Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខែត្រ​រតនគិរី​ប្រតិកម្ម​រឿង​បញ្ជូន​បេក្ខភាព​ឃុំ​មិន​ត្រឹមត្រូវ

$
0
0

មេ​ឃុំ​ប៉ាតេ មក​ពី​គណបក្ស សម រង្ស៊ី ចោទ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​រតនគិរី​ថា ចាត់​តាំង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មិន​ត្រឹមត្រូវ និង​បក្ខពួក​និយម។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេ​ឃុំ​ប៉ាតេ ជំទប់​ទី​១ និង​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេ មិន​ត្រូវ​បាន​គណៈកម្មការ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​រតនគិរី អនុញ្ញាត​ឲ្យ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នោះ​ទេ។

អាជ្ញាធរ​ឃុំ​ប៉ាតេ ៣​រូប មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា  អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បញ្ជូន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។

មេ​ឃុំ​ប៉ាតេ មក​ពី​គណបក្ស សម រង្ស៊ី លោក រម៉ាម យួត ចាត់​ទុក​ការ​ផ្ដាច់​ឈ្មោះ​លោក​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-​សង្កាត់ ថា​ជា​រឿង​អយុត្តិធម៌ និង​ពុំ​មាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​បក្ខ​នៅ​មូលដ្ឋាន។

លោក​បន្ត​ថា គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​រតនគិរី លោក ញឹម សុផាត មាន​ចេតនា​លុប​ឈ្មោះ​លោក និង​អាជ្ញាធរ​ឃុំ​ប៉ាតេ ពីរ​រូប​ទៀត មិន​អោយ​ឈរ​ឈ្មោះ​ដោយ​គ្មាន​ហេតុផល​គ្រប់គ្រាន់ និង​បាន​ជ្រើសតាំង​បេក្ខជន​ថ្មី​ពុំ​មាន​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ខណៈ​លោក​បាន​ឈ្នះ​ឆ្នោត​កាន់​តំណែង​ជា​មេឃុំ​ប៉ាតេ ចំនួន ២​អាណត្តិ​កន្លង​ទៅ៖ «គេ​ចង់​ដឹង​ដើម្បី​ផ្លាស់​អ្នក​ថ្មី ហៅ​អ្នក​ថ្មី​មក​បោះឆ្នោត​តាម​ភូមិ​ទៅ​ធ្វើ​ទៅ ខ្ញុំ​មិន​ក្បត់​បក្ស​អី​ណា។ ខ្ញុំ​មាន​លាលែង​ទៅ​ណា គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ពួក​ពីរ​នាក់​ធ្វើ​ហ្នឹង»

លោក រម៉ាម យួត បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ប៉ាតេ មក​ពី​គណបក្ស សម រង្ស៊ី ២​អាណត្តិ​កន្លង​ទៅ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន។ លោក​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​គណបក្ស សម រង្ស៊ី តាំង​ពី​ឆ្នាំ​១៩៩៨ គឺ​មុន​ពេល​ដែល​គណបក្ស​នេះ​ចង​សម្ពន្ធភាព​នឹង​គណបក្ស​សិទ្ធិមនុស្ស​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

លេខាធិការ​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​រតនគិរី លោក ញឹម សុផាត បដិសេធ​មិន​ធ្វើ​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​នេះ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​រតនគិរី លោក រ៉ាន់ សាយលឿន ទទួល​ស្គាល់​ថា កា​រៀបចំ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ និង​ពុំ​មាន​ការ​ឯកភាព​ពី​លោក។ លោក​បញ្ជាក់​ថា ការ​រៀបចំ​ដាក់​ឈ្មោះ​បេក្ខជន ត្រូវ​តែ​អនុលោម​តាម​គោលការណ៍​របស់​គណបក្ស​បើ​ឃុំ​ណា​ជាប់​ឆ្នោត​គឺ​ឃុំ​ខ្លួន​ឯង​ជា​អ្នក​រៀបចំ ហើយ​ក៏​ពុំ​មែន​ថ្នាក់ដឹកនាំ​គណបក្ស​ស្រុក និង​ខែត្រ​មាន​សិទ្ធ​លូកដៃ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែរ៖ «​វា​ផ្គើន​ជាមួយ​ប្រធាន និង​អនុប្រធាន​ប្រតិបត្តិ​គាត់​មិន​បាន​ប្រាប់ មិន​បាន​ឲ្យ​ខ្ញុំ​ដឹង​ទេ ខ្ញុំ​អត់​ឯកភាព​ទេ។ ខ្ញុំ​ក៏​សុំ​ជំទាស់​ដែរ ខ្ញុំ​ជំទាស់​តាំង​ពី​ថ្ងៃ​ទី​៣ ហ្នឹង​ហើយ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

ឃុំ​ប៉ាតេ មាន​គណបក្ស​នយោបាយ​ចំនួន ៣ ដែល​ចូល​រួម​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នៅ​អាណត្តិ​ទី​៤ រួម​មាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាធិបតេយ្យ​មូលដ្ឋាន។

មន្ត្រី​លេខា​អង្គការ​ខុមហ្វ្រែល (COMFREL) ខែត្រ​រតនគិរី លោក ជូន ភីនតារា ចាត់​ទុក​បញ្ហា​នេះ​ថា ជា​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ ដែល​ទាមទារ​ឲ្យ​គណៈកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​ប្រញាប់​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង។ លោក​ថា ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ត្រូវ​បាន​បញ្ចប់​ហើយ ហេតុ​នេះ​លោក​សម្ដែង​ការ​សោកស្ដាយ ដែល​មាន​ការ​បាត់បង់​សមាសភាព​មេ​ឃុំ​ប៉ាតេ ដែល​ធ្លាប់​ទទួល​បាន​ជ័យជំនះ​ពីរ​អាណត្តិ​ហើយ៖ «ខ្ញុំ​គិត​ថា បើ​សិន​បើ​យើង​មិន​ធ្វើការ​សម្របសម្រួល​ទេ ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​សម្រាប់​គណបក្ស​នយោបាយ​ខ្លួន​ឯង​ទេ»

ភាព​ចម្រូងចម្រាស​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មែន​កើត​មាន​តែ​ឃុំ​ប៉ាតេ ប៉ុណ្ណោះ​ទេ នៅ​ឃុំ​យ៉ាទុង ឃុំ​ប៉ក់ញ៉ៃ និង​ឃុំ​ស៊ើង ក៏​កំពុង​មាន​ភាព​ចម្រូងចម្រាស​បញ្ហា​ផ្ទៃក្នុង​ទាក់ទិន​ការ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles