Quantcast
Viewing all articles
Browse latest Browse all 11174

"រដ្ឋាភិបាល​គួរ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​មុន​ប្រកាស​បិទ​អង្គការ​មេត្រី​អន្តរជាតិ"

Image may be NSFW.
Clik here to view.

អ្នក​ច្បាប់​និយាយ​ថា រដ្ឋាភិបាល​គួរ​ប្រមូល​ឯកសារ និង​ភស្តុតាង​មក​បញ្ជាក់​ថា អង្គការ​មេត្រី​អន្តរជាតិ (Agape International Missions)  មាន​កំហុស​ជា​មុន​សិន មុន​នឹង​ប្រកាស​បិទ​អង្គការ​នោះ។ ទន្ទឹម​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ក្រុម​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​ស្រាវជ្រាវ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៅ​ឡើយ​ទេ។ ចំណែក​អង្គការ​មេត្រី​អន្តរជាតិ ក៏​កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​នៅ​តំបន់​ស្វាយប៉ាក ដដែល។

ការ​ព្រមាន​បិទ​អង្គការ​មេត្រី​អន្តរជាតិ (AIM) ពី​សំណាក់​លោក ហ៊ុន សែន ដោយ​មិន​បង្ហាញ​ភស្តុតាង​ច្បាស់លាស់ ត្រូវ​បាន​មេធាវី​ដើម​បណ្ដឹង​តំណាង​ភាគី​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​យល់​ថា មិន​ទាន់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។ ចំណែក​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ស្វាយប៉ាក ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​សម្រេច​ចិត្ត​ឡើង​វិញ ព្រោះ​ពួកគេ​មើល​ឃើញ​ថា អង្គការ​របស់​អាមេរិក មួយ​នេះ ជួយ​សង្គ្រោះ​ស្ត្រី កុមារ​រងគ្រោះ និង​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​តំបន់​នេះ​ច្រើន​ណាស់។

មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម និង​ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន យល់​ថា បើ​ផ្អែក​លើ​ច្បាប់ តុលាការ​ត្រូវ​រក​អោយ​ឃើញ​ថា អង្គការ​មេត្រី​អន្តរជាតិ បាន​ប្រព្រឹត្ត​កំហុស​ជា​មុន​សិន មុន​នឹង​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​បិទ​អង្គការ​ជួយ​កុមារ និង​ស្ត្រី​រង​គ្រោះ​មួយ​នេះ។ លោក​បន្ត​ថា មិន​មែន​អង្គការ​ប្រព្រឹត្ត​ខុស រដ្ឋាភិបាល​ត្រូវតែ​បិទ​នោះ​ទេ គឺ​ត្រូវ​ពិនិត្យ​លើ​កំហុស​នោះ​ថា តើ​ជា​កំហុស​វិជ្ជាជីវៈ ឬ​កំហុស​ល្មើសច្បាប់​ជាតិ៖ «»។

ក្រោយ​ពេល​ទទួល​ដំណឹង​ពី​ការ​ព្រមាន​បិទ​អង្គការ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល អ្នក​ដែល​ធ្វើ​ការងារ​នៅ​ទី​នេះ រួម​ទាំង​ស្ថាបនិក​អង្គការ​​មេត្រី​អន្តរជាតិ​ មិន​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ទេ។ ស្ត្រី​ជា​បុគ្គលិក​នៃ​​អង្គការ​មេត្រី​អន្តរជាតិ គ្រាន់​តែ​ប្រាប់​ថា ពួក​គេ​មិន​និយាយ​អ្វី​ទាំង​អស់​ក្នុង​ពេល​ក្រសួង​មហាផ្ទៃ កំពុង​សិក្សា​ពី​ករណី​នេះ។ រី​ឯ​បុគ្គលិក​នៃ​អង្គការ​នេះ​ម្នាក់​ទៀត និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​ព្រួយ​បារម្ភ​បើ​រដ្ឋាភិបាល​បិទ​អង្គការ​នេះ​មែន៖ «»។

​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ​បាន​ចុះ​ដល់​ទីតាំង​អង្គការ​មេត្រី​អន្តរជាតិ​ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ​សង្កេត​ឃើញ​ថា អង្គការ​នេះ​ទំនង​បាន​ជួយ​ច្រើន​ដល់​កុមារ និង​ស្ត្រី តាម​រយៈ​ការ​បង្រៀន និង​ផ្ដល់​ជំនាញ។ អង្គការ​នេះ​មាន​ច្រើន​អគារ ដូចជា​សាលារៀន កន្លែង​កាត់​ដេរ និង​កន្លែង​ស្នាក់​នៅ​ជា​ដើម។ ដូច​គ្នា​នេះ​ដែរ គេហទំព័រ​ផ្លូវ​ការ​របស់​អង្គការ​មេត្រី​អន្តរជាតិ បង្ហាញ​ថា អង្គការ​នេះ​មាន​ក្លឹប​កុមារ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​សាល​បង្វឹក​ប្រដាល់ និង​កន្លែង​ហាត់​ប្រាណ​ជាដើម។

ពលរដ្ឋ​រស់​នៅ​តំបន់​ស្វាយប៉ាក ដែល​មាន​អាយុ​ជិត ២០​ឆ្នាំ គឺ​លោក សុខ វណ្ណា ដែល​ជា​អ្នក​លក់​ទឹកកក​ឲ្យ​អាស៊ីសេរី​ដឹង​ថា អង្គការ​មេត្រី​អន្តរជាតិ ជួយ​សង្គ្រោះ​ស្ត្រី និង​កុមារ​បាន​ច្រើន​ដែល​រួម​មាន​ជន​ក្រីក្រ អ្នក​ញៀន​ថ្នាំ និង​អ្នក​រង​គ្រោះ​ព្រោះ​ការ​ជួញដូរ និង​រង​គ្រោះ​ដោយ​​អំពើ​ហិង្សា​ជាដើម។ លោក​ថា ប្រសិនបើ​មាន​ករណី​បិទ​អង្គការ​នេះ​មែន ជា​រឿង​សោកស្ដាយ​បំផុត។ ផ្ទុយ​ពី​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ពលរដ្ឋ​រូប​នេះ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ផ្គត់ផ្គង់​មក​អង្គការ​នេះ​ផង ដើម្បី​អាច​ជួយ​ពលរដ្ឋ​រងគ្រោះ និង​ពលរដ្ឋ​ក្រីក្រ​បាន​ច្រើន​ជាង​នេះ៖ «»។

Image may be NSFW.
Clik here to view.

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ​ហៅ​ក្រៅ​ថា ស្រី​លក្ខណ៍ ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​អង្គការ​មេត្រី​អន្តរជាតិ និយាយ​ថា កញ្ញា​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​បិទ​អង្គការ​នេះ​ទេ។ កញ្ញា​បន្ត​ថា បើ​សិន​ជា​មាន​ករណី​បិទ​អង្គការ​នេះ​មែន អ្នក​ដែល​រងគ្រោះ​គឺ​ជា​កុមារ​កំព្រា និង​ជនរងគ្រោះ​ផ្សេង​ទៀត៖ «»។

​អង្គការ​មេត្រី​អន្តរជាតិ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Agape International Missions (AIM) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៨ ធ្វើការ​ផ្នែក​មនុស្សធម៌ និង​បាន​ផ្ដើម​បេសកកម្ម​ប្រឆាំង​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន។

នាយិកា​ប្រតិបត្តិ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ អ្នកស្រី ប៉ុក បញ្ញាវិចិត្រ ដែល​ធ្វើ​ការងារ​ប្រហាក់ប្រហែល និង​អង្គការ​មេត្រី​អន្តរជាតិ ដែរ​នោះ និយាយ​ថា បញ្ហា​សង្គម​សព្វថ្ងៃ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​នោះ ជា​ការ​ឆ្លើយ​តប​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ដូច្នេះ​អ្នកស្រី​យល់​ថា បើ​សិន​ជា​បាត់បង់​អង្គការ​ជួយ​ជនរងគ្រោះ​មួយ​ថែម​ទៀត កម្រិត​នៃ​ការ​ជួយ​ជនរងគ្រោះ​កាន់​តែ​ថយ​ចុះ​​ទៀត។ អ្នកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ក្នុង​ពេល​ស៊ើប​អង្កេត​ដាក់​បញ្ចូល​ស្នាដៃ ឬ​សមិទ្ធផល​របស់​អង្គការ​នេះ​ផង ហើយ​បើ​រក​ឃើញ​កំហុស​មែន​គួរ​ត្រឹម​ចេញ​លិខិត​ព្រមាន​ជា​ជាង​បញ្ឈប់​សកម្មភាព​អង្គការ៖ «»។

​កាល​ពី​ថ្ងៃ​ដើម​ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា ភាពយន្ត​ឯកសារ​របស់​ទូរទស្សន៍​អាមេរិក ស៊ី.អិន.អិន (CNN) អំពី​កុមារី​ដែល​ម្ដាយ​បង្ខំ​ឲ្យ​លក់​ព្រហ្មចារី​ដើម្បី​ដោះ​បំណុល ថា​ជា​ការ​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នារី​ខ្មែរ និង​ព្រមាន​បណ្ដេញ​អង្គការ​អាមេរិក ឈ្មោះ មេត្រី​អន្តរជាតិ ចេញ​ពី​នៅ​កម្ពុជា៖ «»។

​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម ដែល​កាន់​សំណុំ​រឿង​នេះ មាន​ប្រសាសន៍​ថា ពេល​នេះ​ក្រុម​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​សិក្សា​ករណី​នេះ។ អ្វី​លើស​ពី​នេះ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ទោះ​បី​មាន​ការ​ព្រមាន​បិទ​អង្គការ​មេត្រី​អន្តរជាតិ ពី​សំណាក់​លោក ហ៊ុន សែន ក្តី មក​ទល់​​ថ្ងៃ​ទី​៤ ខែ​សីហា អង្គការ​នេះ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​នៅ​ឡើយ។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មាត្រា ៣០ ចែង​ថា  អង្គការ ឬ​សមាគម​ដែល​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ ក្រសួងមហាផ្ទៃ​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ ឬ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​ ដោយ​ទុក​រយៈពេល ៣០​ថ្ងៃ។ ក្នុង​​ករណី​នៅ​តែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ឈ្មោះ​អង្គការ​ចេញ​ពី​ក្រសួង​មហាផ្ទៃ។

​ចំណែក​មាត្រា ៣១ ចែង​ដោយ​ទុក​ពេល​ឲ្យ​អង្គការ ឬ​សមាគម មាន​សិទ្ធិ​ប្ដឹង​តវ៉ា​នឹង​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ទៅ​តុលាការ​ក្នុង​រយៈពេល​យ៉ាង​យូរ ៣០​ថ្ងៃ (ថ្ងៃ​ធ្វើ​ការ) ដោយ​គិត​ពី​ថ្ងៃ​ជូន​ដំណឹង​អំពី​ការ​សម្រេច។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​ធ្លាប់​បណ្ដេញ​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ឆ្នាំ​២០០៥ បន្ទាប់​ពី​ចេញ​របាយការណ៍​និយាយ​ពី​ទំនាក់ទំនង​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ទៅ​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា និង​បន្ទាប់​មក​បាន​បណ្ដេញ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)  ចេញ​ពី​កម្ពុជា។

សារព័ត៌មាន ស៊ី.អិន.អិន បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​កក្កដា ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដោយ​ប្រើ​ចំណងជើង​ជា​លើក​ដំបូង​ថា "ក្មេង​ស្រី​កម្ពុជា​ត្រូវ​បាន​ម្ដាយ​ពួកគេ​លក់​ដើម្បី​បម្រើ​ផ្លូវ" (The Cambodian girls sold for sex by their mothers)។  ក្រោយ​ពី​ការ​ចេញ​ផ្សាយ ស៊ី.អិន.អិន បាន​លុប​ពាក្យ​កម្ពុជា ចេញ​ពី​ចំណង​ជើង​ព័ត៌មាន​របស់​ខ្លួន។ ប្រភព​ដែល​ផ្ដល់​សម្ភាសន៍​នោះ ត្រូវ​គេ​សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ឬ​ពលរដ្ឋ​កម្ពុជា ដើម​កំណើត​វៀតណាម ខណៈ​ប្រភព​ជា​ជន​រង​គ្រោះ​ទាំង​នោះ ភាគ​ច្រើន​និយាយ​ភាសា​វៀតណាម។

​អនុ​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​២ ខែ​សីហា ថា ភាពយន្ត​ឯកសារ​ស្ដីពី​ខ្សែ​ជីវិត​ក្រោយ​ពេល​ត្រូវ​បាន​គេ​ជួញដូរ​ផ្លូវ​ភេទ​ពាក់ព័ន្ធ​កុមារី​បី​នាក់​នៅ​កម្ពុជា ដែល​ត្រូវ​ម្ដាយ​បង្ខំ​ឲ្យ​លក់​ខ្លួន​ដើម្បី​ដោះ​បំណុល​នៅ​តំបន់​ស្វាយប៉ាក​នោះ  គឺ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៃ​ស្ថានភាព​កុមារី​រងគ្រោះ​ដែល​ធំ​ដឹង​ក្តី​នៅ​តំបន់​ស្វាយប៉ាក។ ទូរទស្សន៍ ស៊ី.អិន.អិន ស៊ើប​អង្កេត​រឿង​នេះ​នៅ​ឆ្នាំ​២០១៣ និង​បន្ត​តាមដាន​ការវិវត្តន៍​របស់​ពួកគាត់​រហូត​ដល់​បច្ចុប្បន្ន​នេះ។ លោក ចូណេសិន បន្ថែម​ទៀត​ថា ភាពយន្ត​ឯកសារ​នោះ ក៏​បាន​គូស​បញ្ជាក់​អំពី​ភាព​ប្រសើរ​គ្រាន់​បើ​ជាង​មុន​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ទប់​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​នេះ។

Image may be NSFW.
Clik here to view.

តំណាង​សារព័ត៌មាន ស៊ី.អិន.អិន ដដែល​បញ្ជាក់​ថា សេចក្ដី​រាយការណ៍​នោះ​មិន​បាន​ផ្សាយ​ថា នារី​រងគ្រោះ​ទាំង​នោះ​ជា​ជនជាតិ​អ្វី​នោះ​ទេ គ្រាន់​តែ​បាន​ផ្សាយ​ថា ពួកគាត់​ធំ​ដឹង​ក្តី​នៅ​តំបន់​ស្វាយប៉ាក ប៉ុណ្ណោះ។ លោក ចូណេសិន បន្ថែម​ទៀត​ថា អត្ថបទ​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​នោះ រៀបរាប់​យ៉ាង​ច្បាស់​អំពី​អង្គហេតុ​ពិត​ដែល​បញ្ជាក់​ថា អ្នក​រស់​នៅ​តំបន់​ស្វាយប៉ាក ភាគ​ច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ តំណាង​ទូរទស្សន៍ ស៊ី.អិន.អិន រូប​នេះ លើក​ឡើង​ថា ការ​យក​រឿង​ជាតិ​សាសន៍​របស់​ជនរងគ្រោះ​ទាំង​នោះ​មក​ធ្វើ​ជា​លេស​ក្នុង​ការ​ចោទ​ប្រកាន់​ទូរទស្សន៍ ស៊ី.អិន.អិន គឺ​ជា​ការ​យល់​ខុស និង​ផ្ទុយ​ពី​បំណង​ពិត​នៃ​ខ្លឹមសារ​ក្នុង​សេចក្ដី​រាយការណ៍​នោះ ដែល​ផ្ដោត​លើ​ជនរងគ្រោះ​ជា​កុមារី​នៅ​កម្ពុជា មិន​ចំពោះ​ថា​ពួកគាត់​ជា​ជនជាតិ​អ្វី​នោះ​ទេ តែ​ពួកគាត់​រស់​នៅ​លើ​ដី​ខ្មែរ។

ប៉ុន្តែ​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម និង​ជា​សមាជិក​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា  លោក​មេធាវី ហុង គឹមសួន យល់​ថា បើ​ស្ត្រី​រងគ្រោះ​នោះ​មិន​មែន​ជា​ស្ត្រី​ខ្មែរ​ទេ សារព័ត៌មាន​ត្រូវ​កែ​ខ្លឹមសារ​ដើម្បី​ការពារ​កិត្តិយស​ស្ត្រី​ខ្មែរ​ឡើង​វិញ ហើយ​បើ​ទោះ​ជា​អ្នក​ទាំង​នោះ​បាន​សញ្ជាតិ​ខ្មែរ​ក្ដី ក៏​ត្រូវ​បញ្ជាក់​ពី​ជនជាតិ​ដើម​ឲ្យ​បាន​ច្បាស់លាស់។

ទោះ​ជា​យ៉ាង​ណា នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ យល់​ស្រប​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្យានុភាព និង​កេរ្តិ៍​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន។ ប៉ុន្តែ​អ្នកស្រី​យល់​ថា ទោះ​ជនរងគ្រោះ​ជា​នរណា​ក៏ដោយ ជនជាតិ​ខ្មែរ ឬ​វៀតណាម​ក៏ដោយ ឲ្យ​តែ​កើត និង​រស់​នៅ​លើ​ទឹកដី​ខ្មែរ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​ស្រាវជ្រាវ​បន្ថែម ដោយ​មិន​ត្រូវ​ប្រញាប់​ប្រតិកម្ម​យ៉ាង​តក់ក្រហល់​ពេក​នោះ​ទេ។​

​តំណាង​អង្គការ​មេត្រី​អន្តរជាតិ ដែល​រង​ការ​គំរាម​បិទ​ទ្វារ និង​បណ្ដេញ​ចេញ គឺ​អ្នកស្រី ស្តេហ្វានី វ៉ាន់ថាសែល (Stephanie C. VanTassell)  ប្រាប់​អាស៊ីសេរី ក្រោយ​លោក ហ៊ុន សែន ព្រមាន​ថា អ្នកស្រី​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​សមស្រប​មួយ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles