Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក គឹម សុខ ថា​គេ​ចង់​ឲ្យ​លោក​ធ្វើ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​បក្ស​កាន់​អំណាច

$
0
0

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា មក​សាកសួរ​បន្ថែម​ទាក់ទង​ក្រោម​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី។ ប៉ុន្តែ​លោក​បាន​អះអាង​ថា តុលាការ​មិន​បាន​សាកសួរ​អ្វី​ដល់​លោក​ទេ ដោយសារ​តែ​មេធាវី​របស់​លោក​សុំ​ពន្យារ​ពេល។

មុន​ឡើង​រថយន្ត​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​វិញ លោក គឹម សុខ បាន​ថ្លែង​ដោយ​ខ្លី​ថា មាន​ការ​បង្ខិតបង្ខំ​ឲ្យ​លោក​ធ្វើ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជំនាន់​ថ្មី បើ​សិន​ជា​លោក​ចង់​បាន​ការ​ដោះលែង។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ បាន​អះអាង​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​រឹត​បន្តឹង​ពី​កង​សន្តិសុខ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​នោះ​ថា តុលាការ​មិន​បាន​សាកសួរ​អ្វី​ដល់​លោក​ទេ ដោយសារ​តែ​មេធាវី​របស់​លោក​សុំ​ពន្យារ​ពេល។ ប៉ុន្តែ​លោក​ឆ្លៀត​និយាយ​យ៉ាង​តក់ក្រហល់​ថា មាន​អ្នក​ដាក់​លក្ខខណ្ឌ​អោយ​លោក​ជា​ថ្នូរ​នឹង​ការ​ដោះលែង៖ «តុលាការ​អត់​មាន​សួរ​អី​ខ្ញុំ​ទេ! គេ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជំនាន់​ថ្មី បើ​សិន​ជា​ខ្ញុំ​ចង់​បាន​ការ​ដោះលែង»

បើ​ទោះ​ជា​យ៉ាង​ណា លោក គឹម សុខ ពុំ​មាន​ពេល​វេលា​និយាយ​អោយ​បាន​ច្បាស់​លាស់​ថា អ្នក​ណា​ជា​អ្នក​ដាក់​លក្ខខណ្ឌ​ ហើយ​មូលហេតុ​អ្វី​ទើប​គេ​ត្រូវ​ការ​រូប​លោក​នោះ​ឡើយ ដ្បិត​លោក​ត្រូវ​កង​សន្តិសុខ​បង្ខំ​បញ្ជូន​ចេញ​ពី​តុលាការ​ភ្លាមៗ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់។ ជាក់ស្ដែង​ការ​តស៊ូ និង​កាន់កាប់​អំណាច​ជិត ៤០​ឆ្នាំ​មក​នេះ ពុំ​មាន​វត្តមាន​លោក គឹម សុខ ចូលរួម​ចំណែក​នោះ​ទេ៖ «វា​គ្រាន់​តែ​ជា​មោទនភាព​បុគ្គល​គាត់​តែ​ប៉ុណ្ណោះ​ទេ តើ​គាត់​មាន​សារសំខាន់​អី​ទៅ? គណបក្ស​ប្រជាជន ខ្ញុំ​យល់​ថា មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ហើយ​មិន​បាច់​ទៅ​ពឹង​ពាក់​អី​លោក គឹម សុខ ទេ។ ពី​ដើម​មក​យើង​ធ្វើ​តាំង​ពី​១៩៧៩ រហូត​មក​ដល់​ថ្ងៃ​នេះ មាន​ដែល​មាន​មុខ គឹម សុខ ឯ​ណា​នៅ​ក្នុង​ការងារ​របស់​គណបក្ស វា​អត់​ទេ! (សើច...)»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា គឺ​ពេល​ដែល​​​លោក គឹម សុខ ត្រូវ​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍​ចូល​រួម​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ លោក​បាន​អះអាង​ស្រដៀង​គ្នា​ម្ដង​រួច​មក​ហើយ ដោយ​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ឈប់​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក​នៅ​ក្នុង​ពន្ធនាគារ និង​គំរាម​ដាក់​លោក​​ក្នុង​គុក​ងងឹត ដោយ​ឲ្យ​លោក​សរសេរ​លិខិត​សុំ​ទោស​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ។

មេធាវី​ការពារ​ក្ដី​របស់​លោក គឹម សុខ គឺ​លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ថា លោក​មិន​បាន​ចូលរួម​ស្ដាប់​ការ​សាកសួរ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ទេ ដោយ​លោក​បាន​ដាក់​ពាក្យ​ពន្យារ​ពេល​ការ​សួរ​ចម្លើយ ព្រោះ​តែ​លោក​ជាប់​រវល់ ប៉ុន្តែ​តុលាការ​នៅ​តែ​បញ្ជូន​កូន​ក្ដី​របស់​លោក​មក។ លោក​មេធាវី​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើប និង​ដំណាក់កាល​អយ្យការ លោក គឹម សុខ មិន​ទាន់​បាន​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​អង្គហេតុ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ពឹង​មេធាវី។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា បាន​កោះ​ហៅ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដើម្បី​សាកសួរ​បន្ថែម​ទាក់ទង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី។

លោក គឹម សុខ ត្រូវ​​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​ដែល​មាន​លោក​មេធាវី គី តិច ជា​តំណាង ក៏​បាន​ប្ដឹង​លោក គឹម សុខ មួយ​ករណី​ទៀត​ដែរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដោយ​ចោទ​លោក គឹម សុខ ថា​បរិហារកេរ្តិ៍​រដ្ឋាភិបាល ថា​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស។ បណ្ដឹង​លើក​ទី​២​នេះ លោក ហ៊ុន សែន ទាមទារ​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ បិទ​បញ្ចប់​សវនាការ​អសាធារណៈ ដោយ​ច្រាន​ចោល​បណ្ដឹង​របស់​លោក​មេធាវី ជូង ជូងី ដែល​ស្នើ​សុំ​ឲ្យ​លោក គឹម សុខ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ជុំវិញ​ការ​ស្នើ​សុំ​ឲ្យ​លោក គឹម សុខ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ មេធាវី​របស់​លោក គឹម សុខ គ្រោង​នឹង​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles