Clik here to view.

សមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្ដែងការសោកស្ដាយដោយសារក្រុមប្រជាពលរដ្ឋបានវាយពលរដ្ឋមកពីខេត្តព្រៃវែង ពីរនាក់ បណ្ដាលឱ្យរងរបួសធ្ងន់។ បុរសទាំងពីរនាក់នោះ គឺត្រូវគេវាយដោយគ្រាន់តែជាមនុស្សចម្លែកចូលក្នុងភូមិ ហើយសង្ស័យថា ជាក្រុមមនុស្សចាប់ក្មេង ដូចពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
អធិការនគរបាលស្រុកបារាយណ៍ លោក សួន ថេន មានប្រសាសន៍នៅល្ងាចថ្ងៃទី២៩ កក្កដា ថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីវាយតប់បុរសទាំងពីរនាក់នោះ ដោយគ្រាន់តែជឿលើពាក្យបំផុសបំផុលប៉ុណ្ណោះ ខណៈក្រុមសមត្ថកិច្ចចុះអន្តរាគមន៍ដែរ ប៉ុន្តែពលរដ្ឋនៅតែមិនព្រមស្ដាប់។ លោកបញ្ជាក់ថា ហេតុការណ៍ដំបូងឡើយ គឺមានព្រះសង្ឃនៅវត្តគ្រើល ឃុំអណ្ដូងពោធិ៍ បានហៅទូរស័ព្ទប្រាប់សមត្ថកិច្ចថា ឃើញមនុស្សចម្លែកជិះម៉ូតូពីរនាក់មិនស្គាល់អត្តសញ្ញាណ ហើយសមត្ថកិច្ចបានចេញទៅជួបពួកគេ មិនទាន់នឹងបានសួរនាំផង ក៏ស្រាប់តែមានក្រុមពលរដ្ឋផ្អើលឈូឆរ ហើយវាយអ្នកទាំងពីរនាក់នោះតែម្ដង ដោយសង្ស័យថា ជាក្រុមចាប់ក្មេង។
ក្រុមពលរដ្ឋបានតាមវាយបុរសទាំងពីរនាក់ រហូតដល់ឃុំច្រនៀង ដោយមិនព្រមស្ដាប់សមត្ថកិច្ចឡើយ៖ «ខ្ញុំគ្រាន់តែមើលឃើញពីសកម្មភាពជាក់ស្ដែងក៏ដូចជាផ្លូវច្បាប់ដែរ។ យើងត្រូវរកឱ្យឃើញពីកំហុស ពីសកម្មភាព ហើយឥឡូវនេះ យើងមិនទាន់ឃើញអីផង គ្រាន់តែឃើញមនុស្សមិនស្គាល់»។
អធិការស្រុកដដែលមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបុរសទាំងពីរនាក់នោះបានទេ គ្រាន់តែបញ្ជាក់ថា ពួកគេមកពីខេត្តព្រៃវែង ពីព្រោះសមត្ថកិច្ចរវល់ជួយសង្គ្រោះជីវិតអ្នកទាំងពីរ ដោយបានបញ្ជូនពួកគេទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ហើយមិនត្រូវជឿលើពាក្យចចាមអារ៉ាមទេ ព្រោះបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ បន្ថែមពីនេះ ប្រសិនបើមានគ្រួសារ ឬជនរងគ្រោះពិតប្រាកដ សុំមេត្តាដាក់ប្ដឹងមកសមត្ថកិច្ចគ្រប់ពេលវេលា។ លោកនៅតែអះអាងមកទល់ពេលនេះ គ្មានករណីចាប់ក្មេងទេ ហើយគឺជារឿងមិនពិត ម្យ៉ាងគ្មានជនរងគ្រោះ និងមិនមានពលរដ្ឋណាម្នាក់មកប្ដឹងករណីបាត់ក្មេងដូចការបំផុសបំផុលដែរ៕