Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​កំពុង​ពិចារណា​លើ​ពាក្យស្លោក​ "ដក​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ"

$
0
0

សមាជិក គ.ជ.ប ថ្លែង​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ គ.ជ.ប កំពុង​ពិចារណា​លើ​ពាក្យ​ស្លោក "ដក​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​ពាក្យ​ស្លោក​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ប្ដឹង​ទាមទារ​ប្ដូរ​ពាក្យ​ស្លោក​នេះ​ចេញ​ជា​បន្ទាន់​នោះ។ ចំណែក​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ។

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក មាន សទិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ប្រើ​ពាក្យ​ស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ "ដក​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" គ.ជ.ប មិន​ទាន់​មាន​ចំណាត់​ការ​យ៉ាង​ណា​នោះ​ទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​កាល​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ។ ទោះ​យ៉ាង​ណា​នេះ​ក្តី លោក​ថា នៅ​ពេល​នេះ កំពុង​ពិចារណា​រក​វិធី​ដោះស្រាយ​ដើម្បី​ឲ្យ​ដឹង​ថា ពាក្យ​ស្លោក​ត្រឹមត្រូវ​តាម​ច្បាប់ ឬ​ខុស​មាត្រា​នៃ​ច្បាប់៖ «អ៊ីចឹង​ថា ពេល​នេះ គ.ជ.ប គ្រាន់​តែ​បាន​ព័ត៌មាន​ហ្នឹង ហើយ​ក៏​ពិចារណា និង​គិត​ថា ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នៅ​ពេល​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា (បោះ​ឆ្នោត)»

ការ​ថ្លែង​បែប​នេះ​របស់​មន្ត្រី គ.ជ.ប ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បាន​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​ការ​បិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នៅ​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​ថា គ.ឃ.ស.ប និង​ការ​ប្ដឹង​ជំទាស់​នឹង​បញ្ជី​បេក្ខជន​ដំបូង ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មីនា។

យុវជន​ម្នាក់​ដែល​អះអាង​ថា ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ចាន់ សុខសាន្ត ចេញ​មុខ​ការពារ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ពាក្យ​ស្លោក "ដក​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ"។ ជាង​ទៅ​ទៀត យុវជន​រូប​នេះ​ព្រមាន​អាស៊ីសេរី ចំពោះ​ការ​លើក​ឡើង​ទាក់ទង​នឹង​រឿង​នេះ៖ «គណបក្ស​ដឹក​នាំ​ប្រទេស​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ទោះ​បី​ថា ពាក្យ​នោះ​ប៉ះពាល់ មិន​ប៉ះពាល់​ក៏ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ចេញ​សេចក្ដី​ថ្លែង​ការពារ ឬ​ទប់ស្កាត់ និយាយ​បែប​នេះ​មិន​មែន​ចោទ​ប្រកាន់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ម៉េច​ទេ និយាយ​ឲ្យ​ចំ​គឺ​វិទ្យុ​អាស៊ីសេរី កុំ​ឲ្យ​លើក​បញ្ហា​អ្វី​មួយ​ដែល​ប៉ះពាល់»

ពាក្យ​ថា "ដក​មេឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ" គណបក្ស​ប្រឆាំង​មិន​មែន​ទើបតែ​ប្រើ​ក្នុង​ពេល​ថ្មី​នេះ​ទេ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​ប្រតិកម្ម​នឹង​ពាក្យស្លោក​នេះ កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​វិសាមញ្ញ​មួយ​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ដែល​លា​ឈប់។ នៅ​ក្នុង​សមាជ​នោះ គណបក្ស​សង្គ្រោះ​ជាតិ លើក​បដា​ពាក្យ​ស្លោក​នេះ​ធំៗ និង​ស្រែក​ស្រុះៗ​គ្នា​ថា "ដក​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ"។ ពាក្យ​ស្លោក​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ព្រមាន​ប្ដឹង​ផង ចេញ​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ប្ដូរ​ចេញ​ផង ហើយ​មេ​ឃុំ ឬ​ចៅសង្កាត់​មួយ​ចំនួន​នៃ​គណបក្ស​នេះ ក៏​ចេញ​មុខ​ថ្កោលទោស និង​បដិសេធ​ដាច់អហង្ការ​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​ប្រើ​ពាក្យ​មេ​ឃុំ​បម្រើ​បក្ស។

ទាក់ទង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុធារី ឲ្យ​ដឹង​ថា អ្នកស្រី​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​គណបក្ស​អំពី​ផែនការ​ថា នឹង​ប្ដូរ​ពាក្យ​ស្លោក​ចេញ​នៅ​ឡើយ​ទេ ហើយ​គណបក្ស​ក៏​មិន​ទាន់​មាន​គម្រោង​ត​ទល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ផ្លូវ​ច្បាប់​លើ​រឿង​នេះ​ដែរ។ អ្នកស្រី​បន្ត​ថា មាន​តែ​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ទេ មាន​សិទ្ធិ​សម្រេច៖ «ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេ​ឃុំ​បម្រើ​រាស្ត្រ​ហ្នឹង មិន​មាន​រូបភាព​អ្វី​ដែល​ញុះញង់​នោះ​ទេ ព្រោះ​យើង​មិន​សំដៅ​ដល់​មេ​ឃុំ​ដែល​គាត់​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​នោះ​ទេ»

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា បាន​ចាត់​ទុក​ខ្លឹមសារ "ដូរ​មេ​ឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ" របស់​បក្ស​ប្រឆាំង​ថា មាន​ចរិត​ញុះញង់ បង្ក​ហេតុ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស។ ដូច​គ្នា​ដែរ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី គឺ​លោក សាយ ឈុំ ដែល​លោក​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ហត្ថលេខា​ឲ្យ​ប្រើប្រាស់។ ច្បាប់​ថ្មី​នេះ ត្រង់​មាត្រា ៤៤​ថ្មី ចែង​ថា តុលាការ​អាច​រំលាយ​គណបក្ស​នយោបាយ​បាន បើសិនជា​គណបក្ស​នោះ​ប្រព្រឹត្ត​អំពើ​អបគមន៍ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​បង្កើត​កងកម្លាំង​ប្រដាប់អាវុធ និង​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែក​បាក់​ជាតិ។

​ចំណែក​ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ពិនិត្យ​មើល​នីតិវិធី​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប៉ុន្តែ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ឃើញ​ថា ពាក្យ​ស្លោក​នេះ បើ​តាម​ផ្លូវ​ច្បាប់​ដូចជា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ជា​រឿង​ធម្មតា​សម្រាប់​ការ​ឃោសនា​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles