Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល៖ ដើម្បី​ទប់ស្កាត់​ការ​លួច​ថត​សំឡេង​ត្រូវ​បង្កើត​ច្បាប់​ការពារ​សិទ្ធិ​ឯកជន

$
0
0

សព្វថ្ងៃ​ការ​បែក​ធ្លាយ​អំពី​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ យ៉ាង​ព្រោងព្រាត ថ្វី​បើ​ការ​និយាយ​គ្នា​ជា​ឯកជន​ដោយ​សម្ងាត់​ត្រូវ​គាំពារ​ដោយ​ច្បាប់​ក្ដី។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​រក្សា​ឲ្យ​បាន​ការ​បែក​ធ្លាយ​សារ​​សន្ទនា​ជា​លក្ខណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ គឺ​ចាំបាច់​ត្រូវ​ទាមទារ​បង្កើត​ច្បាប់​ការពារ​មួយ​ដាច់​ដោយ​ឡែក​ទើប​អាច​ធានា​ពី​ការ​សម្ងាត់​នេះ​បាន។

ជំហរ​របស់​ប្រធាន​គណៈកម្មាធិការ​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នេះ ស្រប​ពេល​សារ​បែក​ធ្លាយ​ពី​ការ​សន្ទនា ជា​ពិសេស​ការ​ឆ្លើយឆ្លង​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់ ត្រូវ​គេ​បញ្ចេញ​យ៉ាង​ព្រោងព្រាត ហើយ​ពុំ​មាន​ការ​ស៊ើប​អង្កេត​ពី​ស្ថាប័ន​ជំនាញ​របស់​ស្ថាប័ន​រដ្ឋ​ទេ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក កែម រ៉េមី ធ្វើ​ឡើង​ក្នុង​ពិធី​សន្និសីទ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន ដែល​រៀបចំ​ដោយ​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។

ផ្ដល់​បទសម្ភាសន៍​ក្រោយ​បញ្ចប់​សន្ទរកថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា លោក​ក៏​មាន​ការ​បារម្ភ​ដែរ​ចំពោះ​ការ​សន្ទនា​តាម​ទូរស័ព្ទ ដែល​មើល​ទៅ​ហាក់​លែង​មាន​សុវត្ថិភាព​ទៅ​ហើយ​នេះ។ ក៏ប៉ុន្តែ​បើ​ទោះ​ជា​បែប​ណា លោក កែម រ៉េមី អះអាង​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង លុះ​ត្រា​តែ​រួម​គ្នា​បង្កើត​ច្បាប់​មួយ​ជាពិសេស​ដាច់​ដោយ​ឡែក ដើម្បី​ធានា​ឲ្យ​ការ​គ្រប់គ្រង​ការ​លួច​ថត​សំឡេង​នេះ​លែង​កើត​មាន​តទៅ​ទៀត​បាន៖ «រឿង​ហ្នឹង​ទាល់​តែ​ស្នើ​ទៅ​រដ្ឋសភា ឬ​មាន​មតិ​ពី​សង្គម​ស៊ីវិល​គ្រប់​ជ្រុងជ្រោយ​ទាំងអស់។ ស្នើ​ទៅ​តំណាងរាស្ត្រ ស្នើ​ទៅ​សង្គម​ស៊ីវិល​ដែរ និង​ស្នើ​ទៅ​តំណាងរាស្ត្រ​ដែរ ដើម្បី​ពិចារណា​ក្នុង​ការ​ធ្វើ​ច្បាប់ Specific ឬ​ជា​លក្ខណៈ​ពិសេស​មួយ ទាក់ទង​រឿង​ដែល​លេច​សំឡេង​ហ្នឹង​តែម្ដង»

​ការ​បែក​ធ្លាយ​សារ​សន្ទនា​ដោយ​សម្ងាត់​ជា​ឯកជន​កន្លង​ទៅ​នេះ ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ឡើយ។ ផ្ទុយ​ពី​នេះ​វិញ រឿង​ការ​បែក​ធ្លាយ​ដែល​គេ​ចាត់​ទុក​ថា ជា​កិច្ចការ​សម្ងាត់​បំផុត​របស់​បុគ្គល​ម្នាក់ៗ​នេះ កំពុង​ពេញ​និយម និង​បង្កើត​ទៅ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​រអា​ទៅ​វិញ​សម្រាប់​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ។

ការ​បញ្ចេញ​សារ​ដែល​មើល​ទៅ​ទំនង​ជា​មិន​ខ្វល់​ពី​ក្រុម​អ្នក​ជំនាញ ផ្នែក​ព័ត៌មាន​វិទ្យា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ស្រប​ពេល​អ្នក​នយោបាយ​និយាយ​ស្ដាប់​គ្នា​លែង​បាន។ រឹត​តែ​ជា​បញ្ហា​ទៀត​នោះ នេះ​អាច​ជា​ការ​ចង់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ​តាម​វិធី​បញ្ចេញ​សំឡេង ដើម្បី​ធ្វើ​ឲ្យ​សាប​ឥទ្ធិពល ហើយ​ឈាន​ទៅ​បាត់បង់​ប្រជាប្រិយភាព​តែម្ដង។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) យល់​ឃើញ​ថា នេះ​ជា​របៀប​នៃ​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន ហើយ​គួរ​ត្រូវ​បាន​គេ​រក្សា​ការ​សម្ងាត់​រវាង​ដៃ​គូ​សន្ទនា។ អ្នកស្រី​បន្ត​ថា ក្នុង​ករណី​ការ​និយាយ​ដែល​ជា​ឯកជន​លែង​មាន​សុវត្ថិភាព​ទៅ​ហើយ​នេះ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង៖ «វា​ពិត​ជា​មាន​ការ​បារម្ភ​ធ្ងន់ធ្ងរ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ឯកជន​បាន​ចេញ​របាយការណ៍​ផ្តោត​សំខាន់​ទៅ​លើ​សិទ្ធិ​ឯកជន​ក្នុង​សម័យ​ឌីជីថល (Digital)។ ការ​បារម្ភ​ចំពោះ​បញ្ហា​នេះ មាន​ការ​កើន​ឡើង​ទៅ​លើ​មធ្យោបាយ​ទំនាក់ទំនង​គ្នា ហើយ​ខ្ញុំ​គិត​ថា វា​ជា​អ្វី​ដែល​កម្ពុជា គួរ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​មិន​ថា សម្រាប់​តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ប៉ុណ្ណោះ​ទេ។ តែ​ទាំង​អ្នក​បច្ចេកទេស​ផង ត្រូវ​ពិនិត្យ​មើល​ថា តើ​ការ​បែក​ធ្លាយ​សារ​ចេញ​មក​ពី​ណា ម៉េច​ក៏​បណ្តោយ​អោយ​កើត​មាន​បញ្ហា​នេះ ត្រូវ​ស្វែង​រក​ឲ្យ​បាន​ហ្មត់ចត់»

ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​ជា​លក្ខណៈ​ឯកជន​នេះ លោក ហ៊ុន សែន ធ្លាប់​សរសើរ​ពី​ការ​លួច​ថត​សំឡេង​របស់​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ​ថា សីហា ដែល​អាច​យក​សំឡេង​លោក ទាក់ទង​ជាមួយ​លោក កឹម សុខា បាន។ លោក​នាយករដ្ឋមន្ត្រី មិន​បាន​ប្ដឹងផ្ដល់​អ្នក​លួច​ថត​សំឡេង​របស់​លោក​ទេ ផ្ទុយ​ទៅ​វិញ លោក​បន្ត​នៅ​ស្ងៀម ហើយ​បាន​អះអាង​ថា ការ​លួច​ថត​បែប​នេះ​មាន​តែ​ប្រទេស​ជឿនលឿន​ប៉ុណ្ណោះ ទើប​អាច​មាន​លទ្ធភាព​ធ្វើ​ទៅ​បាន។

ទោះ​យ៉ាង​ណា នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ដែល​រៀបចំ​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស មាន​វាគ្មិន​ដែល​ចូលរួម​មក​ពី​ដៃ0គូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល សហគមន៍ ភ្នាក់ងារ​នយោបាយ និង​រដ្ឋាភិបាល​ផង បាន​ជជែក​គ្នា​យ៉ាង​ផុលផុស​ជុំវិញ​ប្រធាន​បទ​ខុសៗ​គ្នា។

របៀបវារៈ​ដែល​មុត​ស្រួច​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ ទាក់ទង​ទៅ​នឹង​ភាព​ទន់ជ្រាយ​នៃ​តុលាការ ការ​បោះឆ្នោត អំពើ​ពុករលួយ និង​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ និង​បញ្ចេញ​មតិ ជាពិសេស​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​គេ​រក​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles