ប្រជាពលរដ្ឋនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត ១០គ្រួសារ នាំគ្នារកកិច្ចអន្តរាគមន៍ពីសមាគមអាដហុក (ADHOC) ធ្វើយ៉ាងណាជួយនាំកូនៗរបស់ខ្លួនដែលកំពុងជាប់ឃុំនៅប្រទេសម៉ាឡេស៊ី ត្រឡប់មកស្រុកកំណើតវិញ។ ការស្នើនេះ បន្ទាប់ពីពលរដ្ឋទាំងនោះទទួលបានព័ត៌មានពីមេខ្យល់នៅប្រទេសម៉ាឡេស៊ី ថាកូនៗរបស់ពួកគាត់ជាង ១០នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ឃុំខ្លួនកាលពីពេលថ្មីៗនេះ។
ប្រជាពលរដ្ឋនៅឃុំសេដា ចាប់ផ្ដើមព្រួយបារម្ភពីស្ថានភាពកូនៗរបស់ពួកគេ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ ហើយត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃុំខ្លួន។ លើសពីនេះ ពួកគេស្នើឱ្យសមាគមអាដហុក និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ករណីនេះ ព្រមទាំងស្នើឱ្យពលរដ្ឋខ្មែរផ្សេងទៀតប្រុងប្រយ័ត្នក្នុងការចំណាកស្រុក ពិសេសចំណាកស្រុកដោយខុសច្បាប់។
ពលរដ្ឋនៅឃុំសេដា មួយរូប លោកស្រី ភោគ ធាវុធ មានប្រសាសន៍ថា កូនប្រុសរបស់លោកស្រីពីរនាក់ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីខែមិថុនា ឆ្នាំ២០១៦ នៅផ្សារលក់បន្លែផ្លែឈើមួយកន្លែង ក្រោយមកបានប្ដូរទៅធ្វើការងារជាកម្មករចម្ការកៅស៊ូវិញ។ នៅពេលធ្វើជាកម្មករចម្ការកៅស៊ូបានមួយរយៈពេល មេខ្យល់នៅប្រទេសម៉ាឡេស៊ី ប្រាប់លោកស្រីថា កូនគាត់ពីរនាក់ និងមនុស្ស ២នាក់ទៀត ចៀរជ័រកៅស៊ូចូលចម្ការថៅកែផ្សេង ហើយគេប្ដឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ ចំណែក ១០នាក់ទៀត គឺអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួន ខណៈពួកគេធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា ដោយខុសច្បាប់៖ «យើងជំពាក់ធនាគារ ហេតុតែក្រីក្រ ហើយមេខ្យល់គេថា បានប្រាក់ខែច្រើន»។
ប្រជាពលរដ្ឋមួយរូបទៀត លោកស្រី សន ថន មានប្រសាសន៍ថា ដោយសារជំពាក់បំណុលគេទើបកូនៗ និងចៅលោកស្រីសុខចិត្តទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយប្រថុយប្រថាន។ លោកស្រីបន្តថា ក្នុងចំណោមកូន និងចៅរបស់គាត់ចំនួន ៥នាក់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺមានពីរនាក់ជាប់ឃុំ និង ៣នាក់ទៀត មិនទាន់មានបញ្ហាទេ៖ «អត់ចង់ទេលោកគ្រូអើយ! គឺចង់ទៅកន្លែងណាដែលមានសុវត្ថិភាព ដល់កន្លែងអត់មានអ៊ីចឹងទៅខក»។
ពលរដ្ឋអះអាងថា ពលករកំពុងជាប់ឃុំនៅប្រទេសម៉ាឡេស៊ី មានចំនួន ១៤នាក់ ក្នុងនោះមានស្រីម្នាក់។ ពលករ ៤នាក់ ត្រូវបានអាជ្ញាធរឃុំខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ និង ១០នាក់ទៀត ឃុំខ្លួនកាលពីថ្ងៃទី៤ មីនា ហើយសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តត្បូងឃ្មុំ ទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះជាផ្លូវការចំនួន ៧គ្រួសារ ដែលស្មើអ្នកជាប់ឃុំចំនួន ១០នាក់ ដោយឡែកគ្រួសារអ្នកជាប់ឃុំផ្សេងទៀតមិនទាន់ដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក ទេ។
កាលពីពេលកន្លងមក អភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ បញ្ជាក់ថា អាជ្ញាធរស្រុកតែងអប់រំណែនាំពលរដ្ឋមិនឱ្យចំណាកស្រុកដោយប្រថុយប្រថាន ឬខុសច្បាប់ទេ ម្យ៉ាងមិនត្រូវចាញ់បោកមេខ្យល់ឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ករណីនេះខាងលោកនឹងប្រមូលព័ត៌មានបន្ថែមទៀត ហើយនឹងបញ្ជូនពាក្យបណ្ដឹងរបស់ពលរដ្ឋមកទីស្នាក់ការកណ្ដាលរបស់ខ្លួនដើម្បីអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋដើម្បីជួយអ្នកជាប់ឃុំទាំងនោះ៖ «ដូចជាក្រសួងការបរទេស ដូចជាឯកអគ្គរាជទូតនៅប្រទេសដែលទទួល ហើយនិងក្រសួងកិច្ចការនារីដើម្បីជួយដល់ពួកគាត់»។
លោក នាង សុវ៉ាត មើលឃើញថា មានកត្តាមួយចំនួនដែលជំរុញឱ្យពលរដ្ឋទៅរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាន រួមមានកត្តាជីវភាពក្រីក្រ ជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ផលិតផលកសិកម្មមានតម្លៃថោក ឬគ្មានទីផ្សារ។ លើសពីនេះ កង្វះព័ត៌មាន និងចំណេះដឹង ដែលធ្វើឱ្យអ្នកភូមិឆាប់ជឿគេ រួមផ្សំនឹងការផ្សព្វផ្សាយព័ត៌មានទៅធ្វើការងារនៅក្រៅប្រទេសមួយចំនួនមានលក្ខណៈបោកប្រាស់ជាដើម៕