
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) និងជំនួបសំខាន់ៗមួយចំនួនទៀតជាមួយមេដឹកនាំជប៉ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក (facebook) របស់លោកនៅមុនពេលចេញដំណើរទៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៦ សីហា នេះថា ក្រៅពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើឯកសារចំនួនពីរ ដែលជាជំនួយរបស់ជប៉ុន ផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា។ ឯកសារទាំងពីរនោះ គឺទី១ ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុបប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក។ ទី២ ឥណទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់ប្រមាណជា ២០៩លានដុល្លារសហរដ្ឋអាមេរិក។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយតំណាងសមាគមមិត្តភាពសភាកម្ពុជា-ជប៉ុន សមាគមមិត្តភាពជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន បណ្ដាក្រុមហ៊ុនជប៉ុន និងថ្លែងសន្ទរកថាក្នុងសិក្ខាសាលាស្ដីពីឱកាសវិនិយោគនៅកម្ពុជា ហើយចុងក្រោយ នឹងធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃកាកសំណល់របស់ជប៉ុន ជាដើម៕