អាច​ក្ដាប់​បញ្ហា​នេះ​បាន​ទេ មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា ​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា បញ្ជាក់​ថា ដី​ព្រៃ​គីឡូ គឺ​មិន​ឋិត​នៅ​ក្នុង​ដី​បម្រុង​ទុក​របស់​រដ្ឋ ឬ​ដី​គម្រប​ព្រៃ​ឈើ​នោះ​ទេ ប៉ុន្តែ​វា​ជា​ដី​គ្រប់គ្រង​ដោយ​ពលរដ្ឋ​មួយ​ភូមិ ហើយ​ពួកគេ​ស្ម័គ្រចិត្ត​ផ្ដិត​មេដៃ​លក់​ដី​នោះ​ទៅ​ឲ្យ​ឈ្មួញ។ លោក​មិន​អាច​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​លក់​ដូរ​ដី​នោះ​បាន​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​អាច​ថា គេ​ទន្ទ្រាន​ដី​ព្រៃ​ដែរ ព្រោះ​គេ​ធ្វើ​នៅ​លើ​ដី​ដែល​គេ​បាន​ទិញ៖ «មិន​ដឹង​ថា ដោះស្រាយ​យ៉ាង​ម៉េច? ព្រោះ​រឿង​រវាង​ការ​ទិញ​លក់ អ៊ីចឹង​ដោះស្រាយ​តាម​កិច្ច​សន្យា​ទៅ។ រដ្ឋបាល​ស្រុក​ការពារ​របស់​រដ្ឋ ដូចជា​ដី​រដ្ឋ​យើង​សហការ​ជាមួយ​ជំនាញ​ឧទាហរណ៍​ដី​នេះ​ជា​ដី​ព្រៃ​បម្រុង អ៊ីចឹង​យើង​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ទៅ​ធ្វើ​យ៉ាង​ម៉េច? សុំ​គោលការណ៍​យ៉ាង​ម៉េច? ដោះស្រាយ​យ៉ាង​ម៉េច? តែ​ដល់​អត់​ជាប់​អី​សោះ​អ៊ីចឹង យើង​ទៅ​ធ្វើ​យ៉ាង​ម៉េច? អា​ហ្នឹង​ទុក​ឲ្យ​ច្បាប់​គេ​ដោះស្រាយ​ទៅ»

កាល​ពី​ឆ្នាំ​២០១៣ ឈ្មួញ​បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ទិញ​ដី​ព្រៃ​សហគមន៍​គីឡូ​ទំហំ​ជាង ៧០​ហិកតារ​ពី​អ្នក​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ជិត ៤០០​គ្រួសារ (៣៧៨​គ្រួសារ)។ ឈ្មួញ​បាន​ប្រើ​រូបភាព​ដើរ​ចែក​លុយ​ពលរដ្ឋ​ក្នុង ១​គ្រួសារ ២០០​ដុល្លារ និង​គ្រួសារ​ខ្លះ​បាន ៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​គេ ប៉ុន្តែ​អាជ្ញាធរ​ថា ដី​នោះ​ជា​ដី​សមូហភាព ហើយ​ពលរដ្ឋ​ព្រមព្រៀង​គ្នា​លក់។

ក្រោយ​ការ​លក់ដូរ​នេះ អ្នក​ភូមិ​ចំនួន ៦​ភូមិ នៃ​ឃុំ​ខ្នារឆ្មារ បាន​ប្រតិកម្ម និង​ផ្ដិតមេដៃ​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​រដ្ឋ​សភា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​វិជ្ជមាន​ទេ។ ក្រោយ​មក​ឯកសារ​ទិញ-​លក់​ដី​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ស៊ីញេ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ និង​ជំទប់​ទី​២ របស់​គណបក្ស​សិទ្ធិមនុស្ស​ម្នាក់។

ជំទប់​ទី​២ មក​ពី​គណបក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​បក្ស​ប្រឆាំង​ដក​ចេញ​ពី​តំណែង​ដោយសារ​រឿង​រ៉ាវ​លក់​ដី​នេះ ព្រោះ​បក្ស​ប្រឆាំង​យល់​ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អាស្រ័យ​អនុផល​ព្រៃឈើ​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles