មហោស្រពជាតិលើកទី៣ ស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ហៅកាត់ថា ស្ទែម (STEM) ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ នាពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ មហោស្រពនេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញទៅអ្នកចូលរួមថា មុខវិជ្ជាទាំងនេះមិនមែនជាមុខវិជ្ជាពិបាក ឬស្មុគស្មាញនោះទេ ដោយក្នុងនោះ គេមានរៀបចំកម្មវិធីកម្សាន្តដែលអ្នកមកទស្សនាអាចលេង ឬពិសោធន៍ដោយផ្ទាល់បាន។
អ្នករៀបចំមហោស្រពលើកឡើងថា ពលរដ្ឋកម្ពុជា មានចំនួនតិចតួចនៅឡើយដែលបានយល់ដឹងពីមុខវិជ្ជាវិទ្យាសាស្ត្រ និងវិស្វកម្ម។
សមាជិកនៃក្រុមប្រឹក្សាភិបាលនៃអង្គការស្ទែមកម្ពុជា លោក ឃីម ម៉ាឡែន បានអោយអាស៊ីសេរី ដឹងថា គោលបំណងនៃការរៀបចំមហោស្រពជាតិស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្មនេះគឺដើម្បីបង្ហាញដល់សាធារណជន ពិសេសសិស្សនិស្សិតថា អ្វីទៅជាស្ទែម និងសារសំខាន់របស់មុខវិជ្ជាទាំងនេះក្នុងការអភិវឌ្ឍប្រទេស។
អ្នករៀបចំកម្មវិធីវ័យក្មេងរូបនេះបានបញ្ជាក់ទៀតថា កម្ពុជាហាក់នៅក្រោយគេនៅឡើយ ប្រសិនបើប្រៀបធៀបជាមួយប្រទេសជិតខាង ដូចជាវៀតណាម ថៃ ជាដើម ចំពោះមុខវិជ្ជាស្ទែម នេះ ដែលកូនសិស្សខ្លះមិនបានស្គាល់ ឬខ្លះទៀតនៅយល់ថា មុខវិជ្ជាទាំងនេះពិបាកសិក្សា។
ស្ទែម បានមកពីពាក្យពេញថា Science Technology Engineering Maths ឬវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មុខវិជ្ជាទាំងនេះទាក់ទងនឹងលេខនព្វន្ត ប្រព័ន្ធទិន្នន័យ និងការអនុវត្តពិសោធជាក់ស្ដែង។
អ្នកស្ម័គ្រចិត្តចូលរួមរៀបចំកម្មវិធីមហោស្រព វិទ្យាសាស្ត្រ និងវិស្វកម្ម កញ្ញា យន់ កន្និកា បានអោយដឹងថា ការរៀបចំមហោស្រពនេះ ពិតជាផ្ដល់ចំណេះដឹង និងបទពិសោធន៍ល្អៗ ដល់សិស្សនិស្សិតខ្មែរ ព្រោះយុវជនមួយចំនួនអាចនឹងសាកល្បងទេពកោសល្យខ្លួនគាត់ទៅលើមុខវិជ្ជាទាំងនេះជាជាងការរៀនតាមគ្នាជាដើម៖ «»។
ប្រធានក្រុមកម្មវិធីរថយន្តស្ទែម កញ្ញា ឡុង រស្មីឆពណ្ណ បានអោយដឹងដែរថា កម្មវិធីរបស់ស្តង់កញ្ញាមានបែងចែកជាផ្នែកៗ ដូចជាបច្ចេកវិទ្យា មានជាហូឡូក្រាម វិទ្យាសាស្ត្រ មានការពិសោធជាដើម។ ដូច្នេះទាំងសិស្សនិស្សិតអាចមកមើល ឬសាកល្បងដោយផ្ទាល់បាន៖ «»។
មហោស្រពជាតិស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្មរៀបចំដោយអង្គការស្ទេម កម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ស្ថានទូតអាមេរិក ស្ថានទូតចក្រភពអង់គ្លេស និងក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។ កម្មវិធីនេះមានរយៈពេល ៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់។ សម្រាប់ពេលព្រឹក និងរសៀល គឺអ្នករៀបចំមានផ្ដល់រថយន្តដឹកជញ្ជូនកូនសិស្សពីសាលានានា ក្នុងក្រុងមកទស្សនាផ្ទាល់។ រីឯពេលល្ងាចវិញ មានកម្មវិធីប្រគំតន្ត្រីបន្ថែមពីការតាំងពិព័រណ៍នានាទៀតផង។
សមាជិកនៃក្រុមប្រឹក្សាភិបាលនៃអង្គការស្ទែម កម្ពុជា លោក ឃីម ម៉ាឡែន បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់សាធារណជន ពិសេសសិស្សៗ ដែលបានចូលរួមដោយកាលពីឆ្នាំដំបូងមានអ្នកចូលរួមជាង ៧ពាន់នាក់ ឆ្នាំទី២ មានអ្នកចូលរួមជាង ១ម៉ឺន ៧ពាន់នាក់ និងឆ្នាំនេះ លោករំពឹងទុកថា នឹងមានអ្នកចូលរួមមកទស្សនាមហោស្រពនេះដល់ទៅ ៣ម៉ឺននាក់៕