Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ឲ្យ​មន្ត្រី​បក្ស​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជំរុញ​មន្ត្រី​បក្ស​ឲ្យ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស។ សេចក្តី​ណែនាំ​របស់​លោក កឹម សុខា ចុះ​ថ្ងៃ​ទី​៤ សីហា ផ្ញើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ​នៅ​ទូទាំង​ប្រទេស ក្រៅ​តែ​ពី​ស្នើ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ឲ្យ​បាន​ឆាប់​រហ័ស លោក កឹម សុខា បញ្ជាក់​ថា ក្នុង​ករណី​ដែល​មិន​ទាន់​មាន​គំរូ​ស្លាក​សញ្ញា​គណបក្ស​ថ្មី​ទៅ​ជំនួស លោក​ស្នើ​ឲ្យ​ដោះ​ចេញ​នូវ​ស្លាក​សញ្ញា​គណបក្ស​ចាស់​ដែល​មាន​រូប​ចាប់​ដៃ​រវាង​លោក និង​លោក សម រង្ស៊ី ចេញ។

ការ​ណែនាំ​របស់​លោក កឹម សុខា នេះ គឺ​ក្រោយ​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ជា​លើក​ទី​២ ហើយ​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ពេល​ដែល​គ្មាន​វត្តមាន​របស់​ព្រះមហាក្សត្រ។

កាល​ពី​ខែ​មីនា ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​លើក​ទី​១ ដោយ​ហាម​មិន​ឲ្យ​ទណ្ឌិត​ធ្វើ​ជា​ប្រធាន អនុប្រធាន និង​ជា​សមាជិក​គណៈកម្មការ​នាយក​គណបក្ស​នោះ បាន​បង្ខំ​ឲ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន​បក្ស​ភ្លាមៗ។ ចំណែក​វិសោធនកម្ម​លើក​ទី​២ នេះ គឺ​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឬ​សកម្មភាព​របស់​ទណ្ឌិត​សម្រាប់​ផល​ប្រយោជន៍​គណបក្ស​តែ​ម្តង។

ការ​ធ្វើ​វិសោធនកម្ម​ជា​លើក​ទី​២ នេះ ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រកាស​ដោយ​ឥត​លាក់លៀម​ថា គឺ​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles