
ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវខាតបង់ទឹកប្រាក់រដ្ឋប្រមាណ ២០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយលើការជួសជុលផ្លូវឡើងវិញ។ រដ្ឋមន្ត្រីក្រសួងសាធារណការ បានអំពាវនាវជាថ្មីឲ្យម្ចាស់យានយន្ត ចូលរួមកុំដឹកជញ្ជូនលើសចំណុះ និងបំពានច្បាប់ ដើម្បីថែទាំផ្លូវ។ ចំណែកមន្ត្រីសង្គមស៊ីវិលយល់ថា ការអំពាវនាវមិនចប់មិនចេះហើយនេះ មិនមានប្រសិទ្ធភាពនោះទេ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ក្រៅពីការដឹកលើសទម្ងន់ គឺការស្ថាបនាផ្លូវគ្មានគុណភាព ដោយសារអំពើពុករលួយ និងការចាក់ដីខ្ពស់ជាងផ្លូវរបស់ពលរដ្ឋមួយចំនួន ធ្វើឲ្យមានទឹកដក់លើផ្លូវ ក៏ជាបញ្ហានាំឲ្យផ្លូវត្រូវរងភាពរេចរឹល និងខូចខាតផងដែរ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ សង្កេតឃើញថា មកដល់ពេលនេះពុំទាន់មានយន្តការណាថ្មី ដើម្បីដោះស្រាយបញ្ហាផ្លូវត្រូវរងការខូចខាតនៅឡើយទេ ក្រៅតែពីឮការអំពាវនាវជាបន្តបន្ទាប់។ លោកបន្ថែមថា ក្រសួងពាក់ព័ន្ធគួរតែបង្កើតក្រុមអធិការកិច្ចឯករាជ្យ ដើម្បីត្រួតពិនិត្យចំពោះមន្ត្រីដែលអនុវត្តផ្ទាល់ថែទាំផ្លូវថ្នល់៖ «»។
លោកបន្តថា រថយន្តធុនធ្ងន់ដែលអាចដឹកលើសទម្ងន់ នៅតែបើកលើដងផ្លូវនានានៅទីប្រជុំនៅពេលយប់ និងជាមន្ទិលសង្ស័យចំពោះជញ្ជីងថ្លឹងរថយន្ត ទាំងចល័ត និងដាក់ពង្រាយតាមផ្លូវជាតិមួយចំនួន ដែលហាក់បានប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យរថយន្តទាំងនោះ។
ការលើកឡើងពីមន្ត្រីសង្គមស៊ីវិលនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានចុះផ្សាយនៅថ្ងៃទី២៨ កក្កដា ដោយស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថា ក្នុងមួយឆ្នាំៗ រដ្ឋត្រូវចំណាយថវិកាប្រមាណ ២០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើការជួសជុលផ្លូវឡើងវិញ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវជាថ្មីទៅម្ចាស់យានយន្តទាំងអស់ មិនត្រូវដឹកលើសចំណុះខុសពីច្បាប់កំណត់ ដើម្បីកុំឲ្យផ្លូវឆាប់រេចរឹល និងខូចខាតតទៅទៀត។
កាលពីចុងខែតុលា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ធ្លាប់រិះគន់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ ដែលទទួលបានកម្ចីឥណទានពីរដ្ឋាភិបាលចិន ថាធ្វើឡើងខុសបច្ចេកទេស និងគ្មានគុណភាព បន្ទាប់មកលោកក៏បានបង្គាប់ឲ្យក្រុមហ៊ុនទទួលបន្ទុកធ្វើផ្លូវនេះ ត្រូវធ្វើការជួសជុលឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សន ជ័យ បញ្ជាក់ថា ដោយសារច្បាប់ និងយន្តការត្រួតពិនិត្យដំណើរការកសាងផ្លូវកន្លងទៅ នៅមានភាពខ្វះចន្លោះច្រើន បានជាធ្វើឲ្យក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ នៅតែអាចលួចកិបកេងគុណភាពផ្លូវ។ សង្គមស៊ីវិលរូបនេះចង់ឲ្យបង្ហាញព័ត៌មានជាសាធារណៈ អំពីកិច្ចសន្យាសាងសង់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីឲ្យពលរដ្ឋ និងអង្គការសង្គមស៊ីវិលអាចចូលរួមតាមដាន។ លើសពីនេះ ក៏គួរតែបើកចំហជាសាធារណៈចំពោះការប្រកួតប្រជែងដេញថ្លៃឲ្យបានប្រសើរជាងមុន ដើម្បីឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិសាងសង់អាចធ្វើការសាងសង់ផ្លូវកាន់តែមានគុណភាពជាងពេលបច្ចុប្បន្ននេះ៖ «»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ក៏បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គួរតែកំណត់ស្តង់ដារជាតិរួមមួយសម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា បើទោះជាជំនួយផ្លូវនោះទទួលបានពីប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក ក្ដី៕