អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន។
បន្ទាប់ពីសាកសួរអស់ជាច្រើនម៉ោងនៅថ្ងៃអាទិត្យ ទី៦ សីហា នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅថាប៉េហ្សី (PJ) នៅម៉ោងជាង ៥រសៀល។
កាលពីថ្ងៃទី៥ សីហា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរលោក ញឹក ប៊ុនឆៃ អស់រយៈពេលប្រមាណ ៥ម៉ោង បន្ទាប់ពីសមត្ថកិច្ចបាននាំខ្លួនលោក ញឹក ប៊ុនឆៃ ទៅឆែកឆេររកវត្ថុតាងផ្សេងៗនៅគេហដ្ឋានរបស់លោកផ្ទាល់ នាខណ្ឌជ្រោយចង្វារ កាលពីថ្ងៃសុក្រ ទី៤ សីហា។
លោក ញឹក ប៊ុនឆៃ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងធ្លាប់ជាទីប្រឹក្សារបស់រដ្ឋាភិបាលដែរនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា និងបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំរឿងផលិតគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់មកត្រូវបានសមត្ថកិច្ចបញ្ជូនបន្តមកតុលាការក្រុងភ្នំពេញរយៈពេលពីរថ្ងៃបន្តបន្ទាប់គ្នា មុនពេលតំណាងអយ្យការចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី៦ សីហា នេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម!